លោកស្រី ច្រែង រតនា៖ ផ្សារហ៊ុនគឺ ជាយុទ្ធសាស្រ្ដនៃការចាកចេញ!
កាលពីថ្ងៃ ២៩ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្ដីការគណៈកម្មការមូលបត្រកម្ពុជា បានរៀបចំសិក្ខារផ្សព្វផ្សាយ សម្រាប់អ្នកសារព័ត៌មានលើក ទី ៩ ស្ដីអំពី ចំណុចគន្លឹះសំខាន់ៗដែលអ្នកសារព័ត៌មានគួរយល់ដឹងក្នុងវិស័យមូលបត្រ។ សិក្ខាសាលាកាលពីម្សិលមិញនេះមានវាគ្មិនឆ្នើមៗជាច្រើនរូបចូលខ្លួនមកបកស្រាយជាច្រើនរូបពាក់ព័ន្ធទៅវិស័យមូលបត្រនៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះផងដែរលោកស្រី ច្រែង រតនា ដែលមន្រ្ដីការិយាល័យបោះផ្សាយមូលបត្រ និង ឯកសារផ្ដល់ព័ត៌មាននៃ គណៈកម្មការមូលបត្រកម្ពុជា បានធ្វើការបកស្រាយយ៉ាងក្បោះក្បាយពី អំពីអត្ថប្រយោជន៍ដែលទទួលបានពីការស្វែងរកធនធានបន្ថែមពីវិស័យ មូលបត្រ និង គម្រោងវិនិយោគរួមជូនទៅដល់សិក្ខាកាមទាំងមូល។
លោកស្រី បានបញ្ជាក់យ៉ាងច្បាស់ថានៅក្នុងផ្សារមូលបត្រកម្ពុជាសព្វថ្ងៃមានឧបករណ៍សម្រាប់ជួញដូរសំខាន់ៗច្រើន ដែលមានដូចជា ភាគហ៊ុន មូលបត្របំណុល ឬ សញ្ញាប័ណ្ណ និង គម្រោងវិនិយោគរួមជាដើម។ល។ លោកស្រីបានបន្ដថា នៅក្នុងផ្សារភាគហ៊ុនគេបានបែងចែកផ្សារចេញជាពីរ គឺផ្សារគោល និង ផ្សារកំណើន។ ផ្សារគោលគឺជាផ្សារបង្កើតឡើងតម្រូវឲ្យក្រុមហ៊ុនធំៗជាប្រភេទក្រុមហ៊ុនដែលមហាជនទទួលខុសត្រូវមានកម្រិត (PLC) ហើយមានតម្លៃក្រុមហ៊ុនចាប់ពី ៣០ពាន់លានរៀលឡើងទៅ ( ៧,៥លានដុល្លារសហរដ្ឋអាមេរិក)។ សម្រាប់ផ្សារកំណើន គឺបង្កើតឡើងសម្រាប់ក្រុមហ៊ុនខ្នាតតូច និង មធ្យម ជាក្រុមហ៊ុនដែលមហាជនទទួលខុសត្រូវមានកម្រិត មានតម្លៃក្រុមហ៊ុនចាប់ពី ២ពាន់លានរៀល( ២,៥ លានដុល្លារសហរដ្ឋអាមេរិក) ។
អត្ថប្រយោជន៍សម្រាប់ក្រុមហ៊ុន៖
ក្រុមហ៊ុនដែលចូលទៅវិនិយោគក្នុងផ្សារមូលបត្រកម្មសិទ្ធនិង ក្លាយជាក្រុមហ៊ុនដែលមានអភិបាលកិច្ចសារជីវកម្មល្អ
គ្រប់ក្រុមហ៊ុនដែលចូលក្នុងផ្សារមូលប ត្រត្រូវមានការគ្រប់គ្រង រចនាសម្ព័ន្ធ និង ត្រួតពិនិត្យយ៉ាងល្អិនល្អន់ពីសុខភាពក្រុមហ៊ុនទាំងមូល ដើម្បីកំណត់បានថាគោលដៅទាំងអស់គឺស្ថិតនៅក្នុងការអនុវត្ដតាមគ្រោងការដែលបានកំណត់។
បង្កើនបុគ្គលិកឆ្នើម
ក្នុងន័យនេះលោកស្រី ចែ្រង រតនាបានលើកឡើងក្រុមហ៊ុនមួយចំនួន បានបែកចែកភាគហ៊ុនរបស់ក្រុមហ៊ុនជាបីចំណែក ។ ដោយមួយចំណែកគឺសម្រាប់បុគ្គលិកពួកគេ នូវពេលដែលបុគ្គលិកទទួលបានភាគហ៊ុនរបស់ក្រុមហ៊ុន ពួកគេនឹងក្លាយជាចំណែកម្ចាស់កម្មសិទ្ធរបស់ក្រុមហ៊ុននោះ ដែលវាជាកម្លាំងចលករមួយជួយជម្រុញទៅដល់ ប្រសិទ្ធភាពការងារឲ្យកាន់លូតលាស់ទៅមុខ ក្រុមហ៊ុនកាន់រីកចម្រើន មានផលចំនេញកាន់តែច្រើន ពួកគេក៏នឹងទទួលបានភាគលាភកាន់តែច្រើនដូចគ្នា។ មួយវិញទៀតនៅពេលដែលបុគ្គលិកលាឈប់ ពីកន្លែងធ្វើការរបស់ពួកគេ បុគ្គលិកទាំងនោះ មានសិទ្ធក្នុងការលក់ភាគហ៊ុនរបស់ខ្លួនកំពុងកាន់ទៅអោយម្ចាស់ក្រុមហ៊ុនវិញ។
យុទ្ធសាស្រ្ដនៃការចាកចេញ
សម្រាប់ម្ចាស់ក្រុមហ៊ុន ឬ ក៏ម្ចាស់អាជីវកម្មដែលមានភាពហត់នឿយក្នុងការគ្រប់គ្រងក្រុមហ៊ុនតែម្នាក់ឯង លោកអ្នកអាចធ្វើការចុះបញ្ជីក្នុងផ្សារហ៊ុនបាន ដើម្បីបានបែងចែកហានិភ័យ ការគ្រប់គ្រង សំណាក់ភាគហ៊ុនិកផ្សេងៗបានទៀត តាមរយៈការបោះផ្សាយភាគហ៊ុនរបស់ក្រុមហ៊ុនខ្លួន។ មួយវិញទៀតបើសិនជាម្ចាស់ក្រុមហ៊ុនដែលមានភាគហ៊ុនកាន់ក្នុងដៃនោះ មិនចង់ក្លាយជាកម្មសិទ្ធនៅក្នុងក្រុមហ៊ុននោះទៀត គាត់អាចភាគហ៊ុនយកធ្វើការជួញដូរនៅលើផ្សារហ៊ុនបាន។
ការលើកទឹកចិត្ដពន្ធ
គ្រប់ក្រុមហ៊ុនដែលធ្វើការបោះផ្សាយ មូលបត្របំណុល ឬ កម្មសិទ្ធ នៅក្នុងផ្សារមូលបត្រកម្ពុជានឹង ទទួលបានការលើកទឹកចិត្ដពន្ធដាររយៈពេល បីឆ្នាំ ដូចជាការកាត់បន្ថយពន្ធលើប្រាក់ចំណេញ ការអនុគ្រោះបំណុលពន្ធលើប្រាក់ចំនេញ និង ការព្យួរទុកបង់ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ។
អត្ថប្រយោជន៍ចំពោះវិនិយោគិន និង ភាគហ៊ុនិក៖
បង្កើនសន្ទនីយភាព ភាគហ៊ុនគឺឧបករណ៍មួយងាយស្រួលក្នុងការវិនិយោគ ងាយស្រួលក្នុងការបម្លែងទៅជាសាច់ប្រាក់មកវិញ(Liquity)
បង្កើនឪកាសវិនិយោគ នៅក្នុងផ្សារមូលបត្រយើងមានឧបករណ៍ច្រើនក្នុងការវិនិយោគ ដូចជាភាគហ៊ុន មូលបត្របំណុល គម្រោងវិនិយោគជាដើម។
ទទួលបានភាគលាភ វិនិយោគិន ឬ ភាគហ៊ុនិក នឹងទទួលបានភាគលាភពីក្រុមហ៊ុនដែលខ្លួនបានកាន់ហ៊ុននៃក្រុមហ៊ុន នោះនៅពេលក្រុមហ៊ុនទទួលបានប្រាក់ចំនេញ និង ធ្វើការបែងចែកភាគលាភរៀងរាល់ចុងឆ្នាំម្ដង។
ទទួលបានការបន្ថយពន្ធកាត់ទុក ៥០ភាគរយ ចំពោះវិនិយោគិនមូលបត្រគ្រប់រូប៕
ដោយ៖ ច័ន្ទលាភ