មេរៀន ៧ យ៉ាងស្តីពីលុយកាក់របស់អ្នកមាន
អ្នកប្រហែលជាគិតថា អ្នកមានជាមនុស្សលោភលន់មិនចេះស្កប់ស្កល់ មានលុយប៉ុន្មានក៏មិនគ្រប់។ តាមពិតទៅផ្នត់គំនិតរបស់អ្នកមាន ការរកលុយឲ្យបានច្រើនតែមួយមុខមិនមែនជាគោលដៅតែមួយគត់របស់ពួកគេនោះទេ។ អ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺពួកគេចង់កសាងកេរ្តិ៍ឈ្មោះ នាំយកភាពជោគជ័យសម្រាប់ខ្លួនឯង និងចង់ជួយមនុស្សជុំវិញខ្លួនឲ្យកាន់តែច្រើនឡើង។
ហេតុដូច្នេះហើយនៅពេលដែលពួកគេកាន់តែជោគជ័យ លុយក៏រត់មករកពួកគេកាន់តែច្រើន។ នៅពេលពួកគេមានកាន់តែ ច្រើន អ្វីដែលពួកគេត្រូវយកចិត្តទុកដាក់ទៀតនោះគឺថា តើត្រូវគ្រប់គ្រង និងវិនិយោគវាយ៉ាងដូចម្តេច? នេះហើយជាមូលហេតុសំខាន់ដែលអត្ថបទនេះត្រូវបានយកមកចែករំលែកនៅពេលនេះ។
១.មានលុយមានសេរីភាព
ដូចអ្វីដែលអ្នកជំនួញ និងអ្នកវិនិយោគជនជាតិកាណាដាលោក Kevin O'Leary ធ្លាប់និយាយថា "លុយស្មើនឹងសេរីភាព"។ ខណៈដែលលុយមិនអាចទិញសេរីភាពបាន ការមានលុយគ្រប់គ្រាន់មិនត្រឹមតែធ្វើឲ្យអ្នកអាចបំពេញសេចក្តីត្រូវការចាំបាច់របស់អ្នកដូចជា អាហារ ឬជម្រកស្នាក់នៅប៉ុណ្ណោះទេ វាថែមទាំងផ្តល់សេរីភាពឲ្យអ្នកក្នុងការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើ នៅពេលណាក៏ដោយដែលអ្នកចង់ធ្វើ។ អ្នកខ្លាចមេរបស់អ្នកបញ្ឈប់ការងាររបស់អ្នកឬអត់? អ្នកអាចដើរលេងកន្លែងដែលអ្នកចង់ទៅដែរឬទេ? អ្នកអាចទិញអ្វីៗដែលអ្នកចង់បានដែរទេ? ចម្លើយ គឺថា នៅពេលអ្នកមានលុយ អ្វីៗទាំងនេះស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អ្នក។
២.ស្វែងរកការបណ្ដាក់ទុនរាល់ថ្ងៃ
អ្នកមានចូលចិត្តគិតពីអនាគត ដែលនេះហើយជាមូលហេតុធ្វើឲ្យពួកគេចូលចិត្តស្វែងរកឱកាសដើម្បីទាក់ទុនវិនិយោគមិនចេះលោះពេល។ រាប់ចាប់តាំងពីអ្វីៗគ្រប់បែបយ៉ាងដែលអ្នកប្រើប្រាស់បន្ទាប់បន្សំ និងអ្វីៗដែលនៅជុំវិញអ្នក អ្នកមានចូលចិត្តស្វែងរកវិធីធ្វើម៉េចអាចច្នៃវាឲ្យចេញជាលុយបាន។ អ្នកមានចូលចិត្តស្តាប់ណាស់ បើទោះបីជាពួកគេមិនចូលចិត្តបរិយាកាសវិនិយោគដែលពួកគេបានស្ដាប់ឮក៏ដោយ។
៣.ដើរចេញពីការវិនិយោគដែលស្មុគស្មាញ
ដោយសារតែអ្នកមានជាមនុស្សប្រាកដនិយម មានភាពច្បាស់លាស់ ទើបការវិនិយោគដែលមានភាពស្មុគស្មាញបានក្លាយជាមុខជំនួញដ៏គួរឲ្យធុញទ្រាន់សម្រាប់ពួកគេ ជាពិសេសការវិនិយោគណាមួយដែលមិនអាចគ្រប់គ្រងហានិភ័យបាន។ ប្រសិនបើខ្លួនសង្កេតឃើញថា ការវិនិយោគណាមួយត្រូវចំណាយច្រើន ប៉ុន្តែមានសក្ដានុពលតិចតួច ពិបាកយល់ ពិបាកអនុវត្ត ហើយផលប្រយោជន៍ត្រូវបានកេងប្រវ័ញ្ចដោយមិនស្មើភាពដែលប៉ះពាល់ដល់អតិថិជន ឬដៃគូភាគហ៊ុន នោះពួកគេនឹងដកខ្លួនភ្លាម។
៤.ធ្វើយ៉ាងណាក៏ដោយ មិនត្រូវចាយឲ្យលើសចំណូល
ទម្លាប់ចាយលុយខ្ជះខ្ជាយហួសពីសមត្ថភាពរកចំណូលរបស់ខ្លួន វាដើរបញ្ច្រាសទៅនឹងគោលដៅក្លាយជាអ្នកមាន។ យ៉ាងណាមិញ នេះមិនមែនមានន័យថា អ្នកជាមនុស្សម៉ៅស្វិតគ្រប់ពេលនោះទេ។ ពេលខ្លះ ប្រសិនបើអ្នកយល់ថា ការចំណាយណាមួយសំខាន់សម្រាប់ធ្វើឲ្យអ្នកកាន់តែមាន និងមានសមត្ថភាពកាន់តែខ្លាំងដូចជា ចេញលុយបាយថ្ងៃត្រង់ជំនួសអ្នកដែលជួយប្រឹក្សាយោបល់ឲ្យអ្នក វគ្គសិក្សាបែបជំនួញ ឬដំណើរកម្សាន្តបែបជំនួញថ្លៃៗ អ្នកក៏គួរហ៊ានចំណាយវាដែរ។ ប៉ុន្តែសម្រាប់ការចំណាយដែលឥតប្រយោជន៍មួយចំនួន បើមិនចាំបាច់ អ្នកគួរតែកុំចំណាយប្រសើរជាង។
៥.វិនិយោគលើទ្រព្យដែលបង្កើនតម្លៃរហូត
អ្នកមានពិតប្រាកដ មិនចាប់អារម្មណ៍លើការចំណាយណាដែលឥតប្រយោជន៍ដូចជា រថយន្តថ្លៃៗកប់ពពក សំលៀកបំពាក់ ឬសម្ភារៈនិយមដែលឥតបានការនោះទេ។ ផ្ទុយទៅវិញ អ្នកមានចូលចិត្តវិនិយោគលើជំនួញហិរញ្ញវត្ថុដែលតម្លៃកើនឡើងរហូតដូចជា ផ្សារភាគហ៊ុន ជួរជំបួររូបិយប័ណ្ណ អចលនទ្រព្យជាដើម។
៦.មិនវិនិយោគដោយបោះពងមាន់ទាំងអស់ចូលក្នុងកន្ត្រកតែមួយ
អ្នកមានមិនឆោតក្នុងការយកលុយរបស់ខ្លួនទាំងអស់ទៅបោះទុនវិនិយោគលើមុខជំនួញណាមួយនោះទេ។ មូលហេតុដោយសារតែហានិភ័យវាមានច្រើនក្នុងករណីជំនួញមួយនោះដួលរលំ។ ហេតុដូច្នេះហើយបានជា អ្នកមានចូលចិត្តបណ្ដាក់ទុនក្នុងមុខជំនួញផ្សេងៗគ្នាដូចជា ផ្សារភាគហ៊ុន អចលនទ្រព្យ មុខរបរផ្សេងៗទៀតដែលលើសពីមួយឡើងទៅ។ សូមចាំថា ការបណ្ដាក់ទុនផ្សេងៗគ្នា មិនមែនមានន័យថាជាការយកលុយទាំងអស់ទៅបោះទុននៅក្រុមហ៊ុនផ្សេងៗគ្នានោះឡើយ។ វាជាការវិនិយោគទៅលើក្រុមហ៊ុនដែលមានប្រភេទអាជីវកម្មផ្សេងៗគ្នាដូចជា ក្រុមហ៊ុនអចលនទ្រព្យ ហើយក្រៅពីនេះអ្នកគួរបោះទុនទៅក្រុមហ៊ុនផ្សេងដូចជា ក្រុមហ៊ុនលក់រាយ ក្រុមហ៊ុនរថយន្ត ក្រុមហ៊ុនសំណង់ជាដើម។
៧.ទ្រព្យសម្បត្តិនៅតែគ្មានតម្លៃ ប្រសិនបើអ្នកមិនធ្វើឲ្យខ្លួនមានតម្លៃ
ថ្វីត្បិតតែអ្នកមាន មានលុយច្រើនមហាសាលយ៉ាងណាក៏ដោយ ក៏ពួកគេបានដឹងច្បាស់រួចទៅហើយថា លុយមិនអាចទិញក្តីស្រលាញ់ ការគោរពឲ្យតម្លៃ មិត្តភាព ឬសុភមង្គលបានដែរ ប្រសិនបើខ្លួនមិនធ្វើឲ្យខ្លួនឯងមានតម្លៃ។ មនុស្សដែលមានតម្លៃ មិនមែនវាស់ស្ទង់តាមរយៈទឹកលុយនោះឡើយ។ ពួកគេយល់ថា ចង់បានក្តីស្រលាញ់ពីអ្នកដទៃ ខ្លួនត្រូវតែផ្តល់ក្តីស្រលាញ់ឲ្យកាន់តែច្រើន។ ចង់ឲ្យអ្នកដទៃឲ្យតម្លៃ លុះត្រាតែខ្លួនចេះឲ្យតម្លៃអ្នកដទៃវិញដែរ។ នេះគឺជាក្រឹត្យក្រមដែលអ្នកមានប្រកាន់ខ្ជាប់៕
ប្រភព៖ Entreprenuer