​រាប់​អាន​​មនុស្ស​៤ ប្រភេទ​នេះ​ ​ពិត​ជា​មិន​ខុស​ទេ!​



មាន​មនុស្ស​មិន​តិច​ទេ​ដែល​​បាន​ធ្លាប់​ទទួល​បាន​នូវ​ភាព​បរាជ័យ​ក្នុង​ទំនាក់ទំនង។ ទំនាក់ទំនង​មនុស្ស​ល្អ​ នឹង​ធ្វើ​ឲ្យ​អ្នក​​​ជោគជ័យ​។ រាប់​អាន​​មនុស្ស​មិន​ល្អ អ្នក​នឹង​​ក្លាយ​ជា​មនុស្ស​បរាជ័យ។ ក៏ប៉ុន្តែ​តើ​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​ចង់​បរាជ័យ? ចម្លើយ​គឺ​​ប្រហែល​ជា​គ្មាន​ទេ។ បើ​​ដូច្នេះ​មែន ហេតុ​អ្វី​បាន​ជា​អ្នក​មិន​​បង្កើត​ទំនាក់ទំនង​ជា​មួយ​មនុស្ស​ល្អ​ឲ្យ​បាន​ច្រើន? 

បើ​អ្នក​​ពិបាក​រក​ចម្លើយ​នេះ​បាន អ្នក​គួរ​រៀន​អង្កេត​ហើយ​ជ្រើសរើស​មនុស្ស​ ៤​ប្រភេទ​ខាងក្រោម​នេះ​មក​រាប់​អាន៖

១.​មនុស្ស​ស្រលាញ់​ការងារ
មនុស្ស​ឡេះឡោះ ធ្វើ​ការងារ​ឲ្យ​តែ​រួចពីដៃ មិន​បង្ហាញ​ថា មនុស្ស​នោះ​ជា​មនុស្ស​មាន​ការ​ទទួលខុសត្រូវ​នោះ​ទេ។ ប្រសិន​បើ​អ្នក​ចាត់​ទុក​ថា ខ្លួន​ឯង​ត្រូវ​តែ​វៃឆ្លាត​ក្នុង​​ការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ល្អៗ អ្នក​ត្រូវ​សម្លឹង​មើល​អ្នកណា​ដែល​អ្នក​មើល​ឃើញ​ថា ជា​មនុស្ស​ស្រលាញ់​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ។ ជា​ទូទៅ​មនុស្ស​ដែល​ស្រលាញ់​ការងារ​ខ្លាំង ខិតខំ​បំពេញ​ការងារ​ខ្លាំង​ណាស់ តស៊ូ ហ្មត់ចត់  និង​ធ្វើ​ការងារ​ស្រប​តាម​ផែនការ​កំណត់។ មនុស្ស​ប្រភេទ​នេះ​អាច​ជួយ​បង្រៀន​ថា ទោះ​ជា​ធ្វើ​ការងារ​អ្វី​ក៏ដោយ អ្នក​ត្រូវ​ធ្វើ​ការងារ​​ដែល​អ្នក​​ស្រលាញ់ និង​​ត្រូវ​មាន​ឆន្ទៈប្រឹងប្រែង​​ធ្វើ​វា​ឲ្យ​បាន​ផ្លែផ្កា​​យ៉ាង​ពិតប្រាកដ។ ​​​

២.មនុស្ស​មាន​​គំនិត​វិជ្ជមាន
មនុស្ស​នឹង​ធ្វើ​ការងារ​កាន់តែ​ប្រសើរ​ប្រសិន​បើ​ពួកគេ​​សប្បាយចិត្ត។ ដោយឡែក​សម្រាប់​មនុស្ស​ដែល​មាន​គំនិត​អវិជ្ជមាន​វិញ​នឹង​ទាញ​ទម្លាក់​អ្នក​​ឲ្យ​កាន់តែ​ដុនដាប និង​មិន​អាច​ផ្តល់​ការ​លើកទឹកចិត្ត​ណា​មួយ​សម្រាប់​ភាព​ជោគជ័យ ឬ​គំនិត​ច្នៃប្រឌិត​ថ្មីៗ​នោះ​ទេ។ បើ​អ្នក​រាប់​អាន​មនុស្ស​អវិជ្ជមាន​កាន់តែ​ច្រើន​ឡើង ការងារ  ឬ​មុខ​ជំនួញ​របស់​អ្នក​នឹង​បរាជ័យ​ជា​មិន​ខាន។ យ៉ាងណាមិញ មនុស្ស​ដែល​មាន​គំនិត​វិជ្ជមាន​វិញ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​​ពន្លឺ​ជីវិត​ទាំង​ការងារ​ ទាំង​ការ​រកស៊ី ទាំង​ការ​ទំនាក់ទំនង​នៅ​ក្នុង​ជីវភាព​ប្រចាំ ថ្ងៃ។ ​ហេតុដូច្នេះ សូម​កុំ​ភ្លេច​នាំ​មនុស្ស​ប្រភេទ នេះ​ឲ្យ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក​ឲ្យ​បាន​ច្រើន។ ​

៣.មនុស្ស​ពូកែ​លើក​ចម្ងល់
ដូច​អ្នកប្រាជ្ញ​អាល្លឺម៉ង់​លោក អាល់ប៊ឺត អាញស្ដាញ និយាយ​ថា "រឿង​ដែល​សំខាន់​បំផុត គឺ​កុំ​បញ្ឈប់​ចម្ងល់​របស់​អ្នក”។ ក្នុង​នាម​ជា​សហគ្រិន​ក៏ដោយ ជា​អ្នក​ធ្វើ​ការ​ក៏ដោយ អ្នក​គួរ​តែ​ឧស្សាហ៍​លើក​ជា​ចម្ងល់​ឡើង​ដើម្បី​សួរ​ខ្លួន​ឯង និង​អ្វីៗ​ផ្សេង​ទៀត​ទាក់ទង​ទៅ​នឹង​​ជីវិត​របស់​អ្នក។ ក៏ប៉ុន្តែ ​មិនមែន​សុទ្ធតែ​មនុស្ស​គ្រប់គ្នា​​​អាច​នឹក​ឃើញ​ពី​ចម្ងល់​សំខាន់ៗ​ទាំង​​នោះ ឡើយ។ ជា​ធម្មតា​ទេ មនុស្ស​ដែល​មាន​ចម្ងល់​ច្រើន​ អាច​ជួយ​​​ផ្តល់​នូវ​មុំ​ផ្សេង​គ្នា​លើ​បញ្ហា​ ឬ​គំនិត​មួយ​ ហើយ​​ចម្ងល់​ទាំង​​នោះ​​អាច​នាំ​ទៅ​ដល់​ភាព​សំខាន់​​មួយ​សម្រាប់​អ្នក ឬ​អាជីវកម្ម​របស់​អ្នក។ សូម​ចាំ​ថា ការ​យល់​ឃើញ ឬ​ទស្សនវិស័យ​ គឺ​ជា​ជា​អ្វីៗ​គ្រប់យ៉ាង។

៤.មនុស្ស​ដែល​មាន​ក្តី​សុបិន
មនុស្ស​គ្រប់រូប​សុទ្ធតែ​មាន​ក្តី​​សុបិន​។ ប៉ុន្តែ​រាល់​ក្តី​សុបិន​មិនមែន​សុទ្ធតែ​មនុស្ស​គ្រប់គ្នា​អាច​សម្រេច​បាន​នោះ​​ទេ។ មនុស្ស​ខ្លះ​ស្លាប់​ទៅ​វិញ​ទាំង​សោកស្តាយ​ព្រោះ​មិន​បាន​បំពេញ​បំណង​អ្វី​សោះ។ យ៉ាងណាមិញ អ្នក​ត្រូវ​ដឹង​ថា ការ​រៀបចំ គោលដៅ និង​ការ​ខិតខំ​ប្រឹងប្រែង នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​ក្តី​សុបិន្ត​នោះ​​ដែល​អ្នក​គិត​ថា មនុស្ស​គ្រប់គ្នា​មិន​ងាយ​ធ្វើ​បាន។  ដើម្បី​ឲ្យ​អ្នក​​សម្រេច​បាន​​នូវ​ក្តី​សុបិន​នេះ​ អ្នក​ក៏​គួរ​​រស់នៅ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​មាន​ក្តី​សុបិន ឬ​គោលដៅ​ប្រហាក់ប្រហែល​​អ្នក​ដែរ។ ពួកគេ​នឹង​ធ្វើ​ឲ្យ អ្នក​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ដំណើរ​ទៅ​មុខ​យ៉ាង​ជឿជាក់៕

ប្រភព៖ Businessinsider 

 

X
5s