ហ្វីលីពីនកំពុងបោះជំហានវិនិយោគក្នុងប្រទេសកម្ពុជា​



ប្រទេសកម្ពុជា កំពុងព្យាយាមទាក់ទាញវិនិយោគិនបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ បើប្រៀបធៀបកាលពីឆ្នាំកន្លងទៅ កម្ពុជាសម្រេចបានកំណើន ៧.៥% នៅឆ្នាំ២០១៨ ដែលជាការសម្រេចបានហួសពីការរំពឹងទុក។ ការកើនឡើងនេះធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង។ ហើយបើទោះបីជាសេដ្ឋកិច្ចកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងត្រូវធ្លាក់ចុះបន្តិចនៅឆ្នាំ ២០១៩ ក៏ដោយ តែវានឹងមិនធ្វើឲ្យមានការរាំងស្ទះដល់ការវិនិយោគពីបរទេសនោះឡើយ។

នៅពេលដែលយើងនិយាយអំពីការវិនិយោគផ្ទាល់មកពីបរទេស យើងតែងសំដៅទៅលើ ការវិនិយោគមកពីប្រទេសធំៗដូចជា៖ ចិន កូរ៉េ ជប៉ុន អឺរ៉ុប ជាដើម។ ប៉ុន្តែយើងមិនគួរមើលរំលង ការវិនិយោគទុនមកពីប្រទេសតំបន់អាស៊ានដូចគ្នាទេ ជាពិសេស ប្រទេសហ្វីលីពីន។

ក្នុងពេលថ្មីៗកន្លងទៅនេះ បើតាមការលើកឡើងរបស់លោក Chrisopher Baltazar Montero ដែលជាឯកអគ្គរដ្ឋទូតជិតចប់អាណត្តិប្រទេសហ្វីលីពីនប្រចាំកម្ពុជាបានឲ្យដឹងថា មានក្រុមហ៊ុន របស់ហ្វីលីពីន កំពុងរៀបចំវិនិយោគលើការកែច្នៃស្វាយពីខេត្តព្រៃវែងទៅកាន់ទីផ្សារប្រទេស ហ្វីលីពីន និងទីផ្សារពិភពលោកផងដែរ។      

នៅក្នុងឆ្នាំ២០១០ វិនិយោគិនហ្វីលីពីនបានសិក្សាពីឱកាសក្នុងការវិនិយោគនៅប្រទេសកម្ពុជា ហើយចាប់តាំងពីពេលនោះមកគេសង្កេតឃើញក្រុមហ៊ុនហ្វីលីពីនដំណើរការយ៉ាងច្រើននៅក្នុង ប្រទេសកម្ពុជា។ លើសពីនេះទៀតដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ថ្មីៗនេះនេះក៏មានការដាក់ឲ្យមានជើងហោះហើរត្រង់មកកាន់កម្ពុជាផងដែរ។

ដូច្នេះការលើកឡើងពីគម្រោងក្នុងការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីនលើផលិតផលស្វាយកែច្នៃនេះ គឺជាចំណុចនៃការអភិវឌ្ឍថ្មីមួយទៀតរវាងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហ្វីលីពីន។

ប្រទេសកម្ពុជា និងហ្វីលីពីនមានការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងការកែច្នៃស្វាយ ស្រូវ និងផលិតផលចេកផងដែរ។ មិនតែប៉ុណ្ណោះលោកឯកអគ្គរដ្ឋទូតបានថែមទាំងលើកឡើងថា មានក្រុមហ៊ុនហ្វីលីពីនគ្រោងនឹងវិនិយោគលើការនាំចូលអង្ករទៅកាន់ទីផ្សាររបស់ខ្លួន។

ដោយសារតែកង្វះខាតការវិនិយោគលើវិស័យកសិឧស្សាហកម្មនៅប្រទេសកម្ពុជា ការវិនិយោគលើផលិតផលកែច្នៃនេះ ត្រូវបានគេមើលឃើញថាជាសក្តានុពលសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ។ លើសពីនេះទៅទៀត ការវិនិយោគនេះ នឹងបង្កើតការងារឲ្យប្រជាពលរដ្ឋកម្ពុជានៅតំបន់ និងជួយសម្រួលដល់ជីវភាពប្រជាជននៅក្នុងតំបន់។   

គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងហ្វីលីពីនកើតមានឡើងចាប់ពីសត្សវត្សរ៍ទី១៦មកម្ល៉េះ។ ទំនាក់ទំនងនេះ ត្រូវបានកាត់ផ្តាច់ម្តងក្នុងសម័យប៉ុលពតឆ្នាំ១៩៧៥។ នៅក្នុងឆ្នាំ១៩៩១ អ្នកជំនួញហ្វីលីពីនបានចាប់ផ្តើមចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជាឡើងវិញ ហើយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានរីកចម្រើនជាលំដាប់រហូតមកដល់សព្វថ្ងៃនេះ។ បច្ចុប្បន្នហ្វីលីពីនអាជីវកម្មជាង ៥០ ក្រុមហ៊ុន​ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនទាំងនេះបានចូលរួមនៅក្នុងវិស័យជាច្រើនរាប់ចាប់ផលិតកម្មអាហារ ដល់ក្រុមហ៊ុនអាកាសចរណ៍ និងទូរគមនាគមន៍៕

ដៃគូសហការ៖ www.realestate.com.kh

X
5s