វៀតណាមកំពុងតែធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួនទៅកាន់ប្រទេសចិន​



រដ្ឋបាលជាតិទេសចរណ៍វៀតណាមកំពុងតែធ្វើការផ្សព្វផ្សាយវិស័យទេសចរណ៍របស់ខ្លួនក្នុងខេត្តទាំងបីរបស់ចិនគឺខេត្ត Chengdu, Chongqing និងខេត្ត Shenzhen រហូតដល់ថ្ងៃទី ២៤ ក្នុងខែឧសភានេះ។

ទីភ្នាក់ងារផ្សព្វផ្សាយវៀតណាមបានរាយការណ៍ថាកម្មវិធីផ្សព្វផ្សាយដែលពាក់ព័ន្ធគោលនយោបាយទេសចរណ៍ និងគោលដៅទេសចរណ៍និងការសម្តែងសិល្បៈ ត្រូវបានគេរំពឹងថានឹងទាក់ទាញការចូលរួមរបស់ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ចិននិងក្រុមហ៊ុនគ្រប់គ្រងទេសចរណ៍ចំនួនជាង ៣០០ ក្រុមហ៊ុន។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ទេសចរណ៍ នៅក្រោមរដ្ឋបាលនេះបានឲ្យដឹងថា ភ្ញៀវទេសចរចិនជាច្រើន ចំនួន ២៨% ទៅ ៣០% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុបដែលបានមកដល់ប្រទេសវៀតណាមគឺពួកគេតែងតែធ្វើដំណើរទៅកាន់ខេត្ត Khanh Hoa ភាគខាងជើងខេត្ត Quang Ninh ភាគកណ្តាលទីក្រុងដាណាង ភាគខាងត្បូងខេត្ត Kien Giang រាជធានីហាណូយ និងទីក្រុងហូជីមិញ។

ចំនួនភ្ញៀវទេសចរជនជាតិចិនដែលមកទស្សនានៅប្រទេសវៀតណាមត្រូវបានគេរំពឹងទុកថានឹងមានការកើនឡើងគួរឲ្យកត់សម្គាល់ដោយសារតែហេតុផលការចំណាយការធ្វើដំណើរទាប ចម្ងាយធ្វើដំណើរជិត និងមានជើងយន្តហោះច្រើនពីប្រទេសចិននិងវៀតណាម។ យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឲ្យដឹងថាបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍វៀតណាមនិងចិនចំនួនជាង ១០ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរផ្លូវអាកាសចំនួន ៣០ ផ្លូវរវាងទីក្រុងប្រទេសចិនចំនួន ២០ ក្រុងនិងបណ្តាតំបន់មួយចំនួនក្នុងប្រទេសវៀតណាមដែលមានជើងហោះហើរសរុបជាង ៥០០ ជើងក្នុងមួយសប្តាហ៍។

ហើយទន្និន័យរបស់រដ្ឋបាលជាតិនៃទេសចរណ៍វៀតណាមក្នុងឆ្នាំនេះបានឲ្យដឹងថាមានភ្ញៀវទេសចរអន្តរជាតិចំនួន ៤.៥ លាននាក់ក្នុងត្រីមាសទីមួយនៃឆ្នាំនេះដែលមកប្រទេសវៀតណាមដែលអត្រានេះមានការកើនឡើងជាង ៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនោះគឺមានភ្ញៀវទេសចរជនជាតិចិនមានជាង ១.៣ លាននាក់ (២៨.៥ ភាគរយ) ដែលមកប្រទេសវៀតណាម៕

ដោយ៖ នឿន វណ្ណៈ

X
5s