សិង្ហបុរីកំពុងមានចក្ខុវិស័យចង់ឲ្យប្រទេសខ្លួនក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាយ៉ាងធំក្នុងតំបន់អាស៊ាន
ជាមួយនឹងការខិតខំប្រឹងប្រែងដ៏មមាញឹក ប្រទេសសិង្ហបុរីកំពុងព្យាយាមពង្រាយមន្តស្នេហ៍ក្នុងការទាក់ទាញការវិនិយោគនិងមុខជំនួញខាងវិស័យបច្ចេកវិទ្យាឲ្យរត់មកចូលក្នុងប្រទេសរបស់ខ្លួន។
ក្រុមហ៊ុននិងរដ្ឋាភិបាលរបស់សិង្ហបុរីបាននិយាយថាគោលបំណងធំរបស់ខ្លួនគឺនឹងអភិវឌ្ឍប្រទេសសិង្ហបុរីឲ្យក្លាយជាមជ្ឈមណ្ឌលនៃបចេ្ចកវិទ្យាយ៉ាងធំក្នុងតំបន់នេះក្នុងពេលខាងមុខ។ ប៉ុន្តែបច្ចុប្បន្ននេះ រដ្ឋាភិបាលប្រទេសនេះកំពុងផ្ដោតយ៉ាងខ្លាំងលើការស្វះស្វែងរកអ្នកជំនាញទាំងឡាយដែលមានជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
ជាក់ស្ដែងដូចកាលពីឆ្នាំ្ ២០១០ រដ្ឋាភិបាលសិង្ហបុរីបានធ្វើការអញ្ចើញលោក Paul Bragiel ដែលជាអ្នកវិនិយោគិនជនជាតិអាមេរិកមួយរូបខាងបច្ចេកវិទ្យាឲ្យមកធ្វើទស្សនកិច្ចនិងសិក្សាក្នុងប្រទេសសិង្ហបុរីអំពីវិស័យបច្ចេកវិទ្យាក្នុងកូនប្រទេសមួយនេះ។ កាលពីឆ្នាំនោះ លោកបានយល់ឃើញថាឱកាសរបស់ប្រទេសនេះក្នុងការក្លាយខ្លួនជាប្រទេសដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាយ៉ាងធំមួយគឺមានសង្ឃឹមតិចណាស់ ប៉ុន្តែលោកក៏ទទួលស្គាល់ផងដែរថាប្រទេសមួយនេះអាចមានលទ្ធភាពក្លាយជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបៗប្រើប្រាស់ក្នុងពេលអនាគត។
ក្នុងពេលនោះដែរ អ្នកវិនិយោគិនមួយរូបនេះរួមទាំងក្រុមហ៊ុនវិនិយោគបច្ចេកវិទ្យាបរទេសមួយចំនួនបានត្រូវបានទីភ្ងាក់ងាររដ្ឋាភិបាលសិង្ហបុរីទាក់ទាញចំណាប់អារម្មណ៍របស់ពួកគេឲ្យសម្រេចចិត្តធ្វើការវិនិយោគក្នុងប្រទេសកោះមួយនេះដោយធ្វើការផ្ដល់នូវកិច្ចព្រមព្រៀងវិនិយោគដែលល្អលើសដាច់គេខុសពីប្រទេសផ្សេងៗទៀត។ ហើយលោក Paul Bragiel ក៍បានបន្តទៀតថាកន្លងមករូបលោកបានមើលឃើញទីក្រុងហុងកុងនិងទីក្រុងតូក្យូផងដែរដែលបានទាក់ចិត្តរបស់លោកហើយក៍ជាទីក្រុងដែលមានសក្ដានុពលក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យារបស់ខ្លួនឲ្យឈានមុខគេក្នុងតំបន់នេះដែរ។ តែបន្ទាប់ពីមានចំណាប់អារម្មណ៍ជាមួយនឹងប្រទេសសិង្ហបុរី លោកក៏បានសម្រេចចិត្តធ្វើការវិនិយោគក្នុងក្រុមហ៊ុន Golden Gate Venture ក្នុងប្រទេសមួយនេះដែលក្រុមហ៊ុននេះផ្ដល់សេវាកម្មដល់ក្រុមហ៊ុនផ្សេងៗខាងផ្នែកបច្ចេកវិទ្យាដូចជាសេវាកម្ម E-commerce ជាដើម។
ថ្វីត្បិតតែប្រទេសសិង្ហបុរីជាកូនប្រទេសតូចមែនប៉ុន្តែសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសនេះមានការស្ទុះកើនឡើងគួរអោយកត់សម្គាល់។ ជាពិសេសនោះ មុខជំនួញខាងឧស្សាហកម្ម ហិរញ្ញវត្ថុនិងសេវាកម្មធានារ៉ាប់រងបានក្ដោបចំណូលជាង ១ ភាគ ៣ នៃចំនួនទឹកប្រាក់សរុបជាង ៣៥៦ ពាន់លានដុល្លារអាមេរិកក្នុងសេដ្ឋកិច្ចរបស់កូនប្រទេសមួយនេះ។ ចំណែកឯផ្នែកវិស័យបច្ចេកវិទ្យាក៍បានទាញចំណូលបាន ៤ ភាគរយដែរក្នុងចំណូលសរុបនោះ។ ប៉ុន្តែផ្នែកបច្ចេកវិទ្យាមួយនេះមានសន្ទុះកើនឡើងជាងផ្នែកផ្សេងៗទៀតដោយតាមរយៈការសិក្សាបានអោយដឹងថាផ្នែកបច្ចេកវិទ្យានេះមានការកើនឡើងក្នុងអត្រា ៦.៦ ភាគរយជាប់ៗគ្នាក្នុង ៣ ខែដំបូងក្នុងឆ្នាំ ២០១៩ នេះ។
ហើយយោងតាមការបកស្រាយរបស់លោក Chng Kai Fong ដែលជាប្រធានគ្រប់គ្រងលើផ្នែកការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីបានឲ្យដឹងថារដ្ឋាភិបាលសិង្ហបុរីបច្ចុប្បន្នកំពុងតែព្យាយាមទាក់ទងក្រុមហ៊ុនបរទេសឲ្យមកវិនិយោគក្នុងប្រទេសរបស់ខ្លួនរួមទាំងព្យាយាមទាក់ទាញអ្នកជំនាញពិសេសៗខាងបច្ចេកវិទ្យាជុំវិញពិភពលោកឲ្យវិចបង្វិចមកធ្វើការក្នុងប្រទេសរបស់ខ្លួនផងដែរ។ សិង្ហបុរីមានភាពជឿជាក់ថាក្នុងពេលខាងមុខឆាប់ៗវិស័យបច្ចេកវិទ្យារបស់ខ្លួននឹងរីកមុខរីកមាត់យ៉ាងខ្លាំងដែលនឹងជួយឲ្យប្រទេសមួយនេះឲ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាយ៉ាងធំមួយក្នុងតំបន់៕
ដោយ៖ នឿន វណ្ណៈ