សង្ខេប​ព្រឹត្តិការណ៍សេដ្ឋកិច្ចកម្ពុជា​​សំខាន់​ៗប្រចាំ​សប្ដាហ៍​



ពី​មួយ​សប្ដាស៍​ទៅ​មួយ​សប្ដាហ៍មាន​រឿង​រ៉ាវព្រឹត្តិការណ៍​សំខាន់ៗ​​ជា​ច្រើនដែល​បាន​កើត​ឡើង​ ហើយ​នៅ​ក្នុង​សប្ដាហ៍នេះ​ដែរ​ Bizkhmer នឹង​លើក​យក​ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ដែល​កើត​ឡើង​នៅ​កម្ពុជា​ដើម្បី​ជា​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​ផ្នែក​អាជីវកម្ម​របស់​លោក​អ្នក។ ខាង​ក្រោម​នេះ​ជា​ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ពីសារព័ត៌មាន​ល្បីៗ​ក្នុង​ប្រទេស​កម្ពុជា៖

យោង​តាម​កាសែត ភ្នំពេញប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ២០១៩​នេះ បាន​ចេញផ្សាយ​អំពី ក្រុមហ៊ុន​ដែក​ថែប​ដ៏​ធំ​របស់​ចិននឹង​មក​កម្ពុជា៖ ក្រុមហ៊ុន​ផលិត​ដែក​ថែប​​​ចិន​ Baowu ​Group​ បាន​បង្ហាញ​ផែនការ​ក្នុង​ការ​រើ​រោងចក្រ​ចម្រាញ់​ដែក​របស់​ខ្លួន​ពី​​តំបន់ ​Xinjiang របស់​ចិន ​​មក​​កម្ពុជា​ ដែល​នឹង​ក្លាយ​ជា​គម្រោង​ផលិតកម្ម​នៅ​ក្រៅ​ប្រទេស​ដំបូង​គេ​​របស់​​ក្រុមហ៊ុន Baowu​។​ នេះ​​បើ​​តាម​សេចក្តី​រាយការណ៍​របស់ Reuters។ គម្រោង​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​មន្រ្តី​ពាណិជ្ជកម្ម​ និង​តំណាង​វិស័យ​ឯកជន​កម្ពុជា ជា​អ្វី​ដែល​គេ​រំ​ពឹង​ថា​ផលិតកម្ម​ដែក​ថែប​នេះ​នឹង​ឆ្លើយ​តប​នឹង​កំណើន​តម្រូវ​ការ​ដែក​នៅ​ក្នុង​ស្រុក​ដែល​កំពុង​កើន​ឡើង​។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្ពិត

សម្រាប់​សាព័ត៌មាន​ ខ្លីខ្លី វិញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០១៩ បាន​ចុះផ្សាយ​ពី កម្ពុជា-ថៃ ចុះ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវត​ភ្ជាប់​ទៅផ្លូវជាតិ​លេខ៥៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការនិង​ដឹកជញ្ជូន បាន​អញ្ជើញ​​ចុះហត្ថលេខា​លើ​កិច្ចសន្យា​គម្រោង​សាងសង់​ច្រកទ្វារ​អន្តរជាតិ​ស្ទឹងបត់ និង​ផ្លូវតភ្ជាប់​ទៅផ្លូវជាតិ​លេខ៥ ជាមួយ​ក្រុមហ៊ុន​សាងសង់ FIN TECHNIC។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ​ឡែក​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៩ សម្រាប់​កាសែត រស្មីកម្ពុជា បាន​ចេញ​ផ្សាយ​អំពី​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​មួយ បោះទុន​វិនិយោគ​១​ពាន់​លាន​ដុល្លារ និង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្រា​យ​អ៊ឹម ដែលជា​ការវិនិយោគទុន​មកពី​ប្រទេស​ចិន​បាន​បោះទុននូវ​ទឹកប្រាក់ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក​ឬ​ប្រមាណ​៧​ពាន់​លាន​យ័ន​ប្រាក់​ចិន​នៅក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​រាជធានី​ភ្នំពេញ គ្រោង​នឹង​បញ្ចប់​គម្រោង​ទី​១​របស់ខ្លួន នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ខាងមុខ​។​ ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

មួយ​វិញ​ទៀត​សម្រាប់ កាសែត​កោះសន្តិភាព កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៩ បាន​ផ្សាយ​ពី កូរ៉េ​សន្យា​ជួយ​ពលរដ្ឋ​ខេត្ត​មណ្ឌល​គី​រី​រក​ទីផ្សារ​កាហ្វេ​នៅ​ក្រៅប្រទេស៖ ដោយ​មើលឃើញ​ពី​តម្រូវការ​កាហ្វេ​នៅ​លើ​ទីផ្សារ​ពិភពលោក​កំពុង​មាន​និ​ន្នា​ការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់ ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ហៅ​កាត់​ថា KOICA បាន​ប្ដេជ្ញា​និង​សន្យា​ជួយ​ដល់​ពលរដ្ឋ​ដើម​ភាគតិច​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី ដើម្បី​ពង្រីក​ការ​ដាំ​ដុះ​កាហ្វេ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​និង​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ នេះ​បើ​យោង​តាម​លោក ថុ​ង យុន​គី​ល ប្រធាន​ទីភ្នាក់ងារ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ចុងក្រោយ​គឺ​សាព័ត៌មាន Sabay News កាល​ពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០១៩ ចេញផ្សាយ​ពី ខេត្ត​កំពង់​ស្ពឺ មាន​គម្រោង​៣ធំៗ បើ​ចេញ​ដូច​ការ​រំពឹងទុក​ ដឹង​តែ​មុខមាត់​ខេត្ត​កាន់តែ​ល្បីល្បាញ៖ តើ​គម្រោង​បី​ធំ​ៗ​របស់​ខេត្ត​កំពង់​ស្ពឺ​គឺជា​អ្វី? គម្រោង​ទាំង​បី​នោះ​រួមមាន៖ គម្រោង​ទី១ ត្រៀម​​ធ្វើ​សួន​បែប​ធម្មជាតិ​ដ៏​ធំ​ត្រៀម​ចំណាយ​ប្រមាណ​ជា​ ៥០០​លាន​ដុល្លារ, គម្រោង​ទី២ គឺ​ត្រៀម​សាងសង់​អគារ​ភ្លោះ​កប់​ពពក និង​គម្រោង​ទី៣ គឺ​ត្រៀម​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​មាន​តម្លៃ​ប្រមាណ​ជា ៣០ម៉ឺន​ដុល្លារ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ សូម​ចុច​ទី​នេះ​ដើម្បី​អាន​ព័ត៌មាន​លម្អិត

ដោយ៖ ជួប ស្រី​រ័ត្ន

X
5s