ហេតុផល ៤ យ៉ាងបង្ហាញថាអ្នកគួរចាប់ផ្តើមអាជីវកម្មនៅវ័យក្មេង​



មនុស្សមិនតិចទេដែលមានគំនិតជាសហគ្រិន ស្រលាញ់ការធ្វើជំនួញតែនៅមានចិត្តស្ទាក់ស្ទើរដោយគិតថាខ្លួននៅក្មេងនៅឡើយ មិនទាន់ដល់ពេលអាចគ្រប់គ្រងអាជីវកម្មមួយបានឡើយ។ មានភាគរយច្រើនណាស់ដែលតែងគិតថានៅក្មេងគ្រប់គ្រងអាជីវកម្មមិនបានល្អ មានបទពិសោធន៍តិចប្រឈមនឹងការបរាជ័យខ្ពស់។

តែខាងក្រោមនេះអាចជាហេតុផលសមល្មមឲ្យអ្នកគិតឡើងវិញថា ហេតុអ្វីអ្នកគួរចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនមួយតាំងពីវ័យក្មេងខណៈដែលអ្នកស្រលាញ់ការធ្វើជំនួញ៖

១) ភាពបរាជ័យមិនអូសបន្លាយយូរ

មិនខុសទេថាអ្នកនឹងប្រឈមនឹងការបរាជ័យ អ្នកងាយនឹងបរាជ័យ បរាជ័យនៅពេលដែលចាប់ផ្តើមលើកដំបូង តែវាជាមេរៀនល្អសម្រាប់អ្នកដើម្បីទទួលបានភាពជោគជ៍យមកវិញ។ ពេលអ្នកនៅក្មេងគំនិតប្រថុយប្រថានក្នុងការរកស៊ីមានច្រើន ហ៊ានប្រលូកក្នុងហានិភ័យដើម្បីទទួលអ្វីដែលអ្នកចង់បាន។ គេសង្កេតឃើញអ្នកមនុស្សដែលហ៊ានប្រលូកក្នុងការអាជីវកម្មតាំងពីក្មេង មានលទ្ធភាពទទួលជោគជ័យខ្ពស់ជាងអ្នកដែលមានបន្ទុកគ្រួសារត្រូវរ៉ាប់រង។ បរាជ័យថ្ងៃនេះ ធ្វើឲ្យអ្នករឹងមាំសម្រាប់ដំណាក់កាលបន្ទាប់។

២) ចាប់ផ្តើមពីដើមទុនតិចជាមុន

ដូចដែលបានលើកឡើងក្នុងចំនុចទី ១ អ្នកចាប់ផ្តើមពីក្មេងអ្នកមិនសូវជាមានចិត្តដាក់ដើមទុនច្រើនទេ អ្នកមិនទាន់មានបន្ទុកគ្រួសារ មិនទាន់ជាប់បំណុលអ្វីមួយធំដុំដូចជាកម្ចីទិញផ្ទះ កម្ចីអាពាហ៍ពិពាហ៍ឬបំណុលដទៃទៀត។ អាចនិយាយបានថាអ្នកនៅមានខ្នងបង្អែកដូចជាគ្រួសារជាដើម ដូចនេះអ្នកមិនយកអាជីវកម្មមួយនេះជាចំនុចស្លាប់រស់ក្នុងការចិញ្ចឹមជីវិតទេ។ វាខុសពីមនុស្សដែលមានបន្ទុកគ្រួសារដែលជីវភាពត្រូវពឹងផ្អែកលើការរកស៊ីស្ទើរទាំងស្រុង បន្ទុកកាន់តែធំការបែងចេកកាន់តែច្រើន។ 

៣) លទ្ធភាពទទួលបានទ្រព្យនិងចំណូលរយៈពេលវែង

បើអាជីវកម្មមួយនោះទទួលបានជោគជ័យ ទោះបីមិនក្លាយជាអ្នកមាន ជាសេដ្ឋីភ្លាមៗក្តី តែអ្នកមានចំណូលប្រចាំថ្ងៃបាត់ទៅហើយ។ ពេលដែលអ្នកបន្តអភិវឌ្ឍអាជីវកម្មមួយនោះឲ្យនៅតែដំណើរការបានល្អ មានផ្លូវរស់បានរហូតនោះអ្នកនឹងមិនបារម្ភពីការបាត់បង់ចំណូលទេ តែអ្នកអាចរក្សាបានទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងរយៈពេលវែងទៅថ្ងៃមុខ។

៤) អ្នកបានឆ្លងកាត់ភ្លក្សរសជាតិនៃជីវិត

ចំនុចមួយនេះសំខាន់ណាស់ រសជាតិជីវិតជាមេរៀនមួយដែលមនុស្សម្នាក់ៗទទួលបាន និងភ្លក្សរសជាតិខុសៗគ្នា។ ពេលអ្នកចាប់ផ្តើមឲ្យខ្លួនស្គាល់អ្វីទៅដែលជាទុក្ខលំបាកសម្រាប់ជីវិតតាំងពីក្មេង អ្នកនឹងចេះឲ្យតម្លៃអ្វីដែលនៅជុំវិញខ្លួនសូម្បីទឹកមួយតំណក់ លុយមួយសេន ឬបាយមួយគ្រាប់ ព្រោះអ្នកដឹងថាទម្រាំបានរបស់ទាំងនោះមកអ្នកត្រូវចំណាយអ្វីខ្លះ អ្នកត្រូវនឿយហត់ប៉ុណ្ណា។ វាជាកូនសោរបើកទ្វារបង្ហាញផ្លូវជោគជ័យដល់អ្នក ហើយគ្មានថ្ងៃដែលអ្នកភ្លេចពីផ្លូវដែលធ្លាប់ដើរ គ្មានថ្ងៃអ្នកបំភ្លេចមេរៀនមួយនោះបានឡើយ។ គ្មានគ្រូណា សាលាណាអាចបង្រៀនមេរៀនដ៏ល្អមួយនេះដល់អ្នកក្រៅពីអ្នកឆ្លងកាត់ដោយខ្លួនឯងទេ ហើយវាជាអ្វីដែលជួយឲ្យអ្នករឹងមាំរកឃើញភាពជោគជ័យ។ 

 

X
5s