វិធីសាស្រ្តបដិសេធក្តីស្រលាញ់ពីនរណាម្នាក់ដែលមិនបំផ្លាញទឹកចិត្តគេខ្លាំង
តើអ្នកធ្លាប់បដិសេធក្តីស្រលាញ់ពីនរណាម្នាក់ដែរឬ ទទួលបានការបដិសេធពីមនុស្សដែលអ្នកស្រលាញ់ឬទេ? អ្នកដែលធ្លាប់ឆ្លងកាត់ពិតជាដឹងច្បាស់ពីអារម្មណ៍មួយនោះហើយថាវាឈឺចាប់ប៉ុនណា តែអ្នកក៏ មិនអាចបង្ខំខ្លួនឯងឲ្យទទួលយកក្តីស្រលាញ់មួយដែលអ្នកមិនពេញចិត្តដូចគ្នាដែរ ជាងនេះទៅទៀតអ្នកកាន់តែខុសដែលធ្វើឲ្យយល់ច្រលំហើយទទួលបានក្តីស្រលាញ់ក្លែងក្លាយពីអ្នក។
បដិសេធថាមិនស្រលាញ់គេជាពាក្យមួយដ៏សែនឈឺចាប់បំផុតចេញពីមាត់អ្នក ហើយនឹងចាក់ទម្លុះបេះដូងមនុស្សម្នាក់ តែបើអ្នកចេះពីវិធីបដិសេធទោះបីជាគេត្រូវឈឺចាប់ក៏អ្នកទាំងពីរនៅតែអាចមើលមុខគ្នាបានដែរ។ តោះទៅមើលពីវិធីសាស្រ្តបដិសេធក្តីស្រលាញ់ដោយមិនបំផ្លាញបេះដូងភាគីម្ខាងទៀត៖
១) និយាយប្រាប់គេតាមត្រង់៖ វាប្រសើរបំផុតប្រសិនបើអ្នកនិយាយប្រាប់គេតាមត្រង់ ប្រាប់ការពិតថាអ្នកមិនបានពេញចិត្តគេទេ អ្នកអាចនឹងមានហេតុផលផ្ទាល់ខ្លួនដ៏ល្អមួយដើម្បីឆ្លើយប្រាប់គេថាហេតុអ្វី។ តែត្រូវចាំថាអ្នកត្រូវបង្ហាញអារម្មណ៍មួយដែលបញ្ជាក់ថា អ្នកមិនបានស្អប់ ឬរើសអើងគេនោះទេ។
២) បដិសេធបែបគួរសមបំផុត៖ ពាក្យមួយគួរសមបំផុតនោះគឺអ្នកគួរប្រាប់គេថា គេជាមនុស្សល្អម្នាក់តែអ្នកគិតថាខ្លួនឯងអ្នកមិនសក្តិសមជាមួយគេទេ ឬនិយាយថា អ្នកជាមនុស្សមានសំណាងដែលបានទទួលក្តីស្រលាញ់ពីគេ តែអ្នកមានមនុស្សដែលអ្នកពេញចិត្តរួចទៅហើយ ឬពាក្យមួយឃ្លាទៀតគឺ អ្នកក៏ពេញចិត្តគេដូចគ្នាតែរវាងអ្នកទាំងពីរគួរប្រើក្តីស្រលាញ់បែបមិត្តធម្មតាទៅបានហើយ។
៣) និយាយជាមួយគេដោយផ្ទាល់៖ នៅពេលដែលអ្នកដឹងថាមនុស្សម្នាក់ពេញចិត្តអ្នក តែអ្នកមិនអាចទទួលយកគេបាន សូមកុំព្យាយាមឲ្យនរណាម្នាក់ផ្សេងទៀតមកដឹងពីរឿងទាំងនេះអី។ អ្នកគួររកឱកាសល្អណាមួយនិយាយជាមួយគេតែពីរនាក់ពីបញ្ហាមួយនេះ គ្មានភាគីទីបីឬទីបួនចូលរួមឡើយ។
៤) ផ្តល់ការគោរពដល់គ្នាទៅវិញទៅមក៖ បង្ហាញអារម្មណ៍ថា អ្នកពិតជាសោកស្តាយដែលមិនអាចទទួលក្តីស្រលាញ់មួយនោះបាន សោកស្តាយចំពោះការបដិសេធមួយនេះតែអ្នកមិនអាចបង្ខំខ្លួនឯងឲ្យទទួលយកវាបានឡើយ ក៏រឹតតែមិនអាចបង្ខំឲ្យខ្លួនឯងធ្វើបាបចិត្តគេព្រោះគេត្រូវទទួលក្តីស្រលាញ់ក្លែងក្លាយពីអ្នកដែរ។ តែអ្វីដែលអ្នកត្រូវបង្ហាញឲ្យគេឃើញនោះគឺ ត្រូវចៀសវាងការនិយាយបែបសើចៗ ព្រោះមើលទៅដូចជាការចំអកឡកឡើយឲ្យគេដូច្នោះដែរ។
៥) ធ្វើការចរចារដោយសន្តិវិធី៖ ពេលខ្លះអ្នកបដិសេធជាមួយគេពិតមែន តែចម្លើយដែលអ្នកផ្តល់ទៅគេវាខុសពីអ្វីដែលនៅក្នុងចិត្តអ្នក វាគ្រាន់តែជាការក្បត់នូវអារម្មណ៍ខ្លួនឯងប៉ុណ្ណោះតែអ្នកត្រូវតែធ្វើបែបនេះដោយហេតុផលមួយមិនអាចចៀសបាន។ ដូចន្នេះអ្វីដែលអ្នកត្រូវធ្វើពេលស្ថិតក្នុងស្ថានការណ៍បែបនេះគឺអ្នកត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឯងឲ្យបាន គ្រប់គ្រងសំលេងរបស់អ្នក ទោះអ្នកអួលដើមកខ្លាំងក៏ត្រូវប្រឹងទប់សិនដែរ ព្យាយាមមើលភ្នែករបស់គេឲ្យគេជឿជាក់ថាអ្វីដែលអ្នកនិយាយគឺពិតប្រាកដថាអ្នកពិតជាមិនអាចទទួលគេបានពិតមែន។
វិធីសាស្រ្តទាំងនេះវាអាចនឹងពិបាកក្នុងការអនុវត្ត តែក៏ជាអ្វីដែលអ្នកត្រូវធ្វើឲ្យបានប្រសិនបើអ្នកពិតជាមិនអាចទទួលយកមនុស្សម្នាក់នោះមែន។ បើអ្នកដែលស្ថិតក្នុងចំនុចទី ៥ គឺកាន់តែពិបាកពោលពាក្យទាំងនោះចេញ កាន់តែពិបាកសម្តែងឲ្យគេជឿជាក់ថាយើងគ្មានចិត្តលើគេ តែបើមានហេតុផលមួយដែលអ្នកពិតជាត្រូវបដិសេធក្តីស្រលាញ់មួយនោះមែនអ្នកត្រូវក្លាហានធ្វើវា។ ផ្ទុយទៅវិញបើអ្នកគិតថាអ្នកស្រលាញ់គេខ្លាំង សាកល្បងជំនះឧបសគ្គជាមួយគ្នាសិនទៅកុំព្យាយាមបំផ្លាញចិត្តគេ ព្រោះអ្នកក៏នឹងបំផ្លាញចិត្តខ្លួនឯងដូចគ្នាដែរ៕
ដោយ៖ យ៉ាយ៉ា