ប្រព័ន្ធប្រតិបត្ដិការថ្មីរបស់ Huawei នឹងត្រៀមដាក់ដំណើរការឲ្យប្រើប្រាស់ឆាប់ៗខាងមុខនេះ!!!
ក្រោយពីការប្រកាសរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ជូលក្រុមហ៊ុនទូរគនាគមន៍ធំរបស់ចិន Huawei ចូលក្នុងបញ្ជីស្បែកខ្មៅ ក្រុមហ៊ុនផ្គង់ផ្គង់ចង្វាក់ផលិតកម្មជាច្រើននៅសហរដ្ឋអាមេរិកកំពុងពិចារណាផ្អាកការផ្គត់ផ្គង់ដល់ក្រុមហ៊ុន Huawei ទាំងអស់ ដោយក្នុងនោះក្រុមហ៊ុន Google បានសម្រេចការផ្គត់ផ្គង់កម្មវិធីប្រតិបត្តិការ Adriod និងកម្មវិធីផ្សេងៗរបស់ខ្លួនទៅឲ្យ Huawei។ ក្នុងនោះក៏មានក្រុមហ៊ុនជាច្រើនដូចជា Intel, Qualcomm និងថ្មីៗនេះ Panasonicផងដែរ បានសម្រេចចិត្តផ្អាកការផ្គត់ផ្គង់ទៅដល់ក្រុមហ៊ុនយក្សចិនមួយនេះផងដែរ។
ជាមួយគ្នានេះផងដែរក្រុមហ៊ុន Huawei ក៏បានចេញមុខបកស្រាយជូនចំពោះអតិថិជនកុំឲ្យមានការព្រួយបារម្ភចំពោះរាល់បញ្ហាដែលបានកើតមានឡើងនេះ។ ក្រុមហ៊ុនចិននេះ បានត្រៀមខ្លួនរួចរាល់ទៅហើយមុនបញ្ហាទាំងនេះកើតមានឡើង ដោយបានបង្កើតប្រព័ន្ធប្រតិបត្ដិការផ្ទាល់ខ្លួនរួចរាល់ហើយ នឹងត្រៀមដាក់ឲ្យដំណើរការឆាប់ៗខាងមុខនេះដែលមាន ប្រព័ន្ធប្រតិបត្តិការនោះមានឈ្មោះថា HongMeng។
យោងតាមការថ្លែងមតិទៅកាន់គេហទំព័រCNBC របស់លោក Eric YU បានលើកឡើងថា យើងមិនចង់ធ្វើអ៊ីចឹងនោះទេ ប៉ុន្ដែដោយសារតែសហរដ្ឋអាមេរិកបានបង្ខំយើងឲ្យធ្វើបែបនេះ។ ដំណឹងដែលសហរដ្ឋអាមេរិកប្រកាសមកលើក្រុមហ៊ុន Huawei មិនមែនគ្រាន់តែជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុន Huawei ប៉ុនោះទេវាក៏ជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុននៅសហរដ្ឋអាមេរិកផងដែរ។ ព្រោះក្រុមហ៊ុន Huawei ជាដៃគូរពាណិជ្ជកម្មរបស់ក្រុមហ៊ុន អាមេរិកជាច្រើនក្រុមហ៊ុន។
បន្ទាប់ពីមានភាពចម្រូងចម្រាស់គ្នាច្រើន ក្រសួងពាណិជ្ជកម្មអាមេរិក បានពន្យាពេលដល់ក្រុមហ៊ុន Huawei និង ក្រុមហ៊ុនជាង ៦៨ផ្សេងទៀតឲ្យទទួលបានការផ្គត់ផ្គង់ រយៈពេល៩០ ថ្ងៃបន្ថែមទៀត។
ជាមួយគ្នានេះផងដែររដ្ឋាភិបាលចិនបានប្រកាសមិនយកពន្ធទៅលើក្រុមហ៊ុនដែលអាចផលិតបន្ទះឈីប ឧបករណ៍អេឡិចត្រូនិក និងអ្នកផលិតកម្មវិធីកុំព្យូទ័រផ្សេងទៀត ដើម្បីបង្កើនវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិនឲ្យរីកចម្រើន និង ឈានមុខគេក្នុងពិភពលោក។ ការលើកលែងពន្ធទៅលើវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសចិននឹងត្រូវចាប់ផ្ដើមនៅក្នុងឆ្នាំ ២០១៩នេះតែម្ដង៕
ដោយ៖ ច័ន្ទលាភ