៩ វិធីសាមញ្ញៗជួយអ្នកប្រឈមនឹងភាពស្មុគស្មាញពីការងារ​



យោងទៅតាមការស្រាវជ្រាវ បច្ចុប្បន្នមនុស្សភាគច្រើនតែងជួបបញ្ហាស្មុគស្មាញជាមួយនឹងការងាររបស់ពួកគេ។ ភាពស្មុគស្មាញការងារនាំមកនូវផលប៉ះពាល់ជាច្រើនដូចជា ផលិតភាពការងារធ្លាក់ចុះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ពេលខ្លះអាចនាំឲ្យក្លាយទៅជាមានជម្លោះជាមួយមិត្តរួមការងារក៏មានព្រោះអារម្មណ៍ឆេវឆាវនោះ។

ដើម្បីអាចទប់ទល់នឹងបញ្ហាស្មុគស្មាញពីការងារបាន អ្នកគួរអនុវត្តតាមវិធីសាស្រ្តសាមញ្ញដូចខាងក្រោម៖

១) ចាប់ផ្តើមប្រើប្រាស់ថ្ងៃឈប់សម្រាក ឬ Day off របស់អ្នកឲ្យបានត្រឹមត្រូវ

បំពេញការងារពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ឬសៅរ៍ ត្រូវមើលថែកូនតូចៗក្នុងបន្ទុកផង ពិតជានឿយហត់ និងមានសម្ពាធខ្លាំងណាស់។ អ្វីដែលអ្នកគួរធ្វើគឺ ប្រើថ្ងៃសម្រាកចុងសប្តាហ៍ ឬ Day off របស់អ្នកឲ្យបានល្អធ្វើការកំសាន្ត ទោះមិនបានទៅកន្លែងឆ្ងាយៗតែការចំណាយពេលវេលានៅជាមួយគ្រួសារក៏អាចជួយឲ្យអ្នកមានអារម្មណ៍ល្អបានដែរ។

២) មានភាពច្បាស់លាស់ទៅនឹងអ្វីដែលអ្នកចង់បាន

ពេលដែលអ្នកមានបញ្ហា Job Burnout នោះក៏បណ្តាលមកពីអ្នកមិនបានពិនិត្យមើលអ្វីដែលអ្នកធ្លាប់រំពឹងទុកទេ ឬអ្នកនៅតែមានចិត្តមួយដែលមិនស្កប់ស្កល់ចំពោះអ្វីដែលអ្នកកំពុងតែមាន វាបណ្តាលឲ្យអ្នកគិតថាអ្វីដែលអ្នកបានធ្វើ អ្វីដែលអ្នកខិតខំប្រឹងប្រែងវាបានត្រឹមតែជារឿងឥតបានការ អាសារបង់ទៅវិញ។ 

គួរបញ្ជាក់ថា Job Burnout ជាប្រភេទនៃការស្មុគស្មាញការងារដែលធ្វើឲ្យអ្នកមានបញ្ហាដូចខាងជា អស់កម្លាំង ចង់តែគេងបន្ទាប់ពីត្រលប់ពីមកពីធ្វើការវិញ អារម្មណ៍ប្រែប្រួលពិសេសឆាប់ខឹង ផ្តាច់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនដោយគ្មានមូលហេតុ ផលិតភាពការងារចាប់ផ្តើមធ្លាក់ចុះ។

៣) នៅឲ្យឆ្ងាយពីទំនាស់

ជាធម្មតាទេមនុស្សរាប់អានគ្នាមិនដែលចង់មានភាពល្អក់កករជាមួយគ្នាឡើយ ពិសេសនៅកន្លែងធ្វើការជាមួយគ្នាប្រសិនបើយើងមានទំនាស់ជាមួយគ្នាហើយ គឺពិតជាពិបាកបន្តការងារ និងមានភាពចុះសម្រុងជាមួយគ្នាវិញណាស់។ ដូចនេះមុននឹងបណ្តោយខ្លួនឲ្យមានបញ្ហាជាមួយមិត្តរួមការងារ អ្នកត្រូវមានភាពអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមកឲ្យបានច្រើន ត្រូវចាំថាពេលមានបញ្ហាឬការអាក់អន់ស្រពន់ចិត្តណាមួយរឿងការងារត្រូវដោះស្រាយគ្នាឲ្យដាច់ស្រាច់។ ដោយឡែកបើជ្រុលជាមានបញ្ហាជាមួយនរណាម្នាក់ហើយនោះ អ្នកគួរព្យាយាមនៅឲ្យឆ្ងាយពីកន្លែងនៃនឹងនាំឲ្យអ្នកជួបភ្លើងក្តៅក្រហាយទៅវាល្អបំផុត។

៤) ទម្លាប់រក្សាការរៀបចំ

ទោះបីជាអ្នកជាមនុស្សម្នាក់ដែលគ្មានជំនាញរៀបចំអ្វីឲ្យឥតខ្ចោះ ឬពោរពេញទៅដោយរបៀបរៀបរយយ៉ាងណាក៏ដោយ ឈានចូលដល់វ័យមួយត្រូវមានការងារផ្ទាល់ខ្លួនអ្នកត្រូវចេះកែប្រែខ្លួនឯង ចាប់ផ្តើមទម្លាប់រៀបចំផែនការ របស់របរនានាឲ្យមើលទៅ មានសណ្តាប់ធ្នាប់ ធ្វើឲ្យការងារដែលអ្នកកំពុងធ្វើដំណើរការបានល្អមានវគ្គមានស្នើ នោះវានឹងជួយកាត់បន្ថយអារម្មណ៍ស្មុគស្មាញតានតឹងបានមួយកម្រិតដែរ។

៥) ធ្វើឲ្យខ្លួនឯងមានភាពកក់ក្តៅលើការងារ

អ្នកខ្លះមានអារម្មណ៍ថាមួម៉ៅជាមួយការងារដោយសារគិតថាខ្លួនដូចជាខ្វះភាពកក់ក្តៅពីការងារដែលខ្លួនកំពុងតែបំពេញ។ ពេលខ្លះក៏ដោយសារគាត់មិនបានដាក់ចិត្តស្រលាញ់ការងារដែលនៅក្នុងដៃគាត់ ១០០% ក៏ បណ្តាលឲ្យគាត់មានអារម្មណ៍បែបនេះដែរ។ ដូចនេះអ្នកគួរបង្រៀនចិត្តខ្លួនឯងស្រលាញ់អ្វីដែលអ្នកកំពុងមានអ្វីដែលអ្នកកំពុងធ្វើ ផ្តល់តម្លៃឲ្យរបស់ទាំងនោះឲ្យកាន់តែច្រើន។

៦) ធ្វើការផ្តោតអារម្មណ៍លើការងារមួយៗសិនក្នុងពេលតែមួយ

វាជារឿងអស្ចារ្យ ក៏ជារឿងល្អដែរដែលមនុស្សម្នាក់អាចធ្វើការងារជាច្រើនក្នុងពេលតែមួយជាមួយគ្នា។ តែក៏មិនជាល្អ ១០០% ដែរដែលអ្នកព្យាយាមដាក់សម្ពាធខ្លួនឯងធ្ងន់ធ្ងរបែបនេះ ដោយគ្រាន់តែចង់បានការសរសើរពីអ្នកដទៃ ព្រោះការធ្វើបែបបនេះអ្នកប្រើថាមពល ខួរក្បាល និងស្មារតីផ្ចង់ច្រើនខ្លាំងណាស់ ហើយវាក៏ជាហេតុនាំឲ្យអ្នកមានភាពស្មុគស្មាញដែរ។

៧) ដើរទៅញ៉ាំអាហារពេលថ្ងៃត្រង់

វាស្តាប់ទៅដូចជាសាមញ្ញ និងលេងសើច តែមនុស្សភាគច្រើនដោយសារទម្លាប់ប្រើជីវិតបែប high class របស់ខ្លួន។ សម្រាកពីការងារដល់ម៉ោងញ៉ាំអាហារថ្ងៃត្រង់អ្នកគួរដើរទៅកន្លែងអាហារដ្ឋានខ្លះដើម្បីផ្លាស់ប្តូរបរិយាយកាស វាក៏ជាការហាត់ប្រាណមួយដែរ ដែលជួយឲ្យអារម្មណ៍អ្នកស្រស់ស្រាយមួយកម្រិត។ ពេលដំបូងដែលអ្នកចាប់ផ្តើមទម្លាប់នេះវាអាចមានការលំបាកបន្តិច ប៉ុន្តែបន្ទាប់ពីធ្វើវាជាប់គ្នារយៈពេលមួយខែមកអ្នកនឹងអាចមើលឃើញពីភាពខុសប្លែកគ្នារវាងអ្នកកាលពីមុន និងអ្នកក្នុងពែលបច្ចុប្បន្ន។

៨) រក្សាភាពឥតខ្ចោះរបស់អ្នកក្នុងការតាមដានត្រួតពិនិត្យរហូត

ចង់បានការសម្រេចបំណងខ្លួនឯងខ្ពស់ទាល់តែខិតខំ និងធ្វើការងារមួយដោយយកចិត្តទុកដាក់បំផុត ពេលដែលអ្នកធ្វើអ្វីៗតាមដំណាក់ៗ តាមផែនការដែលបានគ្រោងទុក ហើយប្រកបដោយការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ នោះលទ្ធផលចេញមកនឹងល្អប្រសើរ ហើយវាជួយអ្នកឲ្យមានអារម្មណ៍ល្អកាត់បន្ថយភាពស្មុគស្មាញបានខ្លះ។

៩) ចំនុចចុងក្រោយគឺស្តាប់តន្ត្រី

ធ្វើការហត់ពេញមួយថ្ងៃ មិនអាចសម្រាកបានភ្លាមៗទេព្រោះអ្នកក៏ត្រូវចំណាយពេលវេលាដើម្បីធ្វើដំណើរត្រលប់ទៅផ្ទះវិញ តែការសម្រាកខួរក្បាលជារឿងសំខាន់ ការដែលផ្តល់ចំណីល្អបំផុតដល់ខួរក្បាលដែលកំពុងហត់នឿយគឺការស្តាប់តន្ត្រី ឬអ្នកខ្លះគាត់ត្រូវការការស្ងប់ស្ងាត់ផ្លូវចិត្តតាមរយៈការស្តាប់ធម៌ក៏ជារឿងមួយប្រសើរដែរ៕

ដោយ៖ យ៉ាយ៉ា

 

X
5s