ចិននិងរុស្ស៊ីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធប្រហែលចង់ទប់ទល់នឹងសម្ពាធរបស់អាមេរិក
សម្ព័ន្ធភាពសេដ្ឋកិច្ចដ៏កាន់តែស៊ីជម្រៅរវាងចិននិងរុស្ស៊ីត្រូវបានដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំមួយរបស់មេដឹកនាំកំពូលនៃប្រទេសទាំងពីរ ក្នុងគម្រប់ខួប ៧០ ឆ្នាំនៃចំណងការទូតចិន-រុស្សីកាលពីថ្ងៃពុធទី ០៥ មិថុនា ២០១៩ កន្លងទៅ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានៅវិមានក្រឹមឡាំង (Kremlin) លោកពូទីនបានប្រាប់ទៅអ្នកសារព័ត៌មានថា រូបលោកនិងលោកស៊ីជិនពីង បានធ្វើការពិភាក្សាបែបបើកទូលាយលើប្រធានបទសកលជាច្រើនជាមួយគ្នា។ “យើងបញ្ជាក់ពីជំហរយ៉ាងរឹងមាំរបស់ចិន និងរុស្សីលើបញ្ហាសកលគឺមានលក្ខណៈស្រដៀងគ្នា ឬអាចនិយាយបានថានៅក្នុងទិសដៅមួយស្របគ្នា" ប្រសាសន៍របស់លោកពូទីន។ ក្នុងខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងចិននិងរុស្សីនេះលោក ស៊ី បានធ្វើការប្តេជ្ញាចិត្តរឹតចំណងមិត្តភាពជាមួយប្រទេសរុស្សីឲ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។
ប្រភពរូបពី៖ Getting Image
ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរុស្សី លោកស៊ី បានលើកឡើងថា “យើងនឹងអភិវឌ្ឍទំនាក់ទំនង និងជំរុញកិច្ចសហការជាដៃគូយុទ្ធសាស្រ្តក្នុងយុគសម័យថ្មីរបស់យើង”។ “យើងមានទំនុកចិត្ត និងសមត្ថភាពក្នុងការនាំទំនាក់ទំនងរបស់យើងទៅរកយុគសម័យថ្មីមួយនៃការអភិវឌ្ឍដ៏ធំធេងនៅកម្រិតខ្ពស់ ផ្អែកលើបទពិសោធន៍ និងការសម្រេចបានជាលទ្ធផលរយៈពេល ៧០ ឆ្នាំមកនេះ ហើយពូទីនជាមិត្តដ៏ល្អម្នាក់របស់ខ្ញុំ" លោកស៊ីបញ្ជាក់។
ប្រភពរូបពី៖ SCMP
ខណៈដែលខ្លួនកំពុងមានសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងដោយសារការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុបផងនោះ ជាហេតុជំរុញឲ្យចិនបាននឹងកំពុងព្យាយាមរឹតចំណងមេត្រីភាពជាជាមួយរុស្សីកាន់តែខ្លាំងឡើងៗ។ បើយោងតាមធនាគារកណ្តាលប្រទេសរុស្សីបានបញ្ជាក់ថា លំហូរនៃការវិនិយោគរបស់ចិនបន្តកើនឡើងផ្ទួនៗក្នុងប៉ុន្មានត្រីមាសចុងក្រោយនេះ។
ស្ថិតក្រោមគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិនដើម្បីជំរុញពាណិជ្ជកម្ម ចិនបានវិនិយោគប្រមាណ ២.៥៨ប៊ីលានយ័ន ស្មើប្រមាណ ៣៧៣ លានដុល្លារអាមេរិក។ ក្នុងការសាងសង់មួយផ្នែកនៃស្ពានឆ្លង់កាត់ទន្លេអាមួ ដែលតភ្ជាប់តំបន់ Heihe ក្នុងខេត្ត Heilonghiang ទៅកាន់ទីក្រុងនៃប្រទេសរុស្សី (Blagoveshchensk) ព្រោះវាមានប្រយោជន៍យ៉ាងធំធេងក្នុងការសម្របសម្រួលលើការដឹកជញ្ជូនផលិតផលកសិកម្មពីរុស្សីទៅចិន នេះជាការលើកឡើងរបស់អ្នកសង្កេតការណ៍។
ស្ពានឆ្លងកាត់ទន្លេអាមួ ប្រភពរូបពី៖ New.ru
គួរបញ្ជាក់ថា ជាការឆ្លើយតបទៅនឹងការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មប្រទេសចិនបានកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវពីអាមេរិកយ៉ាងតិចក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ភាពជិតស្និតនេះប្រហែលជាចិនចង់បង្ហាញអំណាចរបស់ខ្លួនជាមួយចំណងទំនាក់ទំនងរវាងរុស្សី ខណៈដែលខ្លួនកំពុងរងទារុណកម្មផ្នែកពន្ធទំនិញទៅកាន់អាមេរិក ក្នុងសង្រ្គាមពាណិជ្ជកម្មនេះ៕
ដោយ៖ យ៉ាយ៉ា