យុទ្ធសាស្រ្ដទម្លាក់ហាងឆេងរូបិយប័ណ្ណពិតជាអាចធ្វើប្រទេសរីកចម្រើនមែនឬ?​



សង្រ្គាមរូបិយប័ណ្ណកើតឡើងដោយធនាគារកណ្ដាលរបស់ប្រទេសមួយ មានចេតនាប្រើប្រាស់គោលនយោបាយពង្រីកនូវរូបិយប័ណ្ឌរបស់ខ្លួនដោយទម្លាក់តម្លៃអត្រារូបិយប័ណ្ណរបស់ជាតិសាសន៍ខ្លួនឯង។ នៅពេលដែលតម្លៃនៃអត្រារូបិយប័ណ្ណមួយធ្លាក់ចុះធ្វើអត្រាអតិផរណា​កើន​ឡើងខ្លាំងទៅតាម ឬគេហៅថាលុយហើម។ វាជាយុទ្ធសាស្រ្ដមួយហៅថាយុទ្ធសាស្រ្ដទម្លាក់ហាងឆេងលុយ ឬរូបិយប័ណ្ណ។

ទោះបីជាមានពាក្យថាសង្រ្គាមក៏ដោយចុះមិនមានន័យសុទ្ធមិនល្អទាំងស្រុងនោះទេ សម្រាប់សង្គ្រាមរូបិយប័ណ្ណទោះជាមានពាក្យសង្គ្រាមក៏ដោយ តែសង្គ្រាមនេះក៏ហុចប្រយោជន៍ខ្លះដែរ។

អត្ថប្រយោជន៍ទទួលបានពីសង្រ្គាមរូបិយប័ណ្ណ

អត្ថប្រយោជន៍ធំបំផុតដែលទទួលបានគឺ តម្លៃនៃការនាំចេញទំនិញទៅក្រៅប្រទេសមានតម្លៃទាប ថែមទាំងនាំចេញបានច្រើនទៀតផង។ ព្រោះឈ្មួញកណ្ដាលគិតថាជាឱកាសទទួលបានផលចំនេញ ច្រើនមិនសូវចំនាយទៅលើការដឹកជញ្ជូនច្រើន។ មួយវិញទៀត ពេលដែលអត្រារូបិយប័ណ្ណធ្លាក់ចុះ ថ្លៃដើមនៃទំនិញក៏ធ្លាក់ចុះផងដែលជួយជំរុញដល់តម្រូវការបរទេសច្រើន។

ជាមួយគ្នានេះផងដែរ វាក៏ជួយកាត់បន្ថយភាពអត់ការងារធ្វើនៅក្នុងប្រទេសផងដែរ ដោយសារតម្រូវការនៃការផលិតទំនិញច្រើន ដូចនេះហើយកម្លាំងពលកម្មក៏ត្រូវការច្រើនតាមនោះផងដែរ។ យុទ្ធសាស្រ្ដទម្លាក់ហាងឆេងរូបិយប័ណ្ណមួយនេះត្រូវគេប្រើប្រាស់ជាច្រើនប្រទេសនៅកំឡុងពេលឆ្នាំ ១៩៣០ រដ្ឋាភិបាលនៃប្រទេសទាំងនោះប្រើប្រាស់យុទ្ធសាស្រ្ដមួយនេះគឺដើម្បីទប់ស្កាត់នូវភាពអត់ការងារធ្វើ។

វិបត្ដិកើតឡើងពីសង្គ្រាមរូបិយប័ណ្ណ

អ្វីក៏ដោយឲ្យមានគុណសម្បត្តិនិងគុណវិបត្ដិ។ ការទម្លាក់ចុះអត្រារូបិយប័ណ្ណវាធ្វើមានផលប៉ះពាល់ខ្លាំងទៅដល់សេដ្ឋកិច្ចរបស់ប្រទេសជាតិនីមួយៗដូចគ្នា។​ ដោយខាងលើយើងបាននិយាយថា​ពេលហាងឆេងរូបិយប័ណ្ណធ្លាក់ចុះធ្វើថ្លៃដើមនៃទំនិញនាំចេញទៅក្រៅប្រទេសថោក ហើយការនាំចេញទៅក្រៅនឹងកើនឡើង។

ចំពោះចំនុចនេះវិញបើសិនប្រទេសនេះនាំទំនិញចូលមកស្រុកពួកគេវិញ ​ថ្លៃដើមនៃទំនិញគឺថ្លៃ ថ្លៃនាំចូលថ្លៃ ។ វាធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែនចំពោះប្រទេសដែលមានធនធានធម្មជាតិតិច ដូចជាប្រទេសជប៉ុនជាដើម។​ ការចំនាយទៅលើតម្លៃនាំចូលថ្លៃ ធ្វើឲ្យម្ចាស់អាជីវកម្មមួយចំនួនពិបាកនឹងទទួលបានផលចំនេញច្រើន ។ លើសពីនេះទៅទៀតវាមានលំបាកខ្លាំងនៅពេលដែលប្រទេសមួយកំពុងជួបប្រទះនូវបញ្ហាហាងឆេងរូបិយប័ណ្ណ ហើយទៅខ្ចីលុយពីធនាគារអន្ដជាតិ ការប្រាក់នៃទឹកប្រាក់ដែលបានខ្ចីគឺមានស្ថានភាពខ្ពស់ឬថ្លៃជាង ប្រទេសដែលមានសេដ្ឋកិច្ចធម្មតា។

ជារួមមកវិញសង្គ្រាមរូបិយប័ណ្ណ ត្រូវបានស្គាល់ថាប្រភេទសង្គ្រាមទម្លាក់ហាងឆេងលុយ។ ​វាអាចកើតឡើងនៅក្នុងប្រទេសមួយដែលចង់ពង្រីកទំហំនាំចេញក្នុងស្រុករបស់ខ្លួនឲ្យធំជាងមុន៕

ដោយ៖ ច័ន្ទលាភ

X
5s