ម៉ាឡេស៊ីក្លាយជាទីតាំងចោលសំរាមនិងកាកសំណល់ប្លាស្ទិកពីប្រទេសអភិវឌ្ឍន៍នានា​



បន្ទាប់ពីពីចិនបិទទ្វារលែងទទួលកាកសំណល់ប្លាស្ទិកមក ម៉ាឡេស៊ីកំពុងក្លាយជាគោលដៅនៃការបោះចោលកាកសំណល់ពីប្រទេសនានាជាច្រើន។

កាលពីថ្ងៃទី ១ ខែមករាឆ្នាំមុន ប្រទេសចិនបានប្រកាសថា ខ្លួននឹងបញ្ឈប់ការទទួលយកសំរាមប្លាស្ទិកដែលអាចកែច្នៃឡើងវិញ ដោយលើកឡើងពីកង្វល់បរិស្ថាននិងការកើនឡើងនៃកាកសំណល់ក្នុងតំបន់។

ប្រទេសអភិវឌ្ឍន៍មួយចំនួនកំពុងតែច្របូលច្របល់ក្នុងការស្វែងរកកន្លែងដើម្បីចោលសំរាម និងកាកសំណល់ឲ្យផុតពីប្រទេសខ្លួន ក៏ដូចជាការកែច្នៃឡើងវិញនូវសំណល់ទាំងនោះ។ ក្រុមហ៊ុនកែច្នៃសំរាមមួយរបស់ចិន បានចូលមលប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកឱកាសថ្មីក្នុងអាជីវកម្មនៃការកែច្នៃសំរាម ក៏ដូចជាការពារដល់បរិស្ថានដែរ។ រដ្ឋាភិបាលម៉ាឡេស៊ីកំពុងពិចារណាលើគម្រោងមួយនេះ ហើយពួកគេដឹងច្បាស់ពីការកៃច្នៃឡើងវិញនៃសំណល់ប្លាសស្ទិចទាំងនោះ ទើបនៅ Putrajaya គេបានដាក់វិធានការយ៉ាងតឹងរ៉ឹងចំពោះបញ្ហាសំរាម ក៏ដូចជាបង្កកជាបណ្តោះអាសន្ននូវការនាំចូលសំរាម ពិសេសសំណល់ប្លាស្ទិចពីប្រទេសផ្សេង។ មានក្រុមហ៊ុនមួយចំនួនបានបញ្ជាក់ថា ពួកគេមើលឃើញសំរាមទាំងនោះដូចជារ៉ែមានតម្លៃ ការនាំចូលនិងធ្វើការកែច្នៃកាកសំណល់ពីបរទេស ហើយលក់វាចេញបន្ទាប់ពីកែច្នៃរួចទៅដល់ផលិតកម្មដែលមានតម្រូវការ វាហាក់ជាការចំណាយទាបមួយលើវត្ថុធាតុដើម និងមិនពិបាករកទៀត។ តែអ្វីដែលជាឧបសគ្គពិតប្រាកដគឺ ពួកគេចាំចាប់ត្រូវទទួលអាជ្ញាប័ណ្ណពី Approved Permit (AP) ជាមុនសិនក្នុងការនាំចូលកាកសំណល់ទាំងនោះ។

ម៉ាឡេស៊ីបានក្លាយជាប្រទេសដែលមានការនាំចូលសំរាមច្រើន

ចំនួនជាផ្លូវការបនាបង្ហាញថាចន្លោះពីខែមករាទៅខែកក្កដា ២០១៨ ម៉ាឡេស៊ីបាននាំចូលសំណល់ប្លាស្ទិកពីប្រទេសធំៗចំនួន ១០ ដែលបរិមាណមានការលោតឡើងរហូតទៅដល់ ៤៥៦,០០០តោន ដែលកាលពីឆ្នាំ២០១៧ មានតែ ៣១៦,០០០តោន និង ឆ្នាំ ២០១៦ មានត្រឹមតែ ១៦៨,៥០០តោនប៉ុណ្ណោះ។ 

 

គិតត្រឹមរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ការនាំសំណល់ប្លាស្ទិកពីសហរដ្ឋអាមេរិកតែមួយប៉ុណ្ណោះមានប្រមាណ ១៩៥,៤៤៤តោន បាត់ទៅហើយ ដែលគេចាត់ទុកថាសហរដ្ឋអាមេរិកជាប្រទេសធំជាងគេដែលនាំកាកសំណល់ប្លាស្ទិកចូលប្រទេសម៉ាឡេស៊ី។ ចំនួននេះត្រូវបានគេគណនាថាកើនឡើងទ្វេរដងនៃឆ្នាំ ២០១៧ (កើន ៩៧,៥៤៤តោន) ខណៈដែលសិង្ហបុរីនាំចេញសំណល់ប្លាស្ទិចចូលទៅកាន់ប្រទេសនេះចំនួនប្រមាណ ១៩,០០០តោន (២០១៧)។ ស្របពេលដែលម៉ាឡេស៊ីកំពុងក្លាយជាគោលដៅ និងការសំលឹងពីប្រទេសនានាដើម្បីចោលកាកសំណល់របស់ខ្លួន ឧស្សាហកម្មនៃការកែច្នៃសំរាមក៏ហាក់មានការលោតឡើងខ្ពស់គួរឲ្យកត់សម្គាល់ដែរ។

 

ស្ថានភាពសំរាមក្នុងប្រទេសម៉ាឡេស៊ី

រោងចក្រកែច្នៃសំរាមកំពុងមានការកើនឡើង ខណៈដែលឧស្សាហកម្មនេះអាចជួយកែច្នៃសំរាមមួយចំនួនឲ្យមានប្រយោជន៍ប្រើប្រាស់ឡើងវិញបាន។ តែសំណល់រឹងមួយដំនួនទៀតក៏នៅតែបន្តបោះចោលដូចធម្មតាដោយសារមិនអាចកែច្នៃ និងយកទៅប្រើប្រាស់សារជាថ្មីវិញបាន។ 

 

ប្រភពរូប៖ CAN

ភាពរាយប៉ាយនៃការចោលកាកសំណល់ទាំងនោះនៅតែមាន ការដុតបំផ្លាញកាកសំណល់រឹងទាំងនោះនៅតែបន្ត ពិសេសដើម្បីចៀសវាងការសួរនាំច្រើនគេនាំគ្នាដុតបំផ្លាញសំរាមទាំងនោះនៅពេលយប់  នេះបើតាមការឲ្យដឹងពីប្រជាជនក្នុងតំបន់   Kuala Langat។ ប្រជាជនក្នុងតំបន់នេះក៏បន្តទៀតដែរថា ផ្សែងពុលដែលបានមកពីការដុតសំរាមទាំងនោះធ្វើឲ្យពួកគេពិបាកដកដង្ហើម។

 

 ប្រភពរូប៖ CAN

ទំនួលខុសត្រូវ និងការឆ្លើយតបរបស់អាជ្ញាធរ

អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលម៉ាឡេស៊ីបានចេញសកម្មភាពលើការគ្រប់គ្រងសំរាមក្នុងប្រទេសនេះ។ ក្រសួងផែនការលំនៅដ្ឋាននិងរដ្ឋបាលម៉ាឡេស៊ី សហការណ៍ជាមួយអាជ្ញាធរក្នុងតំបន់បានចុះបិទរោងចក្រកែច្នៃប្លាស្ទិចខុសច្បាប់ចំនួន ៣៤ ក្នុងចំណោម ៤០ រោងចក្រនៅ Kuala Langat ដោយការកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គសនី និងទឹក។

អត្ថប្រយោជន៍ដែលបានមកពីការកែច្នៃសំរាមឡើងវិញ 

ការកែច្នៃសំរាម និងកាកសំណល់ប្លាស្ទិចវាមិនអាក្រក់ទេ រដ្ឋាភិបាលម៉ាឡេស៊ីក៏ ដឹងច្បាស់ដែរពីផលនឹងទទួលបានមកវិញនោះ។ ក្រសួងផែនការលំនៅស្ថាន និងរដ្ឋបាលម៉ាឡេស៊ីបាននិយាយថា វានឹងផ្តល់ផលចំនេញប្រមាណ ៣.៥ប៊ីលានរីងគីត (លុយម៉ាឡេស៊ី) ក្នុងមួយឆ្នាំដែលវាជួយដល់សេដ្ឋកិច្ចប្រទេស ចូលរួមបង្កើនការងារជាង ៣,០០០កន្លែង និងទាក់ទាញវិនោយោគិនបរទេសក្នុងាករវិនិយោគបន្ថែមទៀត៕

ដោយ៖ យ៉ាយ៉ា

 

X
5s