ក្រុមហ៊ុនលំដាប់ពិភពលោក​មួយ​គ្រោង​វិនិយោគ​​ឡសម្ងួត​ស្រូវ​បំពាក់​បច្ចេកវិទ្យា​ឈាន​មុខគេ​នៅ​កម្ពុជា​



ក្រុមហ៊ុន​លំដាប់​ពិភពលោក​ Buhler ដែល​មាន​ការរិយាល័យ​កណ្ដាល​នៅ​ទីក្រុង​ហ្សូរិច នៃ​ប្រទេស​ស្វីស​គ្រោង​វិនិយោគ​សាងសង់​ឡសម្ងួត​ស្រូវ (សៃឡូ) ចំនួន​១០​ទីតាំង​ក្នុង​ខេត្ត​គោលដៅ​ចំនួន​១០ ដែល​អាច​ស្តុក​ទិន្នផល​ស្រូវ​ប្រមាណ ១លានតោន និង​អាច​សម្ងួត​ស្រូវ ១៣ពាន់តោន ក្នុង​មួយថ្ងៃ សម្រាប់​កែច្នៃ​ជា​ផលិតផល​ចំណីអាហារ ដើម្បី​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ក្រសួង​ពាណិជ្ជកម្ម។

នៅក្នុង​ជំនួប​ជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម កាល​ពី​រសៀល​ថ្ងៃ​ទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក David Wang ប្រធានក្រុមហ៊ុន Buhler Group Asia បាន​ថ្លែង​អំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្តល់​ការគាំទ្រ​ចំពោះ​គម្រោងវិនិយោគ​ ឡសម្ងួត (សៃឡូ) ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ឈានមុខ​គេ​នៅ​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​ស្រូវ​អង្ករ និង​ធ្វើ​ពិពិធកម្មការ​នាំចេញ​ផលិតផល​សម្រេច ទៅ​កាន់​ទីផ្សារ​សាកល ប្រកប​ដោយ​និរន្តរភាព។

ជាការ​ឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បាន​សម្តែង​ក្តីសោមនស្ស និង​សាទរ​ចំពោះ​គម្រោងវិនិយោគ​របស់​ក្រុមហ៊ុន Buhler ព្រម​ទាំង​បង្ហាញ​ជំនឿ​មុតមាំ​ថា នៅ​ពេល​ការ​សាងសង់​បញ្ចប់ គម្រោង​នេះ​មិនត្រឹមតែ​ជួយ​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទប់ស្កាត់​ការហូរចេញ​ស្រូវ​ទៅកាន់​ប្រទេស​ជិតខាង ជួយ​លើក​កម្ពស់​ជីវភាព​ប្រជា​កសិករ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។ លើសពីនេះ ឡសម្ងួតទាំងអស់ ក៏​នឹង​ផ្តល់​គុណប្រយោជន៍​ធំធេង​ដល់​ការអភិវឌ្ឍវិស័យ​កសិ-ពាណិជ្ជកម្ម​ជាតិ ដែល​នឹង​រួម​ចំណែក​លើក​ស្ទួយ​កិត្តិនាម​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ផងដែរ៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s