Apple និងក្រុមហ៊ុនអាមេរិកផ្សេងៗកំពុងធ្វើការប្រឆាំងនឹងគម្រោងតម្លើងពន្ធរបស់លោកដូណាលត្រាំ​



ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិក Apple បានចូលដៃជាមួយក្រុមហ៊ុនធំៗជាច្រើនទៀតក្នុងប្រទេសអាមេរិកធ្វើការជំទាស់នឹងគម្រោងរបស់ប្រធានាធិបតីអាមេរិកលោកដូណាលត្រាំដែលមានបំណងចង់តម្លើងពន្ធបន្ថែមទៀតលើផលិតផលនាំចូលរបស់ចិន។

ប្រភពរូប៖ Time Magazine

អាមេរិកបានប្រកាសថាខ្លួននឹងបន្ថែមការដាក់ពន្ធលើទំនិញនាំចូលរបស់ចិនដែលមានទឹកប្រាក់សរុបជាង ៣០០ ពាន់លានដុល្លារបើសិនជាភាគីទាំងពីរមិនអាចរកដំណោះស្រាយល្អក្នុងកិច្ចចរចាក្នុងសង្គ្រាមពាណិជ្ជកម្មខាងមុខនេះ។ ប៉ុន្តែការប្រកាសនេះបានធ្វើឲ្យក្រុមហ៊ុនអាមេរិកមួយចំនួនមានការព្រួយបារម្ភដោយសង្កេតមើលស្ថានការណ៍មិនស្រួលក្នុងពេលខាងមុខ។ ដូចនេះហើយបានជាក្នុងលិខិតមួយច្បាប់របស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សអាមេរិក Apple ដែលផ្ញើរទៅលោក Robert Lighthizer ដែលជាអ្នកតំណាងពាណិជ្ជកម្មរបស់អាមេរិកដោយបានស្នើរសុំឲ្យរដ្ឋាភិបាលអាមេរិកបោះបង់គម្រោងតម្លើងពន្ធនោះចោល។

ក្រុមហ៊ុន Apple បានបកស្រាយថាការតម្លើងពន្ធនេះបន្ថែមលើផលិតផលចិននឹងធ្វើឲ្យក្រុមហ៊ុនដៃគូប្រកួតប្រជែងចិនទទួលបានសារប្រយោជន៍ច្រើនជាងការខូចខាត​។ ការតម្លើងពន្ធនេះនឹងប៉ះពាល់ដល់ផលិតផលរបស់ក្រុមហ៊ុន Apple មួយនេះរួមមាន iPhone iPads និង Airpods ។ ក្រុមហ៊ុនApple បាននិយាយថាការដាក់ពន្ធនេះនឹងបង្កផលអវិជ្ជមានដល់ភាពប្រកួតប្រជែងរបស់ខ្លួនហើយបានបន្តទៀតថាក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមានដូចជាក្រុមហ៊ុន Huawei ជាដើមគឺមិនមានទីផ្សារធំក្នុងប្រទេសអាមេរិកទេ។ ហេតុនេះហើយក្រុមហ៊ុនស្មាតហ្វូនចិនទាំងនោះនឹងមិនទទួលរងសម្ពាធនៃការតម្លើងពន្ធនេះដូចក្រុមហ៊ុន Apple និងក្រុមហ៊ុនអេឡិចត្រូនិចអាមេរិកផ្សេងៗឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ដោយសារតែសម្ពាធនៃការតម្លើងពន្ធនេះហើយបានជាក្រុមហ៊ុន Apple កំពុងតែត្រៀមខ្លួនចាកចោលទ្រនំចាស់ក្នុងប្រទេសចិនហើយស្វែងរកទ្រនំថ្មីក្នុងបណ្ដាប្រទេសផ្សេងៗ។

ក្រៅពីក្រុមហ៊ុន Apple គឺមានក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Dell ក្រុមហ៊ុន Intel ក្រុមហ៊ុន HP និងក្រុមហ៊ុន Microsoft បានរួមដៃគ្នាប្រឆាំងនឹងគម្រោងតម្លើងពន្ធអាមេរិកព្រោះក្រុមហ៊ុនទាំងនេះសុទ្ធតែយល់ឃើញថាបើសិនជាការតម្លើងពន្ធនេះដាក់ជាធរមាននោះផលិតផលរបស់ក្រុមហ៊ុនទាំងនេះនឹងមានតម្លៃកើនឡើងយ៉ាងតិច ១៩ ភាគរយដែលជាកត្តាដែលអាចធ្វើឲ្យក្រុមហ៊ុនទាំងនេះអាចបាត់បង់អតិថិជននិងមានការប្រកួតប្រជែងខ្សោយជាងក្រុមហ៊ុនចិនមួយចំនួន៕

ដោយ៖ នឿន វណ្ណៈ

X
5s