CDC អនុម័តគម្រោងរោងចក្រ៣បន្ថែមក្រោមទុនជិត១៣លានដុល្លារ អាចបង្កើតការងារបានជិត៤ពាន់កន្លែង
តាមរយៈសំណើរស្នើសុំរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចប្រគល់នូវវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរក្នុងការសាងសង់ជូនដល់ក្រុមហ៊ុនចំនួន៣ ដែលគ្រោងនឹងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នឹងរោងចក្រអំបោះ ក្នុងទំហំទុនសរុបប្រមាណ ១២,៧ លានដុល្លារអាមេរិក ព្រមទាំងអាចបង្កើតការងារជូលពលរដ្ឋប្រាមាណ ៣,៦៨៥ កន្លែង។
ក្រុមហ៊ុន “EALYTEX (CAMBODIA) GARMENT CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រែជំរៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៨២៣កន្លែង។
ក្រុមហ៊ុន “XINLONGTAI (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទបម្រើការនាំចេញ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងពីរ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។
ក្រុមហ៊ុន “CAPITAL GARMENTS CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤២១កន្លែង៕
ដោយ៖ ជួប ស្រីរ័ត្ន