ម៉ាឡេស៊ីកំពុងតែស្ថិតក្នុងក្រសែភ្នែករបស់ Apple ក្នុងការផ្លាស់ប្ដូរទ្រនំថ្មី
យោងតាមសារព័ត៌មាន Nikkei Asian Review បានឲ្យដឹងថាក្នុងចំណោមប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រទេសម៉ាឡេស៊ីក៍ជាប្រទេសមួយដែលកំពុងតែស្ថិតក្នុងក្រសែភ្នែករបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិក Apple ដែលក្រុមហ៊ុនផលិតបច្ចេកវិទ្យាមួយនេះចង់យកប្រទេសម៉ាឡេស៊ីនេះធ្វើជាទ្រនំថ្មីជំនួសទ្រនំចាស់នៅចិនក្នុងពេលខាងមុខ។
ប្រភពរូប៖ Wikipedia
បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងនោះដែលក្រុមហ៊ុន Apple យកដាក់លើបញ្ជីបម្រុងរួមមានប្រទេសវៀតណាមនិងប្រទេសឥណ្ឌូនេស៊ី ហើយក៍មានបណ្ដាប្រទេសផ្សេងទៀតក្រៅពីតំបន់អាស៊ីអាគ្នេយ៍នេះដូចជាប្រទេសឥណ្ឌានិងម៉ិកស៊ិចកូជាដើមផងដែរ។ ប៉ុន្តែក្នុងចំណោមប្រទេសទាំងនេះគឺប្រទេសឥណ្ឌានិងប្រទេសវៀតណាមជាប្រទេសដែលក្រុមហ៊ុន Apple មានការពេញចិត្តជាងគេក្នុងការរើទីជម្រករោងចក្រផលិតរបស់ខ្លួនពីចិនមកកាន់ទីនោះខណៈដែលទីក្រុងវ៉ាស៊ីនតោនកំពុងតែឈរលើសមរភូមិសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។
ជម្លោះសង្គ្រាមពាណិជ្ជកម្មនេះបានធ្វើឲ្យក្រុមហ៊ុនអេឡិចត្រូនិកអាមេរិកមួយនេះដែលមានរោងចក្រផលិតធំក្នុងប្រទេសចិនសម្រេចចិត្តស្វះស្វែងរកទ្រនំថ្មីក្នុងបណ្ដាប្រទេសមួយចំនួនដែលមានតម្លៃពលកម្មទាប។ កាលពីដើមឆ្នាំនេះក្រុមហ៊ុនអាមេរិកមួយនេះបានបង្កើតក្រុមការងារចំណាយដើមទុន (capital expense studies team) ដែលមានមនុស្ស ៣០ នាក់ជាងដែលមានតួនាទីក្នុងការសិក្សានិងពិភាក្សាជាមួយនឹងគម្រោងផលិតផលិតផលរបស់ក្រុមហ៊ុន Apple ជាមួយអ្នកលក់រាយរបស់ក្រុមហ៊ុននេះហើយនិងរដ្ឋាភិបាលលើប្រធានបទការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដើម្បីរកយុទ្ធសាស្ត្រក្នុងការទាក់ទាញនិងរក្សាអតិថិជនឲ្យបានកាន់តែច្រើនជាងមុន។
យោងតាមសារព័ត៌មាន Nikkei នេះបានឲ្យដឹងផងដែរថាក្រុមហ៊ុនតម្លើងបច្ចេកវិទ្យារបស់ក្រុមហ៊ុន Apple មានដូចជាក្រុមហ៊ុន Foxconn ក្រុមហ៊ុន Pegatron ក្រុមហ៊ុន Winstron ក្រុមហ៊ុន Quanta Computer ក្រុមហ៊ុន Compal Electronics ក្រុមហ៊ុន Quanta Computer ក្រុមហ៊ុន Luxshare-ICT និងក្រុមហ៊ុន Goertek បានត្រូវគេធ្វើការសាកសួរពីអារម្មណ៍របស់ពួកគេពេលដែលមានទីតាំងនៅក្រៅប្រទេសចិន។
បើសិនជាក្រុមហ៊ុនអាមេរិកសម្រេចចិត្តផ្លាស់ទីតាំងតម្លើងបច្ចេកវិទ្យារបស់ខ្លួនទៅប្រទេសក្រៅពីចិនគឺគេនឹងត្រូវចំណាយពេលជាង ១៨ ខែក្នុងការបើកឲ្យមានដំណើរការធម្មតាប្រក្រតីមកវិញ។ ប្រទេសចិនក៍ជាទីផ្សារដ៍ធំរបស់ក្រុមហ៊ុនយក្សអាមេរិកមួយនេះផងដែរក្រៅពីផ្ដល់ទីកន្លែងតម្លើងផលិតផលក្រុមហ៊ុនមួយនេះ។ កាលពីខែមីនា ក្រុមហ៊ុនមួយនេះបានរកចំណូលក្នុងប្រទេសចិនបានជាង ១៨ ភាគរយនៃចំនួនសរុបប្រចាំត្រីមាសនេះ។
រីឯប្រទេសម៉ាឡេស៊ីបានសង្ឃឹមថាសង្គ្រាមពាណិជ្ជកម្មនឹងផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រទេសរបស់ខ្លួនដែលអាចទាក់ទាញការវិនិយោគបរទេសជាច្រើនឲ្យវេចបង្វិចរត់ចូលមកក្នុងទឹកដីរបស់ខ្លួនព្រោះប្រទេសមួយនេះផ្ដល់ទីតាំងដ៍ល្អដល់អាជីវកម្មបរទេសជាមួយនឹងតម្លៃពលកម្មទាបផងដែរ៕
ដោយ៖ នឿន វណ្ណៈ