ក្រុមហ៊ុនកូរ៉េគ្រោងវិនិយោគលើប្រព័ន្ធទឹកស្អាតនិងថាមពលកម្ពុជាដោយបច្ចេកវិជ្ជាថ្មី
នៅក្នុងជំនួបជាមួយឯកឧត្តម ប៉ាន សូរស័ក្ក រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ លោក ហ្គូហា ជាំង (Gyu-Ha Jang) អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ (KOIMA) បានជម្រាបជូនឯកឧត្តមពីគំនិតផ្ដួចផ្ដើមវិនិយោគលើប្រព័ន្ធទឹកស្អាត និងថាមពល ដោយប្រើប្រាស់បច្ចេកវិជ្ជា Solar Hope Farm ដែលបច្ចេកវិជ្ជាថ្មី ដែលអាចស្ដុកទុកនូវទឹកស្អាត ក៏ដូចជាផ្ដល់ថាមពលអគ្គិសនី ដោយប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។
លោក ជាំង ជម្រាបថា លោកមានគំនិតធ្វើការសាកល្បងគម្រោងនេះជាមុនសិន ប៉ុន្តែលោកមានបំណងចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ដើម្បីអនុវត្តគម្រោងនេះ។ ក្រៅពីនោះ លោកក៏បានជម្រាបជូនថា សហការីរបស់លោក មានចំណាប់អារម្មណ៍ជាខ្លាំងក្នុងការពិនិត្យលទ្ធភាពនាំចូលម្រេចកំពតពីកម្ពុជាទៅកូរ៉េ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្ដួចផ្ដើមរបស់លោក ជាំង ដោយយល់ថាការប្រើប្រាស់បច្ចេកវិជ្ជាថ្មីនេះ នឹងផ្ដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅតាមជនបទ ជាពិសេសនៅតំបន់ដែលមិនទាន់មានអគ្គិសនី និងទឹកស្អាត។ ឯកឧត្តម ស្នើសុំឲ្យលោក ជាំង រៀបចំជាសំណើ និងផែនការធុរកិច្ច ឲ្យបានលម្អិត សម្រាប់សម្រួលដល់ការពិភាក្សា និងស្វែងរកដៃគូធុរកិច្ច៕