សង្គ្រាមពាណិជ្ជកម្មមិនទាន់ចប់ផង ស្រាប់តែអាមេរិកបញ្ជូននាវាចម្បាំងទៅក្បែរតំបន់សមុទ្រចិនកាន់កាប់​



ទីស្នាក់ការយោធារបស់អាមេរិកបាននិយាយថានាវាយោធាមួយរបស់ខ្លួនបានធ្វើដំណើរឆ្លងកាត់ក្បែរតំបន់សមុទ្រ Scarborough Shoal ដែលប្រទេសចិនបានឈ្លានពានយកត្រួតត្រាក្នុងតំបន់សមុទ្រចិនខាងត្បូង (South China Sea) ។ ប្រទេសអាមេរិកក៍បានបកស្រាយផងដែរថាទង្វើនេះអាចនឹងធ្វើឲ្យទីក្រុងប៉េកាំងខឹងសម្បារផងដែរដោយសារតែបច្ចុប្បន្ននេះប្រទេសទាំងពីរកំពុងតែឈរនៅលើសមរភូមិសង្គ្រាមពាណិជ្ជកម្មទល់មុខគ្នា។

រូបតំណាង

តំបន់ផ្លូវទឹកនេះដែលមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងការឆ្លងកាត់ដោយនាវាដឹកទំនិញនិងនាវាយោធាផ្សេងៗគឺកំពុងតែក្លាយជាតំបន់ដែលបានបង្កដើមហេតុរឿងរ៉ាវជម្លោះមួយចំនួនរវាងអាមេរិកនិងប្រទេសចិនមានដូចជាសង្គ្រាមពាណិជ្ជកម្ម ការតម្លើងពន្ធរបស់អាមេរិកលើទំនិញចិន និងរឿងជម្លោះនៃប្រទេសតៃវ៉ាន់។

កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ចិនបានសម្ញែងយុទ្ធសាស្ត្រថ្មីតបតទៅនឹងទង្វើរបស់ប្រទេសអាមេរិកដែលបានដាក់គំនាបតម្លើងពន្ធលើទំនិញនាំចូលរបស់ប្រទេសចិនទៅក្នុងប្រទេសអាមេរិកក្នុងសង្គ្រាមពាណិជ្ជកម្មនេះ។ ការវាយបកលើទង្វើទីក្រុងវ៉ាស៊ីនតោននេះគឺកំពុងតែបង្ហាញពីកំហឹងរបស់ប្រទេសចិនដែលចង់សងសឹកជាមួយនឹងការតម្លើងពន្ធរបស់អាមេរិកលើទំនិញចិនរហូតដល់ទៅ ២៥ ភាគរយដែលទំនិញនោះមានតម្លៃសរុបជាង ២០០ ពាន់លានដុល្លារអាមេរិកដែលធ្វើឲ្យទីក្រុងប៉េកាំងមានការក្ដៅក្រហាយជាខ្លាំងហើយក៍សម្រេចចិត្តតម្លើងពន្ធលើទំនិញអាមេរិកដែលមានតម្លៃ ៦០ ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែប្រទេសចិនមិនបានបញ្ជាក់ឲ្យដឹងច្បាស់ទេថាអត្រាពន្ធភាគរយប៉ុន្មានដែលខ្លូនដាក់លើទំនិញអាមេរិក។

រូបតំណាង

យោងតាមបណ្ដាញព័ត៌មាន Reuters បានឲ្យដឹងថានាវាយោធាចម្បាំងអាមេរិក Preble មួយនេះបានដឹកនាំផែនការឆ្លងកាត់ក្បែរតំបន់សមុទ្រ Scarborough Shoal ក្នុងចម្ងាយ ២២ គីឡូម៉ែត្រជាងពីតំបន់នេះ។ គោលបំណងនៃផែនការនេះគឺប្រទេសអាមេរិកចង់យល់ដឹងពីស្ថានភាពនៃសិទ្ធិសេរីភាពក្នុងការធ្វើដំណើរតាមផ្លូវទឹកក្នុងតំបន់នេះដែលកំពុងតែគ្រប់គ្រងដោយអន្តរជាតិព្រោះគ្រប់ប្រទេសទាំងអស់គឺសុទ្ធតែមានសិទ្ធិឆ្លងកាត់តំបន់នេះ។ បើសិនជាប្រទេសចិនមានប្រតិកម្មឬសកម្មភាពណាមួយក្នុងការរារាំងមិនឲ្យនាវាអាមេរិកចូលក្បែរតំបន់នេះគឺច្បាស់ជាមានវិធានការចែងពីថ្នាក់អន្តរជាតិចាត់ការលើទង្វើទីក្រុងប៉េកាំងនេះជាក់ជាមិនខាន។ ផែនការនៃការបញ្ជូននាវាយោធាទៅក្នុងតំបន់់នេះគឺធ្លាប់បានកើតឡើងម្ដងរួចមកហើយកាលពីខែមុននេះ។ ហើយសកម្មភាពរបស់អាមេរិកនេះបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អន្តរជាតិជាខ្លាំងជាពិសេសគឺក្រសែភ្នែករបស់ទីក្រុងប៉េកាំងដែលកំពុងតែមានទំនាក់ទំនងមិនល្អជាមួយទីក្រុងវ៉ាស៊ីនតុននេះ។

ទោះជាយ៉ាងណាក្ដី ប្រទេសអាមេរិកគឺជាប្រទេសមួយដែលមានអំណាចយោធាទាំងផ្លូវទឹកនិងជើងគោក ប៉ុន្តែនាវាយោធារបស់ខ្លួនដែលដឹកនាំផែនការឆ្លងកាត់តំបន់ជាច្រើនជុំវិញពិភពលោកគឺមិនមានគោលបំណងពាក់ព័ន្ធជាមួយនឹងគោលបំណងនយោបាយណាមួយឡើយ។

ផែនការថ្មីមួយនេះគឺទីក្រុងវ៉ាស៊ីនតោនចង់សាកល្បងចិត្តជាមួយនឹងទីក្រុងប៉េកាំងដែលព្យាយាមបិទសិទ្ធិនៃការធ្វើដំណើរតាមផ្លូវទឹកក្នុងតំបន់សមុទ្រនេះដែលកំពុងតែមានវត្តមាននៃទ័ពជើងទឹករបស់ប្រទេសជប៉ុននិងសមាជិកប្រទេសអាស៊ានផ្សេងៗទៀតដែរ។ ប៉ុន្តែប្រទេសចិនបានឈ្លានពានយកតំបន់មួយភាគធំក្នុងតំបន់សមុទ្រចិនខាងត្បូងនេះមកកាន់កាប់ហើយជារឿយៗ ប្រទេសចិនបានធ្វើការបិទសិទ្ធនិងរារាំងផែនការរបស់អាមេរិកនិងប្រទេសសម្ព័ន្ធមិត្តអាមេរិកដែលឈានជើងចូលទៅក្បែរនិងក្នុងតំបន់សមុទ្រនេះ។ ប៉ុន្តែតំបន់នេះក៍មានប្រទេសមួយចំនួនផ្សេងដែលរួមមានប្រទេសហ្វីលីពីន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី តៃវ៉ាន និងវៀតណាមដែលបានទាមទាយកតំបន់នេះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។

រីឯប្រទេសចិននិងអាមេរិកធ្លាប់បានបោះពាក្យសម្ដីឌឺដងគ្នាពីមុនកន្លងមកដោយទីក្រុងវ៉ាស៊ីនតុនបាននិយាយថាប្រទេសចិនព្យាយាមពង្រីកអំណាចយោធារបស់ខ្លួនក្នុងតំបន់សមុទ្រនេះដោយបានកសាងកោះសិប្បនិម្មិតនិងកសាងទីស្នាក់ការយោធាលើកោះនេះ។ ប៉ុន្តែទីក្រុងប៉េកាំងបានធ្វើការវាយបកសម្ដីថាការសាងសង់របស់ខ្លួនក្នុងតំបន់នេះគឺក្នុងគោលបំណងរក្សាសន្តិភាពចាំបាច់សម្រាប់ប្រទេសខ្លួនហើយបានចោទប្រកាន់ប្រទេសអាមេរិកថាជាមេបង្កភាពចលាចលនិងរឿងជម្លោះទាំងឡាយដែលកំពុងតែកើតឡើងក្នុងតំបន់នេះដោយបានបញ្ជូននាវានិងយន្ដហោះចម្បាំងទៅក្បែកោះដែលប្រទេសចិនបានយកមកកាន់កាប់៕

ដោយ៖ នឿន វណ្ណៈ

X
5s