វិស័យអាទិភាពទាំង ៥ ដែលកត្តាលីកររុញច្រានសេដ្ឋកិច្ចហ្វីលីពីនឲ្យរីកចម្រើនជាងគេក្នុងតំបន់​



ហ្វីលីពីនគ្រោងធ្វើឲ្យប្រទេសខ្លួនមានសេដ្ឋកិច្ចរីកលូតលាស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រទេសនេះកំពុងសម្លឹងមើលការអភិវឌ្ឍលើវិស័យឧស្សាហកម្មមួយចំនួនខណៈដែលវិស័យកសិកម្មរបស់ខ្លួនកំពុងធ្លាក់ចុះគួរឲ្យតក់សម្គាល់។ 

វិស័យដែលជួយឲ្យហ្វីលីពីនរីកចម្រើន និងត្រូវបានគេសង្កត់ធ្ងន់នោះមានដូចជា៖ ឧស្សាហកម្មផលិតកម្ម ដំណើរការអាជីវកម្មដែលផ្តល់ការងារដល់មនុស្ស ការងារសំណង់ ការដឹកជញ្ជូន-ភស្តុភារកម្ម ព័ត៌មាននិងទំនាក់ទំនង។ ដើម្បីឲ្យវិស័យទាំងនេះដំណើរការទៅបានល្អ ជួយឲ្យប្រទេសខ្លួនអាចសម្រេចនូវអ្វីដែលខ្លួនចង់បាន វាទាមទារឲ្យមានការចូលរួមពីរដ្ឋាភិបាលនិងវិស័យឯកជនលើចំនុចដូចខាងក្រោមនេះ៖

១) ឧស្សាហកម្មផលិតកម្ម៖ ដើម្បីផ្តួចផ្តើមជួយដល់ឧស្សាហកម្មផលិតកម្ម  រដ្ឋាភិបាលគួរបង្ហាញតំបន់ឧស្សាហកម្ម ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនដែលអាចទទួលបានផលប្រយោជន៍ពីការរួមបញ្ចូលគ្នានៃគោលនយោបាយរបស់រដ្ឋាភិបាល ដែលគាំទ្រដំណើរការការវិនិយោគលើឧស្សាហកម្មផលិតកម្មរបស់ក្រុមហ៊ុន។ ហ្វីលីពីនក៏គួរចាប់ផ្តើមជំនាញផលិតកម្មដែលមានតម្លៃខ្ពស់ផងដែរ។

២) ដំណើរការអាជីវកម្ម (Business Process Outsourcing)៖ បន្ទាប់ពីឥណ្ឌានិងចិន ហ្វីលីពីនជាប្រទេសចំណាត់ថ្នាក់លេខបីនៃប្រទេសដែលមាននិស្សិតបញ្ចប់ការសិក្សាច្រើនប្រចាំឆ្នាំ។ តម្លៃពលកម្មនៅប្រទេសហ្វីលីពីនទាបជាងបណ្តាប្រទេសដែលជាគោលដៅវិនិយោគធំៗដទៃទៀត។  

៣) ស្ថាបត្យកម្មសំណង់៖ សំណង់ផ្លូវថ្នល់ កំពង់ផែ និងផ្លូវសាធារណៈផ្សេងទៀតអាចជួយបង្កើនការងារដល់ប្រជាជនក្នុងតំបន់ និងក្នុងប្រទេស បង្កើនផលិតភាពការងារ និងជួយពន្លឿនសកម្មភាពសេដ្ឋកិច្ចដូចជាការសម្រួលចរាចរណ៍ជាដើម។ ការប្រឹងប្រែងស្តារឡើងវិញបន្ទាប់ពីការបំផ្លិចបំផ្លាញនៃព្យុះទីហ្វុងហៃយ៉ាន និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់គួរតែចូលរួមក្នុងអត្រាកំណើន ៥.២% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០៣៣ ។

៤) ការដឹកជញ្ជូន និងភស្តុភារកម្ម៖ ដោយសារតែភាពទន់ខ្សោយនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានធ្វើឲ្យមានការរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិអស់រយៈពេលជាច្រើនឆ្នាំ។ រដ្ឋាភិបាលរបស់លោកអាគីណូ Aquino បានដាក់ចេញយុទ្ធសាស្រ្ត ៤ ចំនុចសំខាន់ៗដើម្បីដោះស្រាយបញ្ហាលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកំពុងតែមាន ហើយវាក៏នៅតែបន្តប្រើយុទ្ធសាស្ត្រទាំងនោះដើម្បីអភិវឌ្ឍបន្ថែមទៀត។ សន្មត់ថារដ្ឋាភិបាលទទួលបានជោគជ័យក្នុងអនុវត្តយុទ្ធសាស្រ្តទាំងអស់នេះ ហើយក៏មានការព្យាករណ៍ថាវិស័យនេះនឹងមានកំណើន ៤.៩% ចាប់ពីពេលនេះដល់ឆ្នាំ ២០៣៣។

៥) ព័ត៌មាន និងទំនាក់ទំនង៖ ការទទួលបានព័ត៌មានគ្រប់គ្រាន់ ហើយជាព័ត៌មានដែលប្រកបទៅដោយគុណភាពខ្ពស់គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ។ ការជំរុញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការទទួលបានលទ្ធភាពនៃប្រព័ន្ធរលកធាតុអាកាសបានជំរុញហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឲ្យប្រសើរឡើង ហើយវាក៏ជួយបង្កើនសេវាកម្ម BPO ផងដែរ។ វិស័យនេះត្រូវបានគេរំពឹងថានឹងមានការកើនឡើងប្រមាណ ៥.១% ចន្លោះពីពេលនេះដល់ឆ្នាំ ២០៣៣។

មួយវិញទៀត ការដែលបន្ធូរបន្ថយការដាក់កម្រិតលើការវិនិយោគពីបរទេស អាចជួយដល់ការជំរុញបង្កើន FDI ក្នុងប្រទេសដែលជាកត្តានាំឲ្យសេដ្ឋកិច្ចមានការប្រកួតប្រជែងនិងមានកំណើនល្អប្រសើរ នេះបើតាមការលើកឡើងរបស់ Chaly Mah នាយកប្រតិបត្តិនៃ Deloitte Asia Pacific។ លើសពីនេះ រដ្ឋាភិបាលគួរពិនិត្យមើលភាពជាដៃគូរវាង រដ្ឋនិងឯកជនដើម្បីជួយបង្កើនចំណាយវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ថយឧបសគ្គនិងអនុវត្តគោលនយោបាយនានាដែលលើកកម្ពស់កំណើនសេដ្ឋកិច្ចបញ្ចូលគ្នា។

របាយការណ៍ Competitiveness: Catching the next wave: The Philippines  របស់ស្ថាប័នហិរញ្ញវត្ថុ  Deloitte Touche Tohmatsu Limited (Deloitte Global) បានព្យាករណ៍ថា ហ្វីលីពីននឹងមានការរីកចម្រើនឆាប់រហ័សជាងគេក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ក្នុងរយៈពេល ២ ទសវត្សរ៍ ដោយ GDP នឹងកើនដល់ ៤.៨% (ពីឆ្នាំ ២០១៤ ដល់ ២០៣៣)។ ធៀបជាមួយប្រទេសដែលធ្លាប់មានកំណើនសេដ្ឋកិច្ចយឺតយ៉ាវក្នុងតំបន់ ហ្វីលីពីនពិតជាប្រទេសមួយអស្ចារ្យដោយសារហ្វីលីពីនពោរពេញទៅដោយឱកាស ប្រសិនបើរដ្ឋាភិបាលមានលទ្ធភាព និងសមត្ថភាពក្តោបក្តាប់វា ដើម្បីជំរុញកំណើននិងក្លាយជាប្រទេសមួយដែលមានការប្រកួតប្រជែងខ្លាំងបំផុតនៅក្នុងតំបន់៕

ដោយ៖ យ៉ាយ៉ា

 

X
5s