បើនិយាយពីសេដ្ឋកិច្ចអន្តរជាតិអ្នកណាក៏ស្គាល់ Bloomberg ដែរ ចុះម្ចាស់វាជានរណា?
បើនិយាយពីទីផ្សារ ឬព័ត៌មានភាគហ៊ុន និងព័ត៌មានសេដ្ឋកិច្ចអន្តរជាតិ អ្នកណាៗក៏ស្គាល់ គេហទំព័រ និងទូរទស្សន៍ Bloomberg ដែរ ដែលជាស្ថាប័នអាជីព និងលក្ខណៈអន្តរជាតិដ៏ល្បីល្បាញមួយក្នុងលោក។ ស្ថាបនិកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយនេះ គឺ លោក Michael Bloomberg ដែលលោកបានយកឈ្មោះរបស់លោកដាក់ឱ្យអាជីវកម្មនេះតែម្ដង។ តើលោកមានប្រវត្តិយ៉ាងណា?
ប្រវត្តិរូបសង្ខេប និង ការងារ លោក Michael Bloomberg បានកើតនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៤២ នាទីក្រុង Boston រដ្ឋ Massachusetts។ លោកកើតក្នុងត្រកូលក្នុងគ្រួសារធូរធារមួយ ដែលមានឪពុកជាបណ្ណារក្ស (អ្នកថែរក្សា ទុកដាក់សៀវភៅនៅសាកលវិទ្យាល័យ) ហើយគ្រួសាររបស់លោកមានជាប់សែស្រឡាញនឹងអម្បូរជនជាតិជ្វីហ្វ។ លោក Bloomberg គឺជាអតីតនិស្សិតសាកលវិទ្យាល័យ Hopkins និង Harvard ជាកន្លែងដែលលោកសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ( Business Administration) ក្នុងឆ្នាំ១៩៦៦។ ការងារដំបូងដែលលោកទទួលបាននៅ Wall Street គឺជាបុគ្គលិកធនាគារ Salomon Brothers ក្នុងឆ្នាំ១៩៧២ ។
នៅទីនេះហើយ ដែលលោកបានហក់ឡើងតំណែងយ៉ាងរហ័សរហូតបានក្លាយជាដៃគូជំនួញមានមុខតំណែងជាអ្នកទទួលខុសត្រូវផ្នែកលក់ក្នុងធនាគារនេះក្នុងឆ្នាំ ១៩៧២។ មកដល់ឆ្នាំ១៩៧៣ លោកបានក្លាយទៅជាដៃគូទូទៅ នៅក្រុមហ៊ុនដដែលនេះ។ នៅឆ្នាំ ១៩៧៩ ប្រធានធនាគារ Salomon Brothers លោក John Gutfreund បានស្នើសុំឲ្យលោក Bloomberg ចុះចេញពីតំណែងរបស់លោកមកទទួលបន្ទុកផ្នែកគ្រប់គ្រងវិស្វកម្មប្រព័ន្ធកុំព្យូទ័ររបស់ក្រុមហ៊ុនវិញ។ ប៉ុន្តែគាត់បានបដិសេធន៍។ ទោះបីជានេះក្តី ២ឆ្នាំក្រោយមក ពោលគឺនៅថ្ងៃទី៣១ខែ កក្កដាឆ្នាំ១៩៨១ ប្រធានធនាគារខាងលើបានប្រកាសទំលាយក្រុមហ៊ុនពីក្រុមហ៊ុនឯកជនទៅជាក្រុមហ៊ុនសាធារណទិញលក់ទំនិញ ដែលមានឈ្មោះថា Phibro Corporation។
នេះបានធ្វើឲ្យBloomberg មិនពេញចិត្ត និងត្រូវបានបណ្តេញចេញពីក្រុមហ៊ុននេះជាមួយទឹកប្រាក់១០លានដុល្លារជាថ្នូរនឹងការចាកចេញរបស់លោក។ បង្កើតក្រុមហ៊ុន Bloomberg L.P. នៅក្នុងឆ្នាំ១៩៨១ លោក Bloomberg បានសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយសម្រាប់ការផ្តល់ព័ត៌មានហិរញ្ញវត្ថុតាមប្រព័ន្ធកុំព្យូទ័រ (Financial Information Computer) ដោយត្រូវបានគិតគូរទៅលើសុវត្ថិភាព និងភាពសម្ងាត់នៃព័ត៌មានបំផុត។ លោកបានដាក់ចិត្តដាក់កាយជាមួយក្រុមហ៊ុនរបស់លោកដោយប្រើដើមទុន ៤លានដុល្លារប៉ុណ្ណោះ សម្រាប់បើកអាជីវកម្មដំបូងនេះ ក្នុងការអភិវឌ្ឍប្រព័ន្ធកុំព្យូទ័រដែលអាចផ្តល់ព័ត៌មានដល់អតិថិជនពីទីផ្សារសញ្ញាប័ណ្ណ(Bond Markets)។
ពីមួយថ្ងៃទៅមួយថ្ងៃ ទីតាំងក្រុមហ៊ុនស្ថិតនៅក្នុងបន្ទប់អាគារជួលតូចមួយបានរីកធំធាត់ជាបន្តបន្ទាប់ ហើយមួយឆ្នាំក្រោយមក ពោលគឺនៅក្នុងឆ្នាំ១៩៨២ ធនាគារ Merrill Lynch របស់អាមេរិកបានទិញភាគហ៊ុនមួយចំនួននៅក្រុមហ៊ុនលោក Bloomberg និងវិនិយោគទឹកប្រាក់បន្ថែមចំនួន ៣០លានដុល្លារ។ ក្រុមហ៊ុនរបស់លោកបានបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយនៅក្នុងឆ្នាំ ១៩៨៦ ក្រុមហ៊ុនរបស់លោកបានប្តូរឈ្មោះទៅជាក្រុមហ៊ុន Bloomberg L.P. ដែលមានការិយាល័យចំនួន១០០ទីតាំងនៅជុំវិញពិភពលោកដែលមានគេហទំព័រសារព័ត៌មានល្បីល្បាញBloomberg.com ស្រាប់ សម្រាប់ផ្តល់ព័ត៌មានទូទៅដែលផ្តោតសំខាន់លើផ្នែកហិរញ្ញវត្ថុ និង សេដ្ឋកិច្ច ទន្ទឹមនឹងមានបុគ្គលិកបម្រើការងារចំនួនជិត ២ម៉ឺននាក់។
ជាប់ជាអភិបាលក្រុងញីវយ៉ក (New York) ចំនួន ៣ អាណត្តិ ភាពជាអ្នកជំនួញ មិនបានធ្វើឲ្យលោក Bloomberg ស្កប់ស្កល់នោះឡើយ ពោលគឺនៅក្នុងឆ្នាំ២០០២ លោកបានប្រឡូកចូលក្នុងឆាកនយោបាយអាមេរិក រហូតបានជាប់ឈ្មោះជាអភិបាលក្រុង New York មកពីគណបក្សសាធារណរដ្ឋ។ គោលនយោបាយយ៉ាងមានប្រសិទ្ធភាពរបស់លោក Bloomberg សម្រាប់ការអភិវឌ្ឍ សុវត្ថិភាព និង សន្តិសុខនៅក្នុងទីក្រុងធំបំផុតរបស់ខ្លួនមួយនេះ បានធ្វើឲ្យមហាសេដ្ឋីរូបនេះបានជាប់ឆ្នោតជាថ្មីនៅក្នុងអាណត្តិទី២ក្នុងឆ្នាំ២០០៥ ។ មកដល់ឆ្នាំ២០០៨ ខណៈដែលអាមេរិកកំពុងជួបវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ លោកនៅតែរក្សាតំណែងរបស់លោកដដែល រហូតដល់ជាប់ឆ្នោតសាជាថ្មីក្នុងអាណត្តិទី៣មុនពេលលោកបញ្ចប់អាណត្តិរបស់លោកកាលពីឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ។ ក្នុងវ័យ ៧៥ឆ្នាំ និងមានប្រាក់ ៥៣,៤ ពាន់លានដុល្លារក្នុងដៃ (គេប៉ាន់ស្មាននៅត្រឹមខែកក្កដា ឆ្នាំ២០១៧) នៅពេលបច្ចុប្បន្ន លោក Bloomberg បានចូលរួមក្នុងកម្មវិធីនានាដូចជាបានធ្វើបទសម្ភាសន៍ឲ្យ ទស្សនាវដ្ដី Forbes ដ៏ល្បីរបស់អាមេរិកជុំវិញមុខជំនួញយ៉ាងជោគជ័យរបស់លោក។ គិតត្រឹមខែឆ្នាំ២០១៧ នេះ លោកបានក្លាយជាមហាសេដ្ឋីមានជាងគេបំផុតលំដាប់ទី ៦ នៅសហរដ្ឋអាមេរិក និងទី៩នៅទូទាំងពិភពលោក៕
ប្រភព៖ www.biography.com