ចំណុចទាំង ១០ ដែលអ្នកដឹកនាំមិនត្រូវមើលរំលង​



តើអ្វីទៅជាភាពជាអ្នកដឹកនាំ? បុគ្គលម្នាក់ៗសុទ្ធតែជឿជាក់ថាខ្លួនគេមាននិយមន័យដ៍ល្អផ្ទាល់ខ្លួនអំពីភាពជាអ្នកដឹកនាំប៉ុន្តែពេលដែលឲ្យពួកគេមកនិយាយបកស្រាយអំពីគំនិតយល់ឃើញពីលក្ខណៈនៃភាពជាអ្នកដឹកនាំគឺបុគ្គលមួយចំនួនច្បាស់ជាមានភាពស្ទាក់ស្ទើរក្នុងការពន្យល់អំពីគំនិតយល់ឃើញមួយនេះ។ បើអ្នកមិនទាន់ដឹងពីចំណុចទាំងនោះ ខាងក្រោមនេះគឺជាចំណុទាំង ១០ នៃលក្ខណៈសម្បត្តិរបស់ភាពជាអ្នកដឹកនាំ។

១​. ចក្ខុវិស័យ

ការដឹកនាំតែងតែមានចក្ខុវិស័យហើយធ្វើការចែករំលែកចក្ខុវិស័យទាំងនោះដល់អ្នកដទៃ។ ពេលដែលអ្នកបានក្លាយជាបុគ្គលដ៍មានឥទ្ធិពលមួយរូបដែលអាចបញ្ចុះបញ្ចូលអ្នកដទៃឲ្យយល់ឃើញអ្វីមួយតាមគំនិតយល់ឃើញរបស់អ្នកហើយនោះក្នុងពេលនោះហើយដែលអ្នកនិងមនុស្សទាំងអស់នោះនឹងមានគោលដៅតែមួយដូចរូបអ្នកដែលជាចំណុចដែលអ្នកអាចដឹកនាំទាំងកម្លាំងកាយទាំងកម្លាំងចិត្តរបស់អ្នកទាំងអស់គ្នាជាក្រុមក្នុងការឈានជើងទៅរកភាពជោគជ័យលើគោលដៅណាមួយ។

២. ចេះលើកទឹកចិត្ត

ក្នុងនាមជាអ្នកដឹកនាំមួយរូបអ្នកត្រូវយល់ពីចំណុចសំខាន់នៃការចេះលើកទឹកចិត្តអ្នកដទៃ។ នេះគឺជាចំណុចដែលអ្នកដឹកនាំគ្រប់រូបត្រូវតែមានក្នុងនាមជាអ្នកគ្រប់គ្រងអ្នកដទៃ។ តាមរយៈការលើកទឹកចិត្តអ្នកដឹកនាំអាចប្រមូលមនុស្សជុំវិញខ្លួនឲ្យមានថាមពលកម្លាំងចិត្តក្នុងការប្រកបការងារទៅមុខបានយ៉ាងរលូនប្រកបដោយប្រសិទ្ធភាពក្នុងការសម្រេចបានជោគជ័យលើវត្ថុបំណងទាំងឡាយ។

៣. បម្រើអ្នកដទៃ

ក្នុងនាមជាអ្នកដឹកនាំគឺមិនមែនចាំតែសមាជិកកូនក្រុមចាំតែបម្រើអ្នកនោះទេ។ ផ្ទុយទៅវិញគឺជារូបអ្នកដែលត្រូវបម្រើដល់សមាជិកក្រុមការងារដោយធ្វើការផ្ដល់ភាពគាំទ្រដល់សមាជិកក្រុមគ្រប់រូបផ្ដល់សម្ភារៈតាមតម្រូវការក្នុងការប្រកបការងារឲ្យបានយ៉ាងរលូនហើយត្រូវតែផ្ដល់នូវការទទួលដឹងនិងទទួលស្គាល់ពីសំណាក់អ្នកដឹកនាំនិងក្នុងក្រុមពេលនរណាម្នាក់បានបញ្ចេញកម្លាំងកាយកម្លាំងចិត្តអស់ពីខ្លូនក្នុងការប្រកបការងារបានល្អដាច់គេក្នុងក្រុមនោះ។ ម៉្យាងវិញទៀតអ្នកដឹកនាំត្រូវតែបញ្ចេញសកម្មភាពទាំងឡាយឲ្យសមាជិកក្រុមការងារមានអារម្មណ៍ថាមានថ្នាក់ដឹកនាំចាំជួយកែកុនកំហុសរបស់ពួកគេដើម្បីជួយកែតម្រូវកំហុសទាំងឡាយក្នុងន័យស្ថាបនានិងជួយអភិវឌ្ឍអ្នកទាំងនោះអោយក្លាយជាបុគ្គលឆ្នើមលើការងារមួយនោះ។

៤. ចេះយល់ពីស្ថានភាពរបស់អ្នកដទៃ

ការចេះយល់ចិត្តរបស់អ្នកដទៃគឺជាចំណុចសំខាន់មួយដែលអ្នកដឹកនាំគ្រប់រូបគួរមាន។ នេះគឺជាបញ្ញាស្មារតីដែលជួយអោយអ្នកដឹកនាំចេះយកខ្លូនទៅដាក់ក្នុងអារម្មណ៍និងស្ថានភាពរបស់អ្នកដទៃដែលជួយឲ្យរូបគេយល់ដឹងពីទុក្ខលំបាករបស់អ្នកដទៃជាពិសេសគឺបុគ្គលិកនិងកូនក្រុមការងាររបស់ខ្លូន។ ក្នុងស្ថានភាពបែបនេះគឺអ្នកដឹកនាំច្បាស់ជាយល់ដឹងពីអ្វីដែលរូបគេត្រូវជួយដល់អ្នកទាំងនោះដើម្បីដោះស្រាយបញ្ហាទាំងនោះអោយឈានទៅសម្រេចបានជោគជ័យបានយ៉ាងរលូន។

៥. យល់ដឹងពីសារសំខាន់នៃភាពច្នៃប្រឌិត

អ្នកដឹកនាំត្រូវតែយល់ដឹងពីសារសំខាន់នៃភាពច្នៃប្រឌិតផងដែរ។ មេដឹកនាំដែលល្អគឺជាបុគ្គលដែលអាចបង្កើតបរិយាកាសការងារដែលអាចជួយជំរុញសមាជិកការងារទាំងអស់អោយចេះបំផុសគំនិតច្នៃប្រឌិតនិងអភិវឌ្ឍជំនាញរបស់ខ្លួនអោយរឹងមាំដើម្បីជាគោលក្នុងការឈានជើងទៅរកជ័យជំនះលើគម្រោងឬចក្ខុវិស័យរបស់ក្រុមហ៊ុនការងារណាមួយបានយ៉ាងងាយស្រួល។ ហើយម្យ៉ាងវិញទៀតបើចង់ឲ្យមានសមិទ្ធផលការងារក្រុមល្អឥតខ្ចោះគឺអ្នកដឹកនាំត្រូវចេះឲ្យតម្លៃគំនិតច្នៃប្រឌិតរបស់អ្នកនៅជុំវិញខ្លួនហើយក៍ត្រូវតែសិក្សាពីគំនិតច្នៃប្រឌិតរបស់អ្នកជុំវិញខ្លួនដើម្បីយកមកបូកផ្សំជាមួយគំនិតរបស់អ្នកក្នុងការរកវិធីសាស្ត្រដែលល្អក្នុងការដោះស្រាយបញ្ហាណាមួយ។

៦. មានភាពម៉ត់ចត់

អ្នកដឹកនាំដែលល្អតែងតែមានការរំពឹងទុកខ្ពស់ពីបុគ្គលិកការងាររបស់គេព្រោះដោយសារតែគេចង់ឲ្យការងារសម្រេចបានទៅដល់គោលដៅដោយមានលទ្ធផលល្អ។ មេដឹកនាំបែបនេះគឺពពេញទៅដោយភាពម៉ត់ចត់ដែលតម្រូវអោយបុគ្គលិកការងារទាំងអស់ប្រឹងប្រែងធ្វើការងារឲ្យអស់ពីសមត្ថភាព។ រួមជាមួយនឹងភាពម៉ត់ចត់នេះផងដែរមេដឹកនាំរូបនេះក៍ត្រូវតែចេះស្ដាប់និងអើពើពីមនុស្សជុំវិញខ្លួនក្នុងការស្វែងយល់ពីតម្រូវការរបស់ពួកគេហើយត្រូវចេះផ្ដល់ពេលវេលានិងសម្ភារៈផ្សេងៗដែលពួកគេត្រូវការដើម្បីឲ្យពួកគេសម្រេចការងារបានជោគជ័យ។

៧. ចេះគ្រប់គ្រង

អ្នកដឹកនាំគ្រប់រូបត្រូវតែជាមេទ័ពដែលឈរនៅពីមុខជួរកូនក្រុមពេលចាប់ផ្ដើមប្រតិបត្តិការលើកិច្ចការណាមួយ។ ក្នុងពេលនោះគឺរូបគេត្រូវតែជាមេដឹកនាំដែលដឹកនាំនិងបង្ហាញផ្លូវសមាជិកកូនក្រុមទៅរកជ័យជំនះលើកិច្ចការណាមួយ។ ប៉ុន្តែមេដឹកនាំក៍ត្រូវដឹងថាដល់ចំណុចណាដែលរូបគេត្រូវដកខ្លួនឈប់ធ្វើជាអ្នកបង្ហាញផ្លូវដល់សមាជិកក្រុមដើម្បីឲ្យកូនក្រុមនីមួយៗមានឱកាសក្នុងការចាប់យកបទពិសោធន៍និងបញ្ចេញថ្វីដៃក្នុងពេលចំណុចនេះ។ ការបើកឱកាសបែបនេះដល់ពួកគេគឺជួយជំរុញពួកគេឲ្យមានភាពជឿជាក់លើខ្លួនឯងនិងចេះអភិវឌ្ឍខ្លួនឯងផ្ទាល់។

៨. ការកសាងក្រុមការងារ

អ្នកដឹកនាំគឺត្រូវតែយល់ដឹងពីសារសំខាន់នៃការរក្សាគោលជំហូរការងារជាក្រុមដើម្បីសម្រេចបានជោគជ័យលើកិច្ចការណាមួយ។ ការគ្រប់គ្រងមនុស្សគឺមិនមែនជារឿងងាយស្រួលនោះទេហើយជារឿយៗគឺមានអ្នកដឹកនាំជាច្រើនរូបដែលជួបប្រទះបញ្ហានេះ។ តែបើមេដឹកនាំមានភាពអត់ធ្មត់និងចេះគ្រប់គ្រងមនុស្សដោយទទួលស្គាល់ថាសមាជិកក្រុមការងារម្នាក់ៗមានអត្តចរិតខុសៗគ្នាហើយចេះសម្របខ្លូនទៅតាមចរិតរបស់ពួកគេដោយចេះទុកចិត្តលើសមត្ថភាពរបស់ពួកគេគឺពួកគេនឹងដាក់ចិត្តដាក់បេះដូងក្នុងការប្រកបការងារក្នុងក្រុមបានយ៉ាងល្អ។ ជាពិសេសនោះគឺពេលដែលមានបញ្ហាណាមួយកើតឡើងក្នុងក្រុមការងារគឺរូបគេត្រូវចេញមុខមកដោះស្រាយបញ្ហានោះ។ ចំណែកឯពេលក្រុមការងារសម្រេចបានសមិទ្ធផលជោគជ័យគឺមេដឹកនាំត្រូវតែចេះផ្ដល់រង្វាន់ជាការសរសើរការលើកទឹកចិត្តការតម្លើងប្រាក់បៀវត្សរ៍ឬការចេញលិខិតសរសើរជូនដល់ពួកគេជាដើម។

៩. ការហ៊ានប្រថុយ

ក្នុងនាមជាអ្នកដឹកនាំគឺត្រូវតែហ៊ានប្រថុយលើហានិភ័យផ្សេងៗដែលអ្នកផ្សេងមិនហ៊ានប្រថុយ។ រូបគេជាបុគ្គលដែលមានភាពជឿជាក់លើខ្លួនឯងដែលមិនរារែកក្នុងការសម្រេចចិត្តគ្រប់កាលៈទេសៈ។ ហើយពេលដែលសម្រេចចិត្តខុសគឺរូបគេតែងតែមានភាពក្លាហានក្នុងការហ៊ានទទួលស្គាល់កំហុសរបស់ខ្លួនហើយកែកុនកំហុសនោះឲ្យត្រូវវិញដោយមិនបន្ទោសសមាជិកក្រុមការងារឡើយ។ មេដឹកនាំល្អតែងតែមានមើលធ្លុះពីអនាគតដែលមើលឃើញពីឱកាសក្នុងពេលខាងមុខដែលរូបគេយកមកបង្កើតចក្ខុវិស័យក្នុងការដឹកនាំក្រុមទៅសម្រេចបានជោគជ័យលើឱកាសនោះ។

១០. មានការអភិវឌ្ឍ

អ្នកដឹកនាំតែងតែជំនះរកចំណុចខ្វះខាតរបស់ខ្លួនដើម្បីអភិវឌ្ឍខ្លួនឯងឲ្យល្អប្រសើរជាងមុន។ មិនត្រឹមតែប៉ុណ្ណោះទេមេដឹកនាំគឺជាបុគ្គលដែលអាចកែប្រែបុគ្គលផ្សេងៗឲ្យក្លាយជាមនុស្សអស្ចារ្យដោយធ្វើការអភិវឌ្ឍនិងបណ្ដុះជំនាញរបស់ពួកគេឲ្យល្អប្រសើរ។ និយាយឲ្យចំភាពជាអ្នកដឹកនាំគឺមិនមែនពាក់ព័ន្ធនឹងអ្នកដែលមានអំណាចនិងមានឋានៈធំក្នុងកន្លែងស្ថាប័នការងារទេ។ តែអ្នកដឹកនាំពិតគឺអ្នកដែលមានជំនាញកែប្រែមនុស្សជុំវិញខ្លួនឲ្យក្លាយជាបុគ្គលអស្ចារ្យតាមរយៈបញ្ចូលចក្ខុវិស័យនិងអភិវឌ្ឍមនុស្សទាំងអស់នោះឲ្យក្លាយជាមនុស្សរឹងមាំនិងជោគជ័យ៕

 

ដោយ៖ នឿន វណ្ណៈ

X
5s