ក្រុមហ៊ុន​ចិន​មួយ​គ្រោង​វិនិយោគ​លើ​វិស័យ​ធនាគារ​និង​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​



ប្រធានធនាគារ​ខេត្តជាំងស៊ី នៃ​ប្រទេស​ចិន លោក តឹង អ៊ីងគ័ង បាន​បង្ហាញ​ពី​គោល​បំណង​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ធនាគារ​ និង​សំណង់​ក្នុង​ខេត្ត​ព្រះសីហនុ។ ដោយ​ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ស្វែងយល់​ពី​សក្ដានុពល​នៃ​ខេត្ត​ព្រះសីហនុ​ជា​មួយ​និង អភិបាលខេត្ត​ព្រះសីហនុ​ ឯកឧត្តម យន្ត មីន កាល​ពី​ថ្ងៃ​ទី​ ១២ ខែ​មិថុនា ឆ្នាំ​២០១៩ កន្លង​ទៅ នា​សាលា​ខេត្តព្រះសីហនុ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ ក្រសួង​មហាផ្ទៃ។

ក្នុង​ជំនួប​នេះ​ លោក​ តឹង អ៊ីងគ័ង លើក​ឡើង​ថា គណៈប្រតិភូ​មាន​គោលបំណង​ឈ្វេងយល់​ពី​សក្តានុពល និង​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដោយ​ក្រុមហ៊ុនវិនិយោគ​របស់​លោក​ចង់​មក​ធ្វើ​ការវិនិយោគ​លើ​វិស័យធនាគារ និង​សំណង់​នៅ​ខេត្ត​នេះ ព្រម​ទាំង​បាន​កោត​សរសើរ​ឯកឧត្តម យន្ត​ មីន​​ ជាអភិបាល​ខេត្ត បាន​ដឹកនាំខេត្តប្រកប​ដោយ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដែល​មាន​អ្នកវិនិយោគិន មក​កាន់​ខេត្ត​ព្រះសីហនុ​យ៉ាង​គំហុក​។

ថ្លែង​នៅ​ក្នុង​ជំនួប​នេះ​ផងដែរ ឯកឧត្តមអភិបាល​ បាន​មាន​មាន​ប្រសាសន៍​បង្ហាញ​ពី​សក្ដានុពល​នៃ​ខេត្ត​ព្រះសីហនុ​ថា វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ជាវិស័យ​គោលដៅ​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត។ ខេត្ត​មាន​កំពង់ផែ​ទឹកជ្រៅ តំបន់​សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះ​អន្តរជាតិ តំបន់ឆ្នេរ និងកោះ៣៣ ជា​មរតកធម្មជាតិ​ដ៏​មាន​តម្លៃ ដែល​រាជរដ្ឋាភិបាល​ចាត់ទុក​និង​ប្រែក្លាយ​ខេត្តព្រះសីហនុ ជា​តំបន់សេដ្ឋកិច្ច​គំរូ​ពហុបំណង ស្រប​តាម​គោល នយោបាយ​អភិវឌ្ឍន៍​វិស័យឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥-២០២៥៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s