ធ្ងន់កហើយ! សូម្បី Panasonic ក៏ប្រកាសផ្អាកការផ្គត់ផ្គង់បច្ចេកវិទ្យារបស់ខ្លួនទៅដល់ Huawei ដែរ​




ព័ត៌​មានក្តៅៗ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ (២៣ ឧសភា ២០១៩) ពី​ប្រទេស​ជប៉ុនបាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​
Panasonic របស់​ជប៉ុន​នឹងធ្វើការ​ផ្អាកការធ្វើជំនួញរបស់ខ្លួនជាមួយ​នឹងក្រុមហ៊ុនយក្សចិន​ Huawei បន្ទាប់​ពី​​ក្រុមហ៊ុន​ចិនមួយ​នេះជាប់​បម្រាបក្នុងបញ្ជីខ្មៅ​របស់​លោក ដូណាលត្រាំ។


លោក Joe Flynn អ្នកនាំ​ពាក្យ​របស់​ក្រុម​ហ៊ុន​ Panasonic បាន​និយាយថា “យើង​បានបញ្ឈប់ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយក្រុមហ៊ុន Huawei និងបណ្តា​ក្រុម​ហ៊ុន​ចំនួន​ ៦៨ ផ្សេងទៀត​របស់​ចិន ដែល​ត្រូវ​បានហាម​ឃាត់ដោយ​រដ្ឋាភិបាលសហរដ្ឋអាមេរិក”។ Panasonic ជា​ក្រុម​ហ៊ុន​​មួយដែល​មានទីតាំង​ជា​មូល​ដ្ឋាន​នៅ​អូ​សាកា​ប្រទេស​ជប៉ុន​ ហើយ​ក្រុម​ហ៊ុន​មួយ​នេះ​ក៏​មិន​មាន​ស្នាក់​ការ​ទី​កន្លែង​ផលិត​គ្រឿង​បន្លាស់​ធំៗ​នៅ​សហ​រដ្ឋអាមេរិក​ដែរ។ តែមូល​ហេតុមួយនៅ​ពីក្រោយ​ការ​ផ្អាក​អាជីវកម្ម​មួយ​នេះគឺ ​ដោយ​សារមុខ​ទំនិញ​ដែល​ពាក់​ព័ន្ធ​នឹង​បច្ចេក​ទេស តិចណូ​ឡូ​ជី ក៏​ដូចជា​វត្ថុ​ធាតុ​ដើម​មួយ​ចំនួន​ប្រមាណ ២៥% របស់​ក្រុម​ហ៊ុន​ Panasonic ត្រូវ​បាន​នាំ​ម​ក​ពី​សហ​រដ្ឋ​អាមេរិក​ ហេតុ​នេះ​ក៏​នាំ​ឲ្យ​មានការ​ហាម​ឃាត់​លើ​ការ​ផ្គត់​ផ្គង់​បច្ចេក​វិទ្យា​ទៅ​ឲ្យ​ក្រុម​ហ៊ុន Huawei ចិន​បន្តទៀត។


គួរ​បញ្ជាក់​ផង​ដែរ​ថា​
Panasonic ជា​ក្រុម​ហ៊ុន​មួយ​ដែល​​ផ្គត់​ផ្គង់បច្ចេក​វិទ្យា​ក្នុង​តម្លៃ​ប្រមាណជាង ៦ ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន (២០១៨)។ ​ហើយ​ការ​ដែល​សហ​រដ្ឋ​អាមេរិក​ដាក់​បម្រាប និង​ដាក់​ក្រុម​ហ៊ុន​ Huawei ក្នុ​ងបញ្ជី​ខ្មៅ​របស់​ខ្លួន​នេះព្រោះអាមេរិក​មានការ​ភ័យ​ខ្លាច​ផ្នែក​សន្តិ​សុខ លើ​កា​រវាយ​ប្រហារថ្មី​ណាមួយ​ពី​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ខ្នាត​យក្ស​មួយ​នេះ។ កាល​ពី​ឆ្នាំ​មុន Huawei បាន​ទិញ​ទំ​និញ​ពី​ជប៉ុនគិត​ជា​ទឹក​ប្រាក់​​ប្រមាណ ៦.៣ ប៊ី​លាន​ដុល្លារ​ដែល​ទំនិញ​ទាំង​នោះមាន​ដូចជា Image Sensor ពី ក្រុម​ហ៊ុន Sony និង Memory Chip ពី​ ក្រុម​ហ៊ុន​ Toshiba ជាដើម​។

គួរបន្ថែមទៀតផងដែរថា ក្រុមហ៊ុនយក្សចិនមួយនេះត្រូវបានក្រុមហ៊ុន Google ផ្អាកការផ្គត់ផ្គង់កម្មវិធីប្រតិបត្តិការណ៍ Adriod របស់ខ្លួន និងក្រុមហ៊ុនអាមេរិកមួយចំនួនទៀតដូចជា Intel និង Qualcomm ក៏បានសម្រេចផ្អាកការផ្គត់ផ្គង់ Chip ទៅឲ្យក្រុមហ៊ុននេះផងដែរ៕

 

X
5s