សិង្ហបុរីក្លាយជាទីក្រុងដែលមានតម្លៃថ្លៃ និងមានការប្រកួតប្រជែងខ្ពស់ជាងគេក្នុងចំណោមទីក្រុងក្នុងពិភពលោក​



ក្នុងនាមជាកូននាគក្នុងតំបន់ ប្រទេសដីកោះដែលមានផ្ទៃដីតូចហ៊ុមព័ទ្ធទៅដោយសមុទ្រមួយនេះកំពុងបន្តធ្វើឲ្យសេដ្ឋកិច្ចខ្លួនមានភាពប្រកួតប្រជែងខ្លាំងបំផុតទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិទាំងមូល ជាមួយ GDP ៣៦១.១០៩ ប៊ីលានដុល្លារក្នុងឆ្នាំ ២០១៨។

សេដ្ឋកិច្ចប្រទេសសិង្ហបុរីបច្ចុប្បន្នគឺមានភាពប្រកួតប្រជែងខ្ពស់ជាងគេបំផុតលើពិភពលោក នេះបើយោងតាមការចាត់ថា្នក់ប្រចាំឆ្នាំពី IMD Business School។ សារព័ត៌មាន Bloomberg បានឲ្យដឹងដែរថា កាលពីឆ្នាំ ២០១៨  សហរដ្ឋអាមេរិកបានឈរនៅលំដាប់លេខ ១ តែត្រូវធ្លាក់មកនៅត្រឹមលេខ ៣ វិញក្នុងឆ្នាំនេះនៅពីក្រោយខ្នង សិង្ហបុរី និងហុងកុង។

ការព្យាករណ៍សេដ្ឋកិច្ចនៃ ៦៣ ប្រទេសក្នុងពិភពលោកផ្អែកលើសូចនាករចំនួន ២៣៥ ដែលក្នុងនោះរួមមាន និកម្មភាព ផលិតផលក្នុងស្រុកសរុប (GDP) និងអំពើពុករលួយ។ ក្នុងឆ្នាំនេះគេកត់សម្គាល់ថា សិង្ហបុរីបានកាន់កាប់តំណែងកំពូលផ្នែកបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់ដែលនាំភាពអំណោយផលដល់ការធ្វើអន្តោប្រវេសន៍។ តាមការបញ្ជាក់ពី IMD Business School ដដែលបានបន្តថា សិង្ហបុរីត្រូវាបានគេចាត់ទុកថាជាទីក្រុងដែលមានតម្លៃថ្លៃជាងគេហើយបានឈ្នះ ៥ ដងជាប់គ្នាដែរ ពេលនេះអ្នកលើកពានទាំងបីនាក់មានដូចជា ទីក្រុងប៉ារីស ហុងកុង និងសិង្ហបុរីផ្ទាល់។

បើយោតតាម Economist Intelligence Unit សិង្ហបុរីជាទីក្រុងដែលមានតម្លៃនៃការរស់នៅ (Cost of Living) ខ្ពស់ក្នុងចំណោម ១៣៣ ទីក្រុងក្នុងពិភពលោក។ ដោយឡែកយោងតាម Business Today បានបញ្ជាក់បន្ថែមមួយចំនួនដែរថា សិង្ហបុរីជាប្រទេសនិងជាទីក្រុងដែលពលរដ្ឋពោរពេញទៅដោយសមត្ថភាព និងចំណេះដឹង មានប្រព័ន្ធអប់រំល្អលំដាប់អន្តរជាតិ និងជាកន្លែងដែលវិនិយោគិនសម្លឹងមើលសំរាប់អាជីវកម្មថ្មីទោះបីប្រទេសនេះមានអាជីវកម្មអន្តរជាតិឈានជើងចូលជាច្រើនហើយក្តី។

គួរបញ្ជាក់ផងដែរថា សិង្ហបុរីជាប្រទេសដែលមានអតិផរណាទាប ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់សិង្ហបុរីគឺមានភាពល្អប្រសើរ។ ប្រជាជនភាគច្រើនប្រើប្រាស់ការទូទាត់សាច់ប្រាក់អេឡិចត្រូនិក (E-Payment) ដែលជំរុញការកាត់បន្ថយសាច់ប្រាក់ និងជំនួសមកវិញដោយបច្ចេកវិទ្យាហរិញ្ញវត្ថុជាហេតុនៃដំណើរការប្រព័ន្ធធនាគារបានល្អប្រសើរ៕

ដោយ៖ យ៉ាយ៉ា

 

 

 

X
5s