ចិននឹងសម្លាប់សេដ្ឋកិច្ចខ្លួនឯងបើសិនជាហ៊ានប្រើសម្លឹកបៀរចុងក្រោយក្នុងការឈប់ផ្គត់ផ្គង់រ៉ែកម្រដល់អាមេរិក​



ថ្មីៗនេះប្រទេសចិនប្រកាសគំរាមកំហែងសហរដ្ឋអាមេរិកថាខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់សារធាតុកម្រដល់សហរដ្ឋអាមេរិក។ គោលបំណងធំរបស់ចិនមួយនេះគឺចង់វាយបកទៅនឹងអាមេរិកលើសមរភូមិសង្គ្រាមពាណិជ្ជកម្មដោយចង់ដាក់សម្ពាធទៅលើសេដ្ឋកិច្ចរបស់អាមេរិកដោយគិតថាក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកទាំងប៉ុន្មានដែលត្រូវការសារធាតុកម្រនេះនឹងដាច់ស្បៀងជាក់ជាមិនខាន។

ទោះបីជាប្រទេសចិនជាប្រទេសដែលផ្គត់ផ្គង់សារធាតុរ៉ែកម្រច្រើនជាងគេ (៧០ ភាគរយ)លើពិភពលោកក្ដីប៉ុន្តែបើចិនប្រើសម្លឹកបៀរមួយនេះក្នុងការតបតទៅនឹងអាមេរិកគឺដូចជាយកខ្សែមកចងកខ្លូនឯងវិញទេ នេះបើតាមសម្ដីរបស់លោក Raymond James អ្នកវិភាគរបស់សារព័ត៌មាន The Wall Street Journal ។ ទង្វើមួយនេះគឺមិនអាចឲ្យទីក្រុងប៉េកាំងមានប្រៀបជាងទីក្រុងវ៉ាស៊ីនតោនបានទេលើសង្គ្រាមពាណិជ្ជកម្មនេះដោយសារតែអាមេរិកសព្វថ្ងៃគឺធ្វើការទិញសារធាតុរ៉ែកម្រទាំងនោះតែជាង ៩ ភាគរយប៉ុណ្ណោះសម្រាប់វិស័យឧស្សាហកម្មរបស់ខ្លួនដែលមានតម្លៃជាទឹកប្រាក់ជាង ១៦០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះទេ អាមេរិកគឺជាប្រទេសដែលមានការផលិតបច្ចេកវិទ្យាដែលប្រើប្រាស់សារធាតុរ៉ែកម្រនេះក្នុងបរិមាណតិចតួចប៉ុណ្ណោះ។  

រ៉ែកម្រនេះគឺគេយកមកផលិត កុំព្យូទ័រ ស្មាតហ្វូន ទូរទស្សន៍ស្ដើង ថ្មអាគុយឡាន កង្ហារ បច្ចេកវិទ្យាឡាស៊ែ ដែលបច្ចេកវិទ្យាទាំងនេះគឺសុទ្ធតែផលិតឡើងច្រើនជាងគេនៅក្នុងប្រទេសចិននិងប្រទេសជិតខាងរបស់ប្រទេសមួយនេះ។ ផ្ទុយទៅវិញសម្លឹកបៀរមួយនេះរបស់ប្រទេសចិនមិនអាចធ្វើស៊ីសេដ្ឋកិច្ចអាមេរិកបានដោយងាយស្រួលនោះទេដោយសារសម្លឹកបៀរមួយនេះនឹងសម្លាប់សេដ្ឋកិច្ចរបស់ប្រទេសចិនខ្លួនឯងនិងប្រទេសជិតខាងទាំងនោះ។

ប៉ុន្តែយោងតាម Wells Fargo Investment Institute បានឲ្យដឹងថាផលប៉ះពាល់ដែលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដែលប្រើប្រាស់សារធាតុរ៉ែកម្រនេះទទួលរងគឺត្រូវតម្លើងតម្លៃផលិតផលរបស់ខ្លួនព្រមទាំងអាចពន្យាពេលនៃការផលិតផលិតផលបច្ចេកវិទ្យារបស់ខ្លួនផងដែរ។ ទោះជាយ៉ាងនេះក្ដីការបញ្ឈប់ការផ្គត់ផ្គង់សារធាតុរ៉ែកម្រនេះដល់ប្រទេសអាមេរិកគឺមិនបានបំបាក់សេដ្ឋកិច្ចអាមេរិកបានទេដោយសារតែទំហំផលប៉ះពាល់ទាំងនោះគឺមិនបានធ្វើឲ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកទាល់ច្រកនោះទេ។

ប៉ុន្តែមធ្យោបាយដែលល្អជាងនេះដែលចិនចង់ធ្វើស៊ីក្រុមហ៊ុនអាមេរិកទាំងនោះបានកាន់តែខ្លាំងជាងនេះគឺប្រទេសចិនអាចធ្វើការបញ្ចុះបញ្ចូលដៃគូក្រុមហ៊ុនផ្សេងៗដែលផ្គត់ផ្គង់រ៉ែកម្រនិងផលិតផលបច្ចេកវិទ្យាផ្សេងៗដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដើម្បីជាការដាក់សម្ពាធកាន់តែខ្លាំងដល់ក្រុមហ៊ុនអាមេរិកទាំងនោះ នេះបើយោងតាមសម្ដីរបស់លោក Raymond James ផងដែរ។ ហើយលោកក៍បានបន្តទៀតថាកាលពីមុនប្រទេសចិនបានធ្លាប់បានធ្វើការកាត់បន្ថយការផ្គត់ផ្គង់រ៉ែកម្រដល់ពិភពលោកកាលពីឆ្នាំ ២០១០ ដែលបានធ្វើឲ្យតម្លៃរ៉ែកម្រស្ទុះកើនឡើងហើយក៍បានជំរុញឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះព្យាយាមបង្កើតផលិតផលច្ចេកវិទ្យាដែលប្រើប្រាស់សារធាតុរ៉ែកម្រនោះក្នុងបរិមាណតិចតួចជាងមុន។ ហើយចុងក្រោយប្រទេសចិនក៍ទទួលបរាជ័យក្នុងការក្រឡុកតម្លៃទីផ្សាររ៉ែកម្រទាំងនេះព្រមទាំងបាត់បង់អតិថិជនមួយចំនួនរបស់ខ្លួន។

ដូចនេះបើចិនគិតថាចង់ប្រើប្រាស់មធ្យោបាយមួយនេះក្នុងការចង់ដាក់គំនាបដល់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកគឺមិនងាយស្រួលគិតដូចបកចេកទុំនោះទេ ព្រោះថាតែចិនហ៊ានធ្វើបែបនេះគឺអាចនឹងរុញខ្លួនឯងឲ្យធ្លាក់ចូលគន្លងចាស់របស់ខ្លួនដូចកាលពីឆ្នាំ ២០១០។ ប៉ុន្តែចិនអាចមានសង្ឃឹមខ្លះៗបើសិនជាចិនអាចទាក់ទាញក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកឲ្យឈប់សហការជាមួយក្រុមហ៊ុនអាមេរិកទាំងនោះក្នុងការផ្ដល់នូវសារធាតុរ៉ែកម្រទាំងនោះនិងបច្ចេកវិទ្យាមួយចំនួន។ តែក្នុងស្ថានភាពជាក់ស្ដែងបច្ចុប្បន្ន មិនទាន់មានក្រុមហ៊ុនប្រទេសណាផ្សេងហ៊ានប្រកាស់ខ្លួនចូលដៃជាមួយអាមេរិកក្នុងការធ្វើស៊ីសេដ្ឋកចិ្ចអាមេរិកដោយប្រើប្រាស់សម្លឹកបៀរនេះទេ ហើយដូចនេះអាមេរិកក៍នៅមានផ្លូវផ្សេងទៀតក្នុងការទទួលបានការផ្គត់ផ្គង់រ៉ែកម្រទាំងនោះក្រៅពីប្រទេសចិនតាមរយៈក្រុមហ៊ុនមួយចំនួនផ្សេងទៀតគឺមានដូចជាប្រទេសជប៉ុននិងម៉ាឡេស៊ីជាដើម៕

ដោយ៖ នឿន វណ្ណៈ

 

 

X
5s