តើអ្នកណាជាអ្នកទទួលផលចំនេញខណៈដែល Huawei កំពុងជួបបញ្ហាជាមួយអាមេរិក?
បើក្រឡែកមើលទៅក្រុមហ៊ុន Samsung, Oppo និង Xiaomi វិញ អ្នកទាំងនេះហាក់ជាអ្នកទទួលបានផលពីបញ្ហារបស់ Huawei នៅពេលនេះ។ អ្នកប្រើប្រាស់ Huawei នៅតែអាចបន្តដំណើរការមុខងារទូរស័ព្ទខ្លួនបានធម្មតា តែវាអាចនឹងមានបញ្ហាមួយចំនួននៅពេលខាងមុខ។
ខណៈដែលក្រុមហ៊ុន Google ដាក់ការរឹតបន្តឹងលើអាជីវកម្មរបស់ Huawei លើប្រព័ន្ធប្រតិបត្តិការ Android នេះ គេបានសង្កេតឃើញថាក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុនឈានមុខផ្នែកស្មាតហ្វូន Samsung និងក្រុមហ៊ុនក្នុងស្រុក Xiaomi និង Oppo ហាក់កំពុងក្លាយជាអ្នកទទួលផលពីបញ្ហាមួយនេះ។ ហេតុផលគឺដោយសារអ្នកប្រើប្រាស់អាចថាជា អ្នកគាំទ្រ របស់ Huawei កំពុងតែពិចារណាថាពួកគេនឹងបន្តប្រើប្រាស់ Huawei ដោយគ្មានប្រតិបត្តិការ Android បានដោយវិធីណា។ លើសពីនេះក៏នៅមានមតិមួយចំនួនបានព្យាករណ៍ដែរថាចំនួននៃការប្រើប្រាស់ទូរស័ព្ទដៃ និងថេប្លេត Huawei នឹងមានការធ្លាក់ចុះ។ ស្ថិតក្នុងអំឡុងពេលចាំអ៊ុតមើលពីដំណើរការបន្តរបស់ប្រព័ន្ធប្រតិបត្តិការ Huawei នេះ អ្នកដែលទើបចូលវាយលុយទីផ្សារ Oppo និង Xiaomi កំពុងដើរតួនាទីក្នុងការលក់ ពង្រីកអាជីវកម្មរបស់ខ្លួនលើទីផ្សារអន្តរជាតិ ក៏ដូចជាព្យាយាមចាប់យកចំណែកទីផ្សារនៅ ប៉ែកអឺរ៉ុប អេស្ប៉ាញ បារាំង អ៊ីតាលីជាដើម។
គួរបញ្ជាក់ថា ការលក់ស្មាតហ្វូនទូទាំងសកលលោកសម្រាប់ក្រុមហ៊ុន Huawei បានកើនឡើង ៥០ ភាគរយនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ ដែលធ្វើឲ្យទូរគមនាគមន៍យក្សរបស់ចិនមួយនេះឈានដល់កម្រិតប្រកួតប្រជែងខ្ពស់ជាមួយជើងចាស់ Samsung និង Apple៕
ដោយ៖ យ៉ាយ៉ា