ក្រុងបាវិតនឹងក្លាយជាតំបន់សក្តានុពលសម្រាប់ការវិនិយោគនៅពេលអនាគត​



វិនិយោគិនបរទេសបានសម្រុកមកបណ្តាកទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានចាប់យកតំបន់សំខាន់ៗ ដូចជា៖ ក្រុងព្រះសីហនុ និងសៀមរាប ក្រុងប៉ោយប៉ែតជាដើម ដែលបានជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យអចលនទ្រព្យឲ្យរីកចម្រើនឡើង។

ចំណែកក្រុងបាវិតវិញ​ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍន៍ក្រុងសម្រាប់ឆ្នាំ ២០១៥ ដល់ ២០២៥ រួចមក បច្ចុប្បន្នក្រុងនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនបរទេសគួរឲ្យកត់សម្គាល់ផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវសញ្ញាណសំខាន់ៗមួយចំនួននៃកំណើនការវិនិយោគមកលើក្រុងបាវិត ហើយអ្នកជំនាញរំពឹងថាក្រុងបាវិតនឹងក្លាយជាតំបន់មានសក្តានុពលពិសេស មួយផ្សេងទៀតរបស់កម្ពុជា។

ទីតាំងភូមិសាស្រ្ត     

ជាមួយនឹងក្រឡាផ្ទៃ ២០៦,៦៩ គីឡូម៉ែត្រការ៉េ ក្រុងបាវិត ស្ថិតនៅចន្លោះទីក្រុងភ្នំពេញ និងក្រុងហូជីមិញ ដែលសុទ្ធតែជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់។ ដូច្នេះ ក្រុងបាវិតត្រូវបានគេចាត់ទុកជាច្រកទ្វារដ៏សំខាន់ក្នុងការភ្ជាប់ទីក្រុងភ្នំពេញ និងក្រុងហូជីមិញនៃប្រទេសវៀតណាម។

តាមការលើកឡើងរបស់លោកសោម កែវ ម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា “ក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសជិត១០ ជាមួយនឹងរោងចក្រផ្សេងៗជាច្រើន”។

លោកថែមទាំងបន្ថែមទៀតថា ក្រុងបាវិត ជាតំបន់សំខាន់ស្របនឹងគម្រោងផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន និងជាច្រកផ្លូវទឹកយ៉ាងសំខាន់ទៅកំពង់ផែវៀតណាម។

ទោះយ៉ាងណា លោក​មើលឃើញថា ប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួនទាក់ទង នឹងការធ្វើដំណើរបញ្ហាក្នុងការធ្វើដំណើរ ដែលតម្រូវឲ្យមានការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អជាងមុន ដើម្បីគាំទ្រដល់កំណើននៃសកម្មភាពពាណិជ្ជកម្មនៅក្រុងបាវិត។

ហេតុដូចនេះហើយ ក្រោមការសហការជាមួយ JICA រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសិក្សាគម្រោងសាងសង់ស្ពាន ដែលតភ្ជាប់ទីក្រុងភ្នំពេញ ទៅក្រុងបាវិត។ ការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានប៉ាន់ស្មានថាចំណាយអស់ទឹក ប្រាក់ចំនួន ៣,៨០០ លានដុល្លារអាមេរិច ដែលត្រូវសង់ស្ពានដែលមានចម្ងាយ ១០ គីឡូមែត្រ នៅតំបន់ល្វាឯម ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗ។

ដោយមើលឃើញអំពីទីតាំងភូមិសាស្រ្តល្អ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ  បច្ចុប្បន្ន អ្នកវិនិយោគទុនចាប់ផ្តើមក្រឡេក មើលសក្តានុពលនៃក្រុងមួយនេះ។

គម្រោងសាងសង់ទីក្រុងរណបក្រុងបាវិត

ក្រៅពីការវិនិយោគលើកាស៊ីណូ រោងចក្រ និងសណ្ឋាគារ ក្រុមហ៊ុនយក្ស Empire World បាន​ប្រកាសចាប់ផ្តើមគម្រោងទីក្រុងរណប កាលពីដើមឆ្នាំ២០១៩នេះ ដែលក្រុងរណបនេះត្រូវប្រើប្រាស់ដីចំនួន ១,០០០ ហិចតា ជាទំហំមួយធំលើសពីគម្រោងផ្សេងទៀត។

គម្រោងទីក្រុងរណបនេះ គឺជាគម្រោងប្រមូលផ្តុំតំបន់កំសាន្តផ្សេងៗ ដូចជា៖ កាស៊ីណូ សណ្ឋាគារកម្រិតផ្កាយប្រាំ អាផាតមិន មណ្ឌលបច្ចេកវិទ្យា និងតំបន់ផ្សេងៗជាច្រើនទៀត ហើយគេរំពឹងថាគម្រោងនេះនឹងប្រមូលផ្តុំមនុស្សមកពីគ្រប់ទិសទីផងដែរ។

ក្រៅពីគម្រោងនេះ គេនៅឃើញមានគម្រោងទីក្រុងរណបហេង ហេង ដែលធ្វើនៅលើដី ៧ ហិចតាផ្សេងទៀត។ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ទាំងពីរនេះស្ថានភាពអចលនទ្រព្យនៅក្រុងបាវិតបានការប្រែប្រួល បើទោះបីជាក្នុងពេលបច្ចុប្បន្នការប្រែប្រួលមិនសូវមានការល្បីសុះសាយយ៉ាងណាក្តី។

យើងសង្កេតឃើញថា តម្លៃដីកាលពីឆ្នាំ២០១៤ មានទំហំប្រមាណ ១០០ ដុល្លារទៅ ៤០០ ដុល្លាក្នុងមួយមែត្រការ៉េ អាស្រ័យទៅតាមស្ថានភាពដែលនៅជុំវិញតំបន់នោះ។ លោក សោម កែវម៉ាលីដា បានលើកឡើងថា ដីដែលចេញពីផ្លូវជាតិទៅកាលពីឆ្នាំ ២០១៨ មានតម្លៃចន្លោះ ៤ ទៅ៧ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នតម្លៃនេះបានកើនដល់ ២៥ ទៅ ៤០ ដុល្លារក្នុងមួយមែ៉ត្រការ៉េ។

ការលើកឡើងនេះ ស្របទៅនឹងការកំពុងដំណើរការសាងសង់គម្រោងទីក្រុងរណបពីរក្នុងឆ្នាំ២០១៩នេះ។ គេនៅតែមានសុទិដ្ឋិនិយមចំពោះក្រុងបាវិត ចំពោះការបន្តទាក់ទាញការចាប់អារម្មណ៍របស់អ្នកវិនិយោគទុន ដើម្បីបន្តការអភិវឌ្ឍតំបន់នោះ៕

ដៃគូសហការ៖ www.realestate.com.kh

X
5s