ជប៉ុននៅតែនាំមុខគេក្នុងចំនោមប្រទេសដែលដាក់ទុនវិនិយោគក្នុងប្រទេសវៀតណាម
ការវិនិយោគផ្ទាល់ពីបរទេស FDI ក្នុងប្រទេសវៀតណាមហាក់មានសន្ទុះខ្លាំងក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលជាមួយគ្នានេះដែរគេបានសង្កេតឃើញថាជប៉ុននៅតែបន្តឈរជាប្រទេសមួយដែលមានគម្រោងវិនិយោគច្រើនក្នុងប្រទេសមួយនេះ។
វៀតណាមទទួលបានគម្រោងវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងទឹកប្រាក់ប្រមាណ ៣៥.៤៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨ ដែលគិតជាភាគរយប្រមាណ ៩៨.៨% នៃតួលេខក្នុងឆ្នាំចាស់ (២០១៧)។ តាមទិន្នន័យពីក្រសួងផែនការ និងវិនិយោគវៀតណាម (MPI) បានបង្ហាញថា ១១២ ប្រទេសបានចូលរួមក្នុងសកម្មភាពវិនិយោគនៅលើទឹកដីរបស់ខ្លួន ក្នុងនោះជប៉ុននាំមុខគេលើទឹកប្រាក់វិនិយោគ ៨.៥៩ ប៊ីលានដុល្លារ បើគិតជាភាគរយចំនួន ២៤% នៃការវិនិយោគបរទេសសរុប។
គិតមកត្រឹមខែមករា ២០១៩ គម្រោង FDI សម្រាប់ប្រទេសវៀតណាមត្រូវបានគេរំពឹងថា មានការកើនឡើងក្នុងទឹកប្រាក់ប្រមាណ ១.១៥ ប៊ីលានដុល្លារ កើនជាងឆ្នាំ ២០១៨ ៩.២%។ យោងតាមក្រសួងផែនការ និងវិនិយោគវៀតណាម (MPI) ដដែលបានបន្តទៀតថា គិតត្រឹមថ្ងៃទី២០ ខែមករា ២០១៩ មានគម្រោងវិនិយោគថ្មីចំនួន ២២៦ ត្រូវបានអនុម័តក្នុងការវិនិយោគមានតម្លៃស្មើ ៨០៥ ប៊ីលានដុល្លារ កើនឡើង ៨១.៩% ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គម្រោងវិនិយោគរបស់ប្រទេសជប៉ុនឈរនៅលំដាប់លេខ ១ ជាមួយដើមទុនជាង ៣៤៦ លានដុល្លារ កូរ៉េខាងត្បូងស្ថិតក្នុងលំដាប់លេខ ២ ជាមួយទុនវិនិយោគ ៣៤៩.១ លានដុល្លារ និងតាមពីក្រោយដោយប្រទេសចិន ៣០៧.៨ លានដុល្លារ។
តាមសារព័ត៌មានវៀតណាម Vietnam Investment Review បានឲ្យដឹងថា ក្រុមហ៊ុនដែលត្រូវបានគេកត់សម្គាល់ក្នុងការវិនិយោគលើទឹកដីវៀតណាមមានដូចជា៖
១) Kyoshin (Vietnam) Company Limited ទទួលបានវិញ្ញាបនបត្រវិនិយោគថ្ងៃទី ១៧ មករា ២០១៩ បន្ថែមក្នុងទឹកប្រាក់ ១៣៤.៧ លានដុល្លារ។ ក្រុមហ៊ុននេះធ្វើការវិនិយោគលើផ្នែកផលិតកម្ម (Manufacturing) កែច្នៃ នាំចេញបង្គុំគ្រឿងអេឡិចត្រូនិក និងដែកថែប។
២) Katolec Global Logistics Vietnam Company ទទួលបានអាជ្ញាប័ណ្ណ នៅដើមឆ្នាំ ២០១៩ ក្នុងទុនវិនិយោគ ៦៥ លានដុល្លារ វិនិយោគលើឃ្លាំងនិងការស្តុកទំនិញនៅ ហាណាម។
៣) Sews-Components Vietnam Co., Ltd ក៏ទទួលបានអាជ្ញាប័ណ្ណកាលពីដើមឆ្នាំ ២០១៩ ដែរជាមួយទឹកប្រាក់វិនិយោគ ៦៤.៨៩ លានដុល្លារនៅ Hung Yen។ ក្រុមហ៊ុនមួនេះដាក់ទុនវិនិយោគលើផលិតកម្មអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិច និងផ្នែកនៃគ្រឿងយន្តឡានម៉ូតូ។
លោក Goki Nobuta អ្នកចាត់ការទូទៅនៃ Thang Long Industrial Park Corporation (Vinh Phuc) បាននិយាយថាការវិនិយោគក្នុងប្រទេសវៀតណាមមានការកើនឡើងយ៉ាងខ្លាំង។ បច្ចុប្បន្នមានក្រុមហ៊ុនជប៉ុនចំនួន ៨ បានដាក់ទុនវិនិយោគក្នុងសួនឧស្សាហកម្ម Thang Long មួយនេះ។ យោងតាម VNEconomy បានឲ្យដឹងថា តាមការរំពឹងទុកនឹងមានក្រុមហ៊ុនជប៉ុនមិនតិចជាង ៨០ ដែរដែលនឹងមកវិនិយោគបន្ថែមក្នុងតំបន់ឧស្សាហកម្មនេះ។
ការវិនិយោគដោយផ្ទាល់ពីបរទេសហាក់មានភាពវិជ្ជមានខ្លាំងសម្រាប់ដើមឆ្នាំ ២០១៩ ដែលបង្ហាញពីទស្សនវិស័យដ៏សុទិដ្ឋិនិយមពេញមួយឆ្នាំ។ តែទោះជាយ៉ាងណាក៏ដោយ លោក Vo Tri Thanh ដែលជាអតីតអនុប្រធានវិទ្យាស្ថានសេដ្ឋកិច្ចនិងគ្រប់គ្រង (CIEM) បានឲ្យដឹងថា លំហូរនៃការវិនិយោគហាក់មានការពិបាកព្យាករណ៍បន្តិចព្រោះគ្មានស្ថេរភាពនៃសេដ្ឋកិច្ចពិភព៕
ដោយ៖ យ៉ាយ៉ា