វៀតណាមគឺជាអ្នកទទួលបានផលចំនេញធំជាងគេពីសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក
ប្រទេសសមាជិកអាស៊ានដែលតែងទទួលបានការរិះគន់លើគុណភាពផលិតផលទាប វៀតណាមពេលនេះបានក្លាយជាអ្នកឈ្នះ និងទទួលបានផលចំនេញធំធេងជាងគេពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ក្នុងការអូសទាញខ្សែចង្វាក់ផលិតកម្មមកដាក់ប្រទេសខ្លួន។ នេះបើយោងតាមរបាយការណ៍ពីធនាគារវិនិយោគជប៉ុន Nomura។
របាយការណ៍ដដែលនេះក៏បានបញ្ជាក់ទៀតដែរថា សេដ្ឋកិច្ចប្រទេសមួយនេះបាននិងកំពុងកើនឡើងក្នុងរង្វង់ ៨% ក៏ព្រោះតែការបង្វែរទិសដៅផលិតកម្មពីសំណាក់ប្រទេសមួយចំនួនដែលធ្លាប់បោះទីតាំងរោងចក្រក្នុងប្រទេសចិនមកកាន់ប្រទេសខ្លួនវិញ។ មួយវិញទៀតក្នុងនាមជាប្រទេសដែលនាំចូលផលិតផលនានាពីមហាអំណាចសេដ្ឋកិច្ចទាំងពីរ ចិន-សហរដ្ឋអាមេរិក កំពុងសំលឹងមើលផ្លូវមួយដែលពួកគេអាចចៀសបានពីការបង់ពន្ធនាំចេញនាំចូលខ្ពស់។
កំណើននៃការបោះទីតាំងវិនិយោគពីប្រទេសមួយចំនួននេះបណ្តាលមកពី ការដាក់ពន្ធខ្ពស់សម្រាប់ទំនិញរបស់ចិនដែលនឹងនាំចូលទៅក្នុងប្រទេសចិន ហើយខ្សែចង្វាក់ផលិតកម្មដែលបានចូលមកក្នុងប្រទេសវៀតណាមមានដូចជា បង្គុំអគ្គសនី គ្រឿងអេឡិចត្រូនិច ទូរស័ព្ទ គ្រឿងសង្ហាររឹម គ្រឿងម៉ាស៊ីនដំណើរការដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម។ ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើនបានដកការវិនិយោគ ផ្លាស់ប្តូរទីតាំងរោងចក្ររបស់ខ្លួនពីចិនមកប្រទេសមួយនេះ។ ដោយឡែកផ្នែកតូចនៃការនាំចូលទៅចិនដូចជា កប្បាស គ្រាប់ធញ្ញជាតិជាដើមត្រូវបាននាំពីវៀតណាមទៅចិនជំនួសអាមេរិកវិញ។
ការបង្វែរការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកដូចជា គ្រឿងអេឡិចត្រូនិចបានអនុគ្រោះដល់តៃវ៉ាន់និងកូរ៉េខាងត្បូងដែលជាអ្នកផលិតធំនៃផលិតផលទាំងនោះ។ លើសពីនេះទៀតប្រទេសចិនបានស្វែងរកអ្នកផ្គត់ផ្គង់ទំនិញកសិកម្មថ្មីៗដូចជា សណ្តែកសៀងនិងទំនិញសំខាន់ៗដូចជាទង់ដែង ក្នុងនោះដែរប្រទេសដូចជា ឈីលី ម៉ាឡេស៊ី និងអាហ្សង់ទីនត្រូវបានគេកត់សម្គាល់ថាជាអ្នកទទួលផលផងដែរ៕
ដោយ៖ យ៉ាយ៉ា