មិនធម្មតា! សក្ដានុពលធំៗទាំង៣នេះធ្វើឲ្យខេត្តព្រះសីហនុរីកចម្រើនយ៉ាងលឿនបែបនេះ
ថ្លែងនៅក្នុងជំនួបឈ្វេងយល់ពីសក្តានុពលវិនិយោគ ជាមួយ លោក តឹង អ៊ីងគ័ង ប្រធានធនាគារខេត្តជាំងស៊ី នឹងគណ:ប្រតិភូ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នាសាលាខេត្តព្រះសហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានលើកឡើងបង្ហាញពីវិស័យគោលដៅចំនួន៣ ដែលធ្វើឲ្យខេត្តនេះក្លាយជាគោលដៅនៃវិនិយោគិនជាច្រើនមកវិនិយោគយ៉ាងគំហុកនាយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងមហាផ្ទៃ។
ក្នុងជំនួបនេះ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍លើកឡើងនូវវិស័យអទិភាពក្នុងខេត្តចំនួន៣ ដែលឈានមុខគេក្នុងការអភិវឌ្ឍខេត្តនាពេលបច្ចុប្បន្នគឺ ទី១ ខេត្តព្រះសីហនុមាន កំពង់ផែសមុទ្រអន្តរជាតិក្រុងព្រះសីហនុក្នុងការដឹកជញ្ជូនតាមផ្លូវសមុទ្រជាលក្ខណៈជាតិ អន្តរជាតិ ដែលមានទំនិញជាកុងតឺន័រ ចេញ-ចូលប្រមាណ ៧៣ភាគរយ នៃបរិមាណទំនិញនាំចេញ-ចូលទូទាំងប្រទេស។
ទី២ ខេត្តព្រះសីហនុ មានព្រលានយន្តហោះ អន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បាននឹងកំពុងប្រតិបត្តិការ មានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ មានជើងហោះហើរចំនួន ១៣៣ជើង ក្នុងមួយសប្តាហ៍ ហោះហើរទៅកាន់អន្តរជាតិមាន ៩១ជើងក្នុងមួយសប្តាហ៍។
ទី៣ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស ដែលដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើក កម្ពស់សេដ្ឋកិច្ច បង្កើនការងារជូនប្រជាពលរដ្ឋ។ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៥ កំពុងដំណើរការនិងមានរោងចក្រធំ តូចសរុប ២១៩ កន្លែង សិប្បកម្មអាជីវកម្មខ្នាតតូច និងមធ្យមមាន ១.០៣៧ កន្លែង និងសេវាកម្មផ្សេងៗទៀត ស្រូបយកកម្លាំងពលកម្មសរុប ៨១.៤៧៥នាក់ ស្រី ៣៨.៦៥២ នាក់ ក្នុងនោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្ម មានចំនួន ៨ពាន់លានដុល្លាអាមេរិក និងធានាសន្តិសុខ សុវត្ថិភាពជូនអ្នកវិនិយោគនៅខេត្តព្រះសីហនុ៕
ដោយ៖ ជួប ស្រីរ័ត្ន