ឧកញ៉ា លីម ហ៊ួរនីតូ៖ ប្រទេសកម្ពុជាមានសក្ដានុពល ៣ យ៉ាងពិសេសជាងប្រទេសដទៃ
ក្នុងកម្មវិធីជួបជុំមួយដែលបានធ្វើឡើងដោយ Two Way Agency ដោយមានអ្នកចូលរួមសុទ្ធតែជាអ្នកឈ្នះពានរង្វាន់អចលទ្រព្យ Property Guru ឆ្នាំ២០១៩ និងអ្នកសារព័ត៌មានជាច្រើនរូប បានជជែកពិភាក្សាគ្នាអំពីអចលទ្រព្យកម្ពុជា និងការធ្វើការសាកសួរទាក់ទងនឹងចំណាប់អារម្មណ៍របស់អ្នកទទួលបានពានរង្វាន់។
លោកឧកញ៉ា លីម ហ៊ួរនីតូ អ្នកអភិវឌ្ឍន៍ឆើ្នមក្នុងវិស័យសំណង់នៃក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីង អ៊ិនធើណេសិនណល ហើយថ្មីៗនេះក្រុមហ៊ុនលោកផ្ទាល់ទើបតែទទួលបានពានរង្វាន់អាស៊ី និងអន្តរជាតិពីកម្មវិធី Property Guru ផងនោះ បានផ្តល់បទសម្ភាសស្ដីអំពីរឿង៣ យ៉ាងពិសេសដែលប្រទេសកម្ពុជាកំពុងតែមានសក្ដានុពល។
លោកឧកញ៉ា បានមើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមានសក្តានុពល និងអំណោយផលខ្លាំងជាងប្រទេសដទៃ ហើយក៏ជាគោលដៅធំរបស់វិនិយោគិនបរទេសដែរ។ ជាក់ស្តែងប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍន៍ខ្លាំងគ្រប់វិស័យហើយរឿង៣ ដែលប្រទេសមានលក្ខណៈពិសេសជាងគេនោះគឺ៖
១. ប្រទេសកម្ពុជាមានសណ្ឋានដីដ៏ល្អ មានន័យថាលក្ខណៈដីមានជីជាតិល្អ អាចប្រកបអាជីវកម្ម ធ្វើកសិកម្មបានយ៉ាងប្រសើរ និង ជាពិសេសធ្វើជាសំណង់អាគារធំៗ ខ្ពស់ៗបាន ដោយមិនមានហានិភ័យណាគួរឲ្យព្រួយបារម្ភដូចជា គ្រោះរញ្ជួយដី បន្ទុះភ្នំភ្លើង ឬខ្យល់ព្យុះធំៗឡើយ។ ម៉្យាងទៀតអកាសធាតុមានអំណោយផល ច្រើនតាមរយៈរដូវវស្សា និងរដូវប្រាំងគឺមានភាពទៀងទាត់ល្អជាប្រចាំ។
២. មានព្រំដែនអំណោយផលខ្លាំង កម្ពុជាមិនមែនជាប្រទេសដាច់ស្រយាលឡើយ ផ្ទុយទៅវិញ កម្ពុជាគឺមានព្រំប្រទល់ជាប់នឹងប្រទេសជិតខាងច្រើនដូចជា ថៃ វៀតណាម ឡាវ ។ល។ ដូច្នេះការនាំប្រភេទទំនិញចេញ ហើយនិងចូលពីប្រទេសជិតខាង មួយចំនួន តួយ៉ាង គ្រឿងចក្រ គ្រឿងសំណង់ធំៗ គ្រឿងបរិភោគ ជាដើម គឺមានលក្ខណៈអំណោយផលល្អខ្លាំងណាស់ មានន័យថា ចំណោយថ្លៃដើមតិចតួចក្នុងវិស័យដឹកជញ្ជូន។ វិយោគិនជាច្រើនបាននឹងកំពុងបន្តាក់ទុនមួយចំនួនធំមកក្នុងប្រទេសកម្ពុជា ព្រោះតែសក្តានុពលដ៏ផូរផង់របស់កម្ពុជាធ្វើឲ្យពួកគេចាប់អារម្មណ៍។
៣. កម្លាំងពលកម្មល្អ បើធៀបនឹងប្រទេសដទៃ មានប្រទេសជាច្រើនបានរកស៊ីក្នុងប្រទេសកម្ពុជា ហើយបានផ្តល់ការងារជាច្រើនដល់ប្រជាជនកម្ពុជា។ មូលហេតុចំបងបំផុតដែលក្រុមវិនិយោគិនទាំងនោះសម្រេចមកបន្តាក់ទុនក្នុងប្រទេសកម្ពុជា ព្រោះកម្លាំងពលកម្មនៅកម្ពុជាមានលក្ខណៈសមរម្យ បើធៀបទៅនឹងប្រទេសដទៃ ហើយនឹងអាចធ្វើឲ្យការវិនិយោគរបស់ពួកគេទទួលបានប្រាក់ចំណេញ និងអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃបាន។ មួយវិញទៀតប្រសិនបើកម្លាំងពលកម្មថ្លៃ នឹងធ្វើឲ្យថ្លៃដើមថ្លៃពិបាកប្រកួតប្រជែង ដូច្នេះវិនិយោគិនមានតិចតួចណាស់វិនិយោគនោះ។
សរុបមកវិញយើងឃើញថា កម្ពុជាពិតជាមានសក្តានុពល និង ពោរពេញទៅដោយភាពអស្ចារ្យដូចរឿងទាំងនេះអញ្ចឹង មិនយូរទេប្រទេសកម្ពុជានឹងដើរទាន់គេមិនខាន៕
ដោយ៖ អូស្កា