ការធ្វើអាជីវកម្មនៅប្រទេសឥណ្ឌូនេស៊ីក្នុងខែរ៉ាម៉ាឌនមានស្ថានភាពបែបណា?
រ៉ាម៉ាឌន (Ramadan) ខែអ្វី? រ៉ាម៉ាឌនជាខែដ៏ពិសិដ្ឋមួយក្នុងចំណោមខែទាំងអស់សម្រាប់សាសនិកឥស្លាម។ រ៉ាម៉ាឌនជាខែនៃអំណត់តមចំពោះការបរិភោគអាហារនិងទឹកនៅពេលថ្ងៃ ដោយគិតចាប់ពីពេលព្រះអាទិត្យរៀបរះដែលគេហៅថា Fajar រហូតដល់ពេលព្រះអាទិត្យលិច។
ហេតុអ្វីលើកយកប្រទេសឥណ្ឌូនេស៊ីមកនិយាយក្នុងប្រធានបទនេះ? ដូចដែលដឹងមកហើយថា ប្រទេសឥណ្ឌូនេស៊ីជាប្រទេសដែលកាន់សាសនាមូស្លីមធំជាងគេលើពិភពលោក ហើយក៏ជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងដែរ។ ដូចនេះដឹងទេថាក្នុងខែរ៉ាម៉ាឌន ខែអំណត់តមក្នុងការបរិភោគអាហារនៅពេលថ្ងៃនេះ តើការធ្វើជំនួញក្នុងប្រទេស ក៏ដូចជាការវិនិយោគរបស់ក្រុមហ៊ុនបរទេសនានាក្នុងប្រទេសនេះប្រព្រឹត្តទៅយ៉ាងណា?
មនុស្សជាច្រើនមានការភាន់ច្រលំថា ក្នុងខែរ៉ាម៉ាឌននេះប្រទេសដែលមានប្រជាជនដែលកាន់សាសនាឥស្លាមដ៏ច្រើននេះ នឹងផ្អាកដំណើរការការងារ និងអាជីវកម្មរបស់គេ តែវាមិនមែនជាការពិតទាំងស្រុងនោះទេ។ អត្ថបទនេះនឹងផ្តល់ជាជំនួយដល់អ្នកដែលមានបំណងធ្វើអាជីវកម្មក្នុងប្រទេសឥណ្ឌូនេស៊ី ឬមានទំនាក់ទំនងការងារជាមួយជនជាតិឥណ្ឌូនេស៊ី ឬជនជាតិណាក៏ដោយដែលកាន់សាសនាឥស្លាម។
តើរ៉ាម៉ាឌនមានផលប៉ះពាល់ដល់អាជីវកម្មដូចម្តេច?
សម្រាប់ខែរ៉ាម៉ាឌនបែបនេះ ជនមូស្លីមត្រូវការក្រោកពីដំណេកលឿនជាងខែធម្មតាដើម្បីបរិភោគអាហារពេលព្រឹករបស់គេគឺនៅចាប់ផ្តើមបរិភោគនៅម៉ោង ៣ទៀបភ្លឺ និងធ្វើការគោរពដល់ Allah មុនពេលព្រះអាទិត្យរះ ហើយបញ្ឈប់ការបរិភោគអាហារនិងផឹកទឹកពេញមួយថ្ងៃ រហូតដល់ពេលថ្ងៃលិចទើបអាចបរិភោគវិញធម្មតា។ ទោះបីជាមានការផ្លាស់ប្តូរម៉ោងបរិភោគអាហារ និងត្រូវអំណត់តមពេញមួយថ្ងៃក៏ដោយ តែមិនមែនមានន័យថាវាត្រូវបញ្ឈប់សកម្មភាពការងារ បញ្ឈប់ការរកស៊ីទាំងស្រុងនោះដែរ មិនមែនតែក្នុងប្រទេសឥណ្ឌូនេស៊ីនិងជនជាតិឥណ្ឌូនេស៊ីទេ តែសម្រាប់ជនមូស្លីមស្ទើរទាំងអស់ជុំវិញពិភពលោកតែម្តង។ ផ្ទុយទៅវិញអ្វី ដែលសំខាន់នៃខែរ៉ាម៉ាឌនគឺការអភិវឌ្ឍភាពអត់ធ្មត់របស់មនុស្សម្នាក់ៗ ហើយពួកគេគួរតែបន្តធ្វើកិច្ចការនានាជាធម្មតាក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមអ្នកជានិយោជកអ្នកគួរសម្របសម្រួលម៉ោងការងារដល់បុគ្គលិកបន្តិច ក្នុងការចូលបំរើការងាររបស់គេក្នុងខែរ៉ាម៉ាឌននេះវាមិនមែនជាការខាតបង់ផលប្រយោជន៍ ឬបាត់បង់ផលិតភាពការងាររបស់ពួកគេក្នុងការកាន់អំណត់តមរបស់ពួកគេនោះទេ។ ចំពោះម៉ោងការងារសម្រាប់ខែរ៉ាម៉ាឌនក្នុងប្រទេសឥណ្ឌូនេស៊ី តរូវបានគេកំណត់ជាទូទៅដូចតទៅ៖
១) ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ការងារចូលម៉ោង ៨:០០ ព្រឹក ចេញ ១៦:៣០រសៀល ម៉ោងសម្រាកថ្ងៃត្រង់គឺ ១២:០០ ដល់ ១២:៣០
២) សម្រាប់ថ្ងៃសុក្រ ការងារចូលម៉ោង ៨:០០ ព្រឹក ចេញ ១៦:៣០រសៀល ម៉ោងសម្រាកថ្ងៃត្រង់គឺ ១១:៣០ ដល់ ១២:៣០
អ្វីដែលអ្នកគួរចងចាំនោះគឺ អ្នកមិនត្រូវអញ្ជើញឬបបួលមិត្តរួមការងារទៅពិសារអាហារថ្ងៃត្រង់ឡើយ សូម្បីតែកាហ្វេ អាហារសម្រន់ ឬទឹក។ មិនតែប៉ុណ្ណោះការប្រើពាក្យសម្តីមិនសមរម្យក៏អ្នកត្រូវមានការប្រុងប្រយ័ត្នដូចគ្នា ព្រោះអំណត់តមនេះមិនមែនតែលើអាហារសម្រាប់ចម្អែតពោះទេ រាល់កំហឹង ពាក្យគ្រោធគ្រាត មិនសមរម្យ និងចំណង់ទាំងឡាយស្ថិតក្នុងការធ្វើអំណត់តមស្ទើរទាំងអស់។
តើវានឹងនាំឲ្យធ្លាក់ចុះផលិតភាពការងាររបស់បុគ្គលិកទេ?
យោងសារមានការផ្លាស់ប្យូរទម្លាប់នៃការទទួលទានអាហារ និងដំណេកគេគិតថាក្នុងខែរ៉ាម៉ាឌនច្បាស់ជាមានការប៉ះពាល់ដល់ផលិតភាពការងាររបស់បុគ្គលិក។ តែការសង្កេតជាទូទៅបានឃើញថាផលិតភាពការងារមិនបានធ្លាក់ចុះឡើយ ព្រោះពាក្យថាអំណត់ទ្រាំជាកម្លាំងជំរុញឲ្យពួកគេបំពេញការងារប្រចាំថ្ងៃបានដោយធម្មតា។ ស្របពេលជាមួយគ្នានេះដែរ វាត្រូវបានគេសម្គាល់បន្តិចដែរថា បុគ្គលិកមួយចំនួនមិនទទួលយកគម្រោង Project ថ្មីណាមួយឡើយដោយរងចាំរហូតផុតខែរ៉ាម៉ាឌននេះសិន វាមិនមែនជាលេសអ្វីមួយទេតែគេចង់បំពេញរ៉ាម៉ាឌនរបស់ពួកគេឲ្យបានចប់ចុងចប់ដើម និងពេញលេញតែប៉ុណ្ណោះ ម៉្យាងក្នុងមួយឆ្នាំពួកគេបានជួបរ៉ាម៉ាឌនតែ ២៩ ឬ ៣០ថ្ងៃប៉ុណ្ណោះបើគេព្រងើយកណ្តើយពេលនេះ គេអាចនឹងមិនបានជួបវានៅឆ្នាំបន្ទាប់ក៏ថាបាន។ ដូច្នេះបើអ្នកមានក្រុមហ៊ុនកំពុងដំណើរការ ឬមានបំណងចង់ធ្វើអាជីវកម្មក្នុងប្រទេសឥណ្ឌូនេស៊ី ឬមានដៃគូរការងារដៃគូរជំនួញជាជនជាតិឥណ្ឌូនេស៊ី អ្នកមិនបាច់ព្រួយបារម្ភពីអាជីវកម្ម ឬផលិតភាពការងារក្នុងខែរ៉ាម៉ាឌននេះទេ៕
ដោយ៖ យ៉ាយ៉ា