តើវៀតណាមអាចក្លាយជាចិនទីពីរខាងសេដ្ឋកិច្ចបានឬទេ?​



វៀតណាមកំពុងរីកមុខរីកមាត់ស្រស់ពព្រាយដោយសារតែបច្ចុប្បន្នប្រទេសមួយនេះកំពុងតែកាក់កបជាមួយនឹងការមានកំណើនវិនិយោគទុនពីបរទេសយ៉ាងកម្រោលដែលធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសដែលមានសន្ទុះការអភិវឌ្ឍលឿនជាងគេក្នុងតំបន់អាស៊ាន។

តាមតួរលេខបានឲ្យដឹងថាវៀតណាមមានសន្ទុះការវិនិយោគពីបរទេសជាង ៧០ ភាគរយជារៀងរាល់ឆ្នាំជាពិសេសគឺក្នុងដើមឆ្នាំ ២០១៩ នេះតែម្ដង។ និយាយរួមប្រទេសវៀតណាមបានឆក់យកឱកាសយ៉ាងច្រើនក្នុងពេលដែលទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងកំពុងតែឌឺដងគ្នាលើសមរភូមិសង្គ្រាមពាណិជ្ជកម្មដោយមានក្រុមហ៊ុនអាមេរិកជាច្រើនបានវេចបង្វិចរត់ចោលទ្រនំចាស់ក្នុងប្រទេសចិនរត់មកសុំជ្រោកកោនក្នុងប្រទេសវៀតណាម។ ចំណុចនេះហើយដែលមានប្រទេសជាច្រើនមើលឃើញពីលទ្ធភាពរបស់ប្រទេសមួយនេះក្នុងការអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះគឺមានបណ្ដាញសារព័ត៌មាន Quartz បាននិយាយថាប្រទេសវៀតណាមកំពុងតែវិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនឲ្យក្លាយទៅជាប្រទេសចិនទីពីរ។

ប្រភពរូប៖ fortune.com

ប្រទេសវៀតណាមកំពុងតែក្លាយជាគោលដៅរបស់ក្រុមហ៊ុនវិនិយោគបរទេសជាច្រើនដែលបច្ចុប្បន្នបានទាញក្រុមហ៊ុនធំៗមួយចំនួនមានដូចជាក្រុមហ៊ុនតៃវ៉ាន់ Foxconn ដែលផលិតគ្រឿងបច្ចេកវិទ្យាមកវិនិយោគក្នុងប្រទេសនេះ។ ប៉ុន្តែខណៈដែលមានការកើនឡើងនៃការវិនិយោគបរទេសគឺមានផលវិបាកមួយចំនួនសម្រាប់ប្រទេសមួយនេះដែរដោយសារប្រទេសនេះត្រូវការស្វះស្វែងរកអ្នកជំនាញខាងផ្នែកផ្សេងៗជាច្រើននាក់ដើម្បីឲ្យតម្រូវតាមសន្ទុះនៃការអភិវឌ្ឍនេះ។ ហើយជាមួយនឹងការកើនឡើងចំនួនរោងចក្រថ្មីៗបានធ្វើឲ្យតម្លៃអចលនទ្រព្យមានសន្ទុះកើនឡើងផងដែរ។

ទោះជាយ៉ាងនេះក្ដីបញ្ហាទាំងនេះមិនអាចដាក់ឃ្នោះប្រទេសវៀតណាមអោយនៅនឹងកន្លែងបាននោះទេព្រោះថាប្រទេសមួយនេះកំពុងមានសន្ទុះរីកចម្រើនយ៉ាងខ្លាំង។ ហើយទោះបីជាតម្លៃដីមានការកើនឡើងពិតមែនក្ដីហើយបានធ្វើឲ្យក្រុមហ៊ុនវិនិយោគបរទេសមួយចំនួនដកទ័ពទៅវិញពិតមែនក៍ដោយប៉ុន្តែដោយសារតែប្រទេសមួយនេះមានតម្លៃពលកម្មទាបបានធ្វើឲ្យប្រទេសមួយនេះនៅតែទទួលបានការវិនិយោគពីក្រុមហ៊ុនធំៗជាច្រើនហូរហែរក្នុងបដិវត្តន៍ឧស្សាហកម្ម 4.0 នេះ (Industrial Revolution 4.0) មានដូចជាក្រុមហ៊ុនអាមេរិក Boeing និង General Electric ជាដើម។

ប្រភពរូបភាព៖ english.vtv.vn

ប៉ុន្តែបើពិនិត្យមើលលក្ខណៈរបស់ប្រទេសវៀតណាមនិងប្រទេសចិនគឺប្រទេសវៀតណាមមិនអាចនឹងវិវឌ្ឍខ្លួនក្លាយទៅជាប្រទេសចិនទីពីរខាងវិស័យសេដ្ឋកិច្ចបានឡើយ។ ចំណុចដែលរារាំងប្រទេសមួយនេះគឺដោយសារតែប្រទេសវៀតណាមមានចំនួនប្រជាជន (៩៥ លាននាក់) តិចជាងប្រទេសចិនឆ្ងាយណាស់សូម្បីតែខេត្តក្វាងតុង (Guangdong) ដែលមានចំនួនប្រជាជន ១០៤ លាននាក់ហើយជាតំបន់ដើមកំណើតនៃសន្ទុះសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ១៩៧៩ ក៍ចំនួនប្រជាជនវៀតណាមប្រៀបមិនបានស្មើដែរ។ ខេត្ត Guangdong មួយនេះហើយដែលជំរុញវិស័យសេដ្ឋកិច្ចចិនឲ្យដណ្ដើមចំណាត់ថ្នាក់លេខ ១ ពីអាមេរិកខាងវិស័យសេដ្ឋកិច្ច។ ខេត្តចិនមួយនេះគឺជាតំបន់ដែលមមាញឹកជាមួយនឹងវិស័យឧស្សាហកម្មដែលជាទីជម្រករបស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនមានដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ជាដើម។ ម្យ៉ាងវិញទៀតខេត្តមួយនេះគឺនៅជាប់ហុងកុង (Hong Kong) ស្រាប់ដែលមានកំពង់ផែរជាច្រើនដែលកន្លងមកទីក្រុងហុងកុងនេះបានធ្វើឲ្យប្រទេសចិនដើរតួរនាទីយ៉ាងសំខាន់ក្នុងវិស័យសេដ្ឋកិច្ចលើពិភពលោក។

ចំពោះវៀតណាមវិញគឺប្រទេសមួយនេះនៅមានចំណុចខ្វះខាតលើកលក្ខណៈទាំងនោះដូចប្រទេសចិនព្រោះប្រទេសវៀតណាមគឺមិនមានសេដ្ឋកិច្ចជម្រុះដែលមានកម្លាំងពលកម្មច្រើនដូចប្រទេសចិនឡើយ។ តាមរយៈការធ្វើស្ថិតិក្នុងឆ្នាំ ២០១០ បានឲ្យដឹងថាចំនួនប្រជាជនជាង ១ ភាគ ៣ របស់ខេត្ត Guangdong គឺបានធ្វើចំណាកស្រុកពីទីកន្លែងផ្សេងៗក្នុងប្រទេសចិនចូលមកក្នុងខេត្តនេះជាពិសេសនោះគឺក្នុងតំបន់ Pearl River Delta ក្នុងខេត្ត Guangdong ដែលមានប្រជាជនចិនជាច្រើនមកពីទីកន្លែងផ្សេងដែលរត់ចូលមកធ្វើការនៅក្នុងតំបន់នេះ។

ប្រភពរូប៖ vietnamwelder.com.vn

ប៉ុន្តែចំណែកឯប្រជាជនវៀតណាមគឺមានចំនួនប្រជាជនតែជាង ៣៥ ភាគរយប៉ុណ្ណោះដែលរស់នៅក្នុងតំបន់ទីក្រុងហើយប្រទេសមួយនេះនៅខ្វះកម្លាំងកម្មករជំនាញជាច្រើន។ ហើយម្យ៉ាងវិញទៀតប្រទេសវៀតណាមមិនហ៊ានសម្រេចចិត្តធ្វើការពង្រីកនគរូបនីយកម្មទៅក្នុងតំបន់ Mekong Delta របស់ខ្លួនដូចដែលប្រទេសចិនធ្លាប់បានធ្វើនគរូបនីយកម្មក្នុងតំបន់ Pearl River Delta កាលពីឆ្នាំ ១៩៨០។ តំបន់ Mekong Delta គឺជាតំបន់សំខាន់ដែលប្រទេសវៀតណាមធ្វើការដាំដុះស្រូវច្រើនជាងគេក្នុងប្រទេសនេះដែលបានធ្វើឲ្យប្រទេសមួយនេះក្លាយជាប្រទេសក្នុងចំណោមប្រទេសដែលធ្វើកសិកម្មស្រូវច្រើនជាងគេលើពិភពលោកហើយក្លាយជាប្រទេសទីបីដែលនាំចេញអង្ករច្រើនជាងគេលើលោក។

ដូចនេះប្រទេសវៀតណាមមិនហ៊ានសម្រេចចិត្តនឹងបោះបង់វិស័យកសិកម្មដោយងាយស្រួលក្នុងតំបន់ Mekong River ដូចតំបន់ចិន Pearl River Delta ទេ។ ចិនមានតំបន់ផ្សេងៗដូចជាតំបន់ Yangtze River ដែលអាចជំនួសតំបន់់ Pearl River Delta ក្នុងការបន្តធ្វើកសិកម្មដាំស្រូវប៉ុន្តែវៀតណាមគឺមិនអាចរកកន្លែងក្នុងប្រទេសខ្លួនមកជំនួសតំបន់ Mekong Delta ក្នុងការបន្តធ្វើកសិកម្មដាំស្រូវនិងរក្សាតំណែងធំរបស់ខ្លួនខាងវិស័យកសិកម្មដាំស្រូវមួយនេះបានទេ។

បើគ្មានការធ្វើសកលភាវូបនីយកម្មទេ ប្រទេសវៀតណាមច្បាស់ជារាំងស្ទះជាមួយនឹងការពង្រីកតំបន់រោងចក្រឧស្សាហកម្មដែលជាកត្តាសំខាន់ក្នុងការរុញប្រទេសមួយនេះទៅរកការរីកលូតលាស់។ ជាពិសេសនោះ ប្រទេសមួយនេះនៅខ្វះអ្នកជំនាញជាច្រើនដែលជាអ្នកដើរតួរសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសវៀតណាមវាយលុកពិភពសេដ្ឋកិច្ចបាន៕ 

ដោយ៖ នឿន វណ្ណៈ