វិនិយោគិនចិនលំដាប់ខ្ពស់ជាង១០០នាក់កំពុងសម្លឹងមើលឱកាសវិនិយោគលើវិស័យទេសចរណ៍កម្ពុជា
វិនិយោគិននិងធុរជនចិនប្រមាណជាង ១០០នាក់ មកពីរដ្ឋធានីប៉េកាំង និងតំបន់រដ្ឋបាលពិសេសហុងកុង (នាគអាស៊ី) ដែលសុទ្ធសឹងជាអ្នកវិនិយោគលំដាប់ខ្ពស់ បានធ្វើដំណើរមកប្រទេសមិត្តកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសគឺលើវិស័យទេសចរណ៍។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង (Hong Kong Trade Development Council-HKTDC) រៀបចំជំនួបធុរកិច្ចអាហារថ្ងៃត្រង់សម្រាប់ពួកគេ ព្រមជាមួយសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូកេត្រា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ដើម្បីទទួលស្វាគមន៍ចំពោះវិនិយោគិន និងធុរជនចិនខាងលើ។
នៅក្នុងជំនួបនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់វិនិយោគិនចិនមកពីទីក្រុងហុងកុង និងប៉េកាំង ឱ្យមកបណ្តាក់ទុនវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែច្រើនថែមទៀត ពិសេសលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដោយឈរលើគោលការណ៍ស្អាតបៃតង ការច្នៃប្រឌិត (Creative) និងនវានុវត្ត (Innovative ) ក្នុងយុគសម័យឌីជីថរូបនីយកម្ម (Digitalization)។
ឯកឧត្តម ថោង ខុន បានថ្លែងអំណរគុណចំពោះគណៈប្រតិភូវិនិយោគហុងកុង និងប៉េកាំង ដែលដឹកនាំដោយលោក Peter Wong នាយកក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូង និងលោក Li Hengqing ប្រធាននាយកដ្ឋានកិច្ចការសហប្រតិបត្តិការសេដ្ឋកិច្ច នៃការិយាល័យពាណិជ្ជកម្មក្រុងប៉េកាំង និងបណ្តាវិនិយោគិននៅកម្ពុជា ដោយបញ្ជាក់ថា នេះគឺជាជំនួបលើកទី២ បន្ទាប់ពីជំនួបលើកទី១ ខែ្សក្រវាត់ និងផ្លូវ ស្តីពីកិច្ចពិភាក្សាតុមូលលើការវិនិយោគទេសចរណ៍នៅកម្ពុជា ដោយទទួលបានជោគជ័យនៅទីក្រុងហុងកុងកន្លងមក៕
ដោយ៖ ជួប ស្រីរ័ត្ន