ក្រុមហ៊ុនអាមេរិកកំពុងសម្លឹងមើលការផ្លាស់ទីរោងចក្ររបស់ខ្លួនពីចិនទៅឥណ្ឌា​



សង្គ្រាមពាណិជ្ជកម្មកំពុងបន្តអូសបន្លាយនៅឡើយ គេបានសង្កេតឃើញថាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិករាប់រយកំពុងពិចារណាផ្លាស់ប្តូរទីតាំងរោងចក្រផលិតរបស់ខ្លួនចេញពីប្រទេសចិនទៅកាន់ប្រទេសឥណ្ឌា។ 

បំលាស់ទីរោងចក្រមិនមែនជារឿងមួយងាយស្រួលទេព្រោះវាជាការចំណាយ តែការដែលសហរដ្ឋអាមេរិកពិចារណាលើចំនុចនេះ ក៏ដោយសារអាមេរិកសម្លឹងឃើញពីសក្តានុពលយ៉ាងច្រើនរបស់ឥណ្ឌា និងចៀសវាងការបាត់បង់ផលប្រយោជន៍ពីការបន្តរស់នៅក្នុងកន្លែងដែលកំពុងមានទំនាស់។ 

ហេតុអ្វីបានជាមានការផ្លាស់ប្តូរពីចិនទៅឥណ្ឌាដូច្នេះ?

ការវិនិយោគលើឧស្សាហកម្មអេឡិចត្រូនិកសកលត្រូវបានគេដឹងថាមានតម្លៃប្រមាណ ២ ប៊ីលានដុល្លារ។ បច្ចុប្បន្ន ចិនបានក្តោបក្តាប់ប្រមាណ ៨០% នៃទំហំផលិតកម្មសរុប ដែលត្រូវបានគេព្យាករណ៍ថាក្នុងឆ្នាំ ២០៣០ GDP ចិននឹងកើនដល់ ៤.៤ទ្រីលានដុល្លារ។ បន្ទាប់ពីមានសន្ទុះនៃការរីកចម្រើនអស់រយៈពេល ២៦ឆ្នាំមកនេះ ចិនគេបានកត់សម្គាល់ថាតម្លៃអគ្គិសនីនៅចិនខ្ពស់ជាងនៅឥណ្ឌា ៥៧%។ យោងតាមរបាយការណ៍ពី Consumer Electronics and Appliances Manufacturers Association (CEAMA) បញ្ជាក់ថា ការប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់ឥណ្ឌាកំពុងកើន និងបន្តមានកំណើនក្នុងរង្វង់ ៩.៥% គិតពីឆ្នាំ ២០១៥ ដល់ ២០២១។ ដូចនេះឥណ្ឌាកំពុងមានឱកាសច្រើនដែលអាចនឹងក្តោបក្តាប់ផលិតកម្មអេឡិចត្រូនិកសកលប្រមាណ ៣០% ទៅ ៤០% ក្នុងរយៈពេល ១០ ខាងមុខ។ 

ឥណ្ឌាខុសពីវៀតណាមលើគុណភាពផលិតផល ទោះបីជាគេដឹងថាទំនិញមួយចំនួនផលិតក្នុងកម្រិតគុណភាពទាបមែន ក៏គេមិនសូវជាមានការសូញសាញដូចទំនិញរបស់វៀតណាមដែរ ហេតុនេះហើយទើបទំនិញដែលមានពាក្យថា “Made in India” ត្រូវបានគេស្វាគមន៍ច្រើនជាង “Made in Vietnam”។ ដោយឡែកឥណ្ឌាហាក់ត្រូវបានគេសម្លឹងឃើញពីធនធានដែលមាន ពិសេសធនធានមនុស្ស តម្លៃពលកម្មទាប រីឯបច្ចេកវិទ្យារបស់ឥណ្ឌាមិនអន់ប៉ុន្មានទេបើធៀបនឹងចិន។ ទោះជាយ៉ាងនេះក្តីយើងរងចាំមើលបន្តទៀតទាំងអស់គ្នាថា តើសហរដ្ឋអាមេរិកនឹងទទួលជោគជ័យបិទផ្លូវចិនដោយការដកក្រុមហ៊ុន និងរោងចក្រចេញពីប្រទេសចិននេះបានឬក៏យ៉ាងណា៕

ដោយ៖ យ៉ាយ៉ា

 

X
5s