មិនត្រឹមតែជប៉ុនទេ អាមេរិកជំរុញឲ្យកូរ៉េខាងត្បូងឈប់ប្រើប្រាស់ផលិតផលរបស់ Huawei
សារព័ត៌មានរបស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីព្រឹកថ្ងៃទី ២៣ ខែឧសភា ២០១៩ នេះថាសហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលកូរ៉េខាងត្បូងឲ្យឈប់ប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Huawei។ ការធ្វើបែបនេះធ្វើឡើងស្របពេលដែលខ្លួនបានដាក់គំនាបលើក្រុមហ៊ុន Panasonic របស់ជប៉ុនឲ្យផ្អាកការធ្វើជំនួញជាមួយ Huawei ដោយសារតែមានការព្រួយបារម្ភថា ការដែលបន្តប្រើប្រាស់ផលិតផល Huawei ក៏ដូចជាបច្ចេកវិទ្យារបស់ចិនផ្សេងៗអាចត្រូវបានប្រើសម្រាប់ការធ្វើចារកម្ម ឬការវាយប្រហារតាមអ៊ីនធឺណេត។
ការជំរុញនេះវាហាក់ដូចជាការបង្ខំឲ្យប្រទេសទាំងពីរមើលមុខគ្នាមិនចំ ក្នុងការច្រានចោលផលិតផលបច្ចេកវិទ្យាពីប្រទេសចិននេះ។ ក្នុងកិច្ចប្រជុំមួយដែលធ្វើឡើងដោយអាមេរិកនិងកូរ៉េខាងត្បូងបានលើកឡើងថា LG Uplus ជាក្រុមហ៊ុនក្នុងស្រុកមួយដែលកំពុងប្រើប្រាស់សម្ភារបរិក្ខាររបស់ Huawei មិនគួរបន្តប្រើប្រាស់ទៀតទេ ពោលរាល់ផលិតផលរបស់ Huawei ត្រូវយកចេញឲ្យអស់ពីប្រទេសកូរ៉េតែម្តង។
យុទ្ធនាការប្រឆាំងនឹងក្រុមហ៊ុន Huawei បានកើនឡើងកាលពីសប្តាហ៍មុននៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើបទបញ្ជាហាមដែលហាមឃាត់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក Huawei នៅក្នុងបណ្តាញទូរគមនាគមន៍អាមេរិកលើមូលដ្ឋានសន្តិសុខជាតិ។ កូរ៉េជាសម្ព័ន្ធមិត្តរបស់អាមេរិក តែចិនគឺជាទីផ្សារនាំចេញធំជាងគេរបស់ប្រទេសកូរ៉េ ហើយបើតាមទិន្នន័យពីរដ្ឋាភិបាលកូរ៉េក៏បានបញ្ជាក់ដូចគ្នាដែរថា ចិនបានទទួលយកទំនិញ (ការនាំចេញ) របស់ខ្លួនប្រមាណជា ១ភាគ៤ នៃការនាំចេញសរុបគិតត្រឹមរយៈពេល ៤ខែដំបូងក្នុងឆ្នាំ ២០១៩ នេះ៕
ដោយ៖ យ៉ាយ៉ា