Huawei បានចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ 5G នៅរុស្ស៊ីក្នុងជំនួបរវាងមេដឹកនាំលោកស៊ី និងលោកពូទីន
ក្នុងនាមជាក្រុមហ៊ុនចិនមួយដែលអាមេរិកចាត់ទុកថា នឹងគំរាមកំហែងដល់សុវត្ថិភាពអាមេរិកក៏ដូចជាពិភពលោក ពេលនេះ Hauwei បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនទូរគមនាគមន៍ MTS ក្នុងការអភិវឌ្ឍបណ្តាញ 5G នៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះ។
កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើង និងមានការចុះហត្ថលេខាបន្ទាប់ពីកិច្ចជំនួបរវាងមេដឹកនាំចិនលោក ស៊ីជីនពីង និងបុរសខ្លាំងរុស្ស៊ីលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ក្នុងទីក្រុងមូស្គូ។ តាមការលើកឡើងរបស់ក្រុមហ៊ុន MTS បានបង្ហាញថា “ជំនួបនេះបានជាលទ្ធផលលើការអភិវឌ្ឍបច្ចេកវិទ្យា 5G និងការដាក់ដំណើរការសាកល្បងបណ្តាញទំនាក់ទំនងជំនាន់ទី ៥ (5G) នៅឆ្នាំ ២០១៩-២០២០”។
អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Huawei លោក Guo Ping បានលើកថា លោកពិតជាមានភាពរីករាយខ្លាំងណាស់ចំពោះកិច្ចព្រមព្រៀងមួយនេះ ព្រោះក្រុមហ៊ុនខ្លួនកំពុងស្ថិតក្នុងភាពចលាចលនៅឡើយ បន្ទាប់ពីរដ្ឋបាលដូណាល់ត្រាំបានដាក់ការហាមប្រាមលើដំណើរការក្រុមហ៊ុនខ្លួនកាលពីខែឧសភា។
ក្រុមអ្នកជំនាញបាននិយាយថា ការសម្រេចចិត្តរបស់អាមេរិកនឹងត្រូវចូលជាធរមានរយៈពេលបីខែ ក្នុងការគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ក្រុមហ៊ុនចិន ដោយផ្អាកការផ្គត់ផ្គង់លើបន្ទះឈីបនោះ។ គួរបញ្ជាក់ថា មកទល់ពេលនេះមានក្រុមហ៊ុនមិនតិចទេដែលព្យាយាមផ្តាច់ទំនាក់ទំនង និងនៅឲ្យឆ្ងាយពីក្រុមហ៊ុន Huawei ពិសេស Google ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធប្រតិបត្តិការ Android ដល់ស្មាតហ្វូនស្ទើរទូទាំងពិភពលោក។
ដោយឡែកក្រុមហ៊ុន Huawei ក៏បានបន្ថែមចំពោះបណ្តាញ 5G នេះថា មានគំនិតមួយចំនួនគិងថាសក្តានុពលនៃបណ្តាញ 5G របស់ចក្រភពអង់គ្លេសនេះវាមានលក្ខណៈពាក់ព័ន្ធទៅនឹងនយោបាយ តែរដ្ឋាភិបាលរបស់លោកស្រី Theresa May ទទូចថាវាគ្មានការសម្រេចចិត្តណាមួយដែលនាំឲ្យមានបញ្ហាទាក់ទងនឹងផ្នែកនយោបាយឡើយ៕
ដោយ៖ យ៉ាយ៉ា