គិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០១៩ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាកើនឡើងជិត៣ពាន់លានដុល្លារ
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រយៈពេល៤ខែដើមឆ្នាំ២០១៩នេះ ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជាមានប្រមាណ ២ ៧៤២ លានដុល្លារ ហើយបើធៀបទៅនឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០១៨ គឺមានការកើនឡើងចំនួន ៦៣,៣៧%។ នេះជាការថ្លែងរបស់ឯកឧត្តម នៅក្នុងឱកាសនៃកម្មវិធីពិធីពិព័រណ៍ដេក័រ និងសំណង់ស្ថាបត្យកម្មកម្ពុជាលើកទី៤ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តមថ្លែងបន្តថា ការបោះទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេសគិតចាប់ពីឆ្នាំ២០០០មកដល់រយៈពេល៤ខែនាដើមឆ្នាំ២០១៩នេះ មានចំនួន ៩៥គម្រោង និងមានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៥ ៦១៥លានដុល្លារ ក្នុងចំណោមអ្នកវិនិយោគបរទេសមកពីចំនួន២១ប្រទេស។ កំណើននៃការវិនិយោគលើវិស័យនេះ ក៏ព្រោះតែវិនិយោគក្នុងស្រុកនិងក្រៅប្រទេសបានសម្លឹងឃើញពីភាពរីកចម្រើននៃវិស័យសេដ្ឋកិច្ចនៅកម្ពុជា ដែលមានកំណើនជាមធ្យមក្នុងរង្វង់ ៧%។
ក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ទុនវិនិយោគក្នុងវិស័យសំណង់មាន ៥ ៧៥៥ លានដុល្លារ បើប្រៀបធៀបទុនវិនិយោគទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៧ គឺមានការកើនឡើង ២៥,៥៥%។
នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសាព័ត៌មាន ឯកឧត្តម មានប្រសាសន៍ថា លោកសូមព្យាករណ៍ជូនថា វិស័យសំណង់នៅកម្ពុជានឹងបន្តការកើនឡើង ទាំងទុនវិនិយោគ កំណើនលើផ្ទៃក្រឡា និងកំណើននៃចំនួនគម្រោង ដូច្នេះពីឆ្នាំ២០១៩ និងឆ្នាំ២០២០ខាងមុខនេះវិស័យសំណង់នៅកម្ពុជានឹងកើនឡើង ព្រោះតែមានអ្នកអភិវឌ្ឍន៍អចលនវត្ថុ មានម្ចាស់សំណង់ មានប្រជាពលរដ្ឋ បាននឹងកំពុងដំណើរការស្នើរសុំលិខិតអនុញ្ញាតក្នុងការសាងសង់ជារៀងរាល់ថ្ងៃ ក្នុងការអភិវឌ្ឍរបស់ខ្លួន នឹងក្របខណ្ឌទូទាំងប្រទេស៕
ដោយ៖ ជួប ស្រីរ័ត្ន