Huawei មានប្រជាប្រិយខ្លាំងទូទាំងពិភពលោក តែហេតុអ្វីមិនអាចជោគជ័យនៅអាមេរិក
23 May 2019 12:05:00
ទោះបីជាមានវត្តមានតិចតួចនៅសហរដ្ឋអាមេរិកក្តី តែ Huawei បានក្លាយជាក្រុមហ៊ុនធំលំដាប់ទី ២ លើពិភពលោកក្នុងការផលិតស្មាតហ្វូនបន្ទាប់ពី Samsung គិតត្រឹមឆមាសទី ១ ឆ្នាំ ២០១៩។
អ្វីទៅដែលនាំឲ្យ Huawei មានការអភិវឌ្ឍនិងរីកចម្រើនខ្លាំងយ៉ាងនេះ?
គេបានធ្វើការកត់សម្គាល់ឃើញ Huawei មានសន្ទុះរីកលូតលាស់លឿនពិសេសនៅអាហ្រ្វិកខាងត្បូង។ បើតាមការសាកសួរព័ត៌មានពីចំណាប់អារម្មណ៍អតិថិជនបានឲ្យដឹងថា ពួកគេពេញចិត្តនឹងការច្នៃប្រឌិត រួមទាំងការវិវត្តិបច្ចេវិទ្យារបស់ទូរស័ព្ទ Huawei។ ការដែលអាចរក្សាបាននូវគំនិតបន្តការអភិវឌ្ឍ ស្វែងយល់ពីតម្រូវការអតិថិជន និងស្វែងយល់ពីទីផ្សារបានច្បាស់លាស់ជាអ្វីដែលនាំឲ្យអាជីវកម្មមួយរក្សាលំនឹងលើទីផ្សារ ក៏ដូចជាការឈានជើងឡើងជណ្ដើរទៅរកភាពថ្កុំថ្កើន។
តាមការឲ្យដឹងពីអ្នកទីផ្សារតំណាងឲ្យក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុនបានបោះទុនវិនិយោគច្រើនណាស់លើការស្រាវជ្រាវនិងការស្រាវជ្រាវ (R&D)។ Huawei Consumer Business Group (Huawei CBG) បានក្លាយជាក្រុមហ៊ុនធំជាងគេលំដាប់ទី ៦ ដែលធ្វើការវិនិយោគក៏ដូចជាចំណាយច្រើនលើការស្រាវជ្រាវ R&D នេះរហូតទៅដល់ ១២ប៊ីលានដុល្លារកាលពីឆ្នាំមុន បើគិតទៅចំនួននេះវាច្រើនជាងការលក់ស្មាតហ្វូន ១៤.៩% ក្នុងពិភពលោក។ អ្នកតំណាងក្រុមហ៊ុនក៏បានបញ្ជាក់បន្ថែមទៀតដែរថា Huawei ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំៗក្នុងពិភពលោក ដែលប្រើប្រាស់ចំណូលពីការលក់ប្រចាំឆ្នាំវិនិយោគលើការស្រាវជ្រាវ R&D។ ក្នុងនោះគេក៏បានបង្កើតមជ្ឍមណ្ឌលស្រាវជ្រាវចំនួន ១៧ មជ្ឍមណ្ឌលអភិវឌ្ឍច្នៃបង្កើត ៣៦ និង មជ្ឍមណ្ឌលបណ្តុះបណ្តាល ៤៥ ជុំវិញពិភពលោក។
វិធីសាស្រ្ត R&D នេះបានធ្វើឲ្យ Huawei ក្លាយជាអ្នកនាំមុខគេលើការប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) ក្នុងឧស្សាហកម្មស្មាតហ្វូន។ Huawei ជាអ្នកដាក់ឲ្យមានដំណើរការបច្ចេកវិទ្យា AI នេះមុនគេកាលពីឆ្នាំ ២០១៧ លើម៉ាកទូរស័ព្ទ HUAWEI Mate 10 Series ហើយក៏បន្តអភិវឌ្ឍបន្ថែមទៀតរហូតមក។ យោងតាមរបាយការណ៍ពី Growth from Knowledge (GFK) កាលពីឆ្នាំ ២០១៨ ចំណែកទីផ្សាររបស់ Huawei Consumer Business Group នៅមជ្ឈិមបូព៌ានិងអាហ្វ្រិកមានចំនួន ២១% ដែលអត្រានេះមានការកើនឡើង ៣១.២៥% បើប្រៀបធៀបទៅនឹងចំណែកទីផ្សារនៃយីហោផ្សេងៗកាលពីខែធ្នូឆ្នាំ ២០១៧។ ហេតុនេះវាបាននាំឲ្យបច្ចេកវិទ្យារបស់ចិនមានភាពឈានមុខគេ និងទទួលបានភាពជោគជ័យក្នុងសកលលោក។
តើការលក់របស់ Huawei រីកលូតលាស់កម្រិតណា?
ក្នុងនាមជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់លេខ ២ លើពិភពលោក គេបានសង្កេតឃើញថាចំនួននៃការលក់របស់ Huawei មានការកើនឡើង ៣០% (១៥៣ លានគ្រឿងឆ្នាំ ២០១៧) ហើយវាបានកើនដល់ ២០០ លានគ្រឿងក្នុងឆ្នាំ ២០១៨ កន្លងទៅ។ ចំណែកទីផ្សាររបស់ Huawei បានកើនឡើងយ៉ាងឆាប់រហ័ស ហើយកាលពីដើមឆ្នាំនេះ វាបានទំលាក់ការលក់ស្មាតហ្វូនរបស់ Apple និង Samsung។ ការលក់របស់ Huawei មានការកើនឡើងស្ទើរមួយភាគបីក្នុងពីមួយឆ្នាំទៅមួយឆ្នាំ មានតែក្រុមហ៊ុនក្នុងស្រុកមួយប៉ុណ្ណោះដែលអាចរក្សាចំណែកទីផ្សាររបស់ខ្លួនបានគឺ Xiaomi។
ហេតុអ្វី Huawei មិនជោគជ័យក្នុងទីផ្សារអាមេរិក?
ទោះជាទូរស័ព្ទមួយនេះទទួលបានការគាំទ្រ និងពេញនិយមខ្លាំងនៅទូទាំងពិភពលោកយ៉ាងណាក៏ដោយ គេសង្កេតឃើញថាវាមិនទទួលបានជោគជ័យឡើងចំពោះការលក់នៅទីផ្សារសហរដ្ឋអាមេរិក។ ការដែល Huawei មិនអាចវាយលុយទីផ្សារអាមេរិកបានព្រោះអាមេរិកគិតថាវាមិនមានសុវត្ថិភាពឡើយដែលបណ្តោយឲ្យផលិតផល និងបច្ចេកវិទ្យារបស់ចិនចូលមកទីផ្សាររបស់ខ្លួន បញ្ហាដ៏ធំបំផុតដែលជាក្តីបារម្ភរបស់អាមេរិកនោះគឺការធ្វើចារកម្ម ឬការវាយប្រហារតាមអ៊ីនធឺណិត។ ដូចដែលយើងដឹងហើយថាថ្មីៗនេះ Huawei ទទួលរងគំនាបខ្លាំងពីសហរដ្ឋអាមេរិក ដោយក្រុមហ៊ុនមួយនេះបានជាប់ក្នុងបញ្ជីខ្មៅរបស់អាមេរិកទៅហើយ ជាងនេះទៀតក្រុមហ៊ុន Google ក៏បញ្ឈប់ការដាក់ឲ្យ Huawei ដំណើរការប្រព័ន្ធប្រតិបត្តិការ Android រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់អាមេរិកមួយចំនួនទៀតផ្អាកការផ្គត់ផ្គង់ដល់ក្រុមហ៊ុនចិនមួយនេះទៀត។
ក្រឡែកទៅ មើលកាលពីខែកុម្ភៈកន្លងទៅ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនរបស់ខ្លួន ត្រូវបានគេចោទប្រកាន់ពីបទព្រហ្មទណ្ឌដោយចោទប្រកាន់ថា ក្រុមហ៊ុនមួយនេះបានលួចអាថ៌កំបាំងអាជីវកម្ម។ ការដែលធ្វើបែបនេះក៏ ប្រហែលជាមកពីអាមេរិកមិនចង់ឲ្យក្រុមហ៊ុនចិនមួយនេះ ក្លាយជាក្រុមហ៊ុនមួយដែលឈានមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាក៏ថាបាន៕