បះសក់! ក្រុមហ៊ុនអាមេរិកជាង៦០០ក្រុមហ៊ុនកំពុងគាំទ្រលោកត្រាំក្នុងការតម្លើងពន្ធបន្ថែមលើផលិតផលចិន​



តាមរយៈសារព័ត៌មាន Daily Caller បានឲ្យដឹងថាមានក្រុមហ៊ុនអាមេរិកជាង ៦០០ ក្រុមហ៊ុនបានចុះហត្ថលេខាយល់ព្រម និងគាំទ្រគម្រោងរបស់លោក ដូណាលត្រាំ ក្នុងការតម្លើងពន្ធបន្ថែមលើផលិតផលនិងទំនិញចិនបន្ថែមទៀតក្នុងពេលខាងមុខ។ ក្រុមហ៊ុនទាំងនេះយល់ឃើញពីឱកាសដ៍ល្អដែលពួកគេអាចទទួលបានបន្ទាប់ពីឥទ្ធិពលពន្ធនោះដាក់លើផលិតផលចិនព្រោះថាវានឹងផ្ដល់ឱកាសការងារជាច្រើនដល់ប្រជាជនអាមេរិកព្រមទាំងជួយកាត់បន្ថយការចំណាយក្នុងអាជីវកម្មរបស់ពួកគេ។

លិខិតជាមួយនឹងហត្ថលេខារបស់ក្រុមហ៊ុនទាំងនោះត្រូវបានបញ្ជូនទៅទីស្នាក់ការតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (United States Trade Representative) ដែលការដាក់ពន្ធនេះនឹងដាក់លើផលិតផលចិនដែលមានតម្លៃជាទឹកប្រាក់សរុបជាង ៣០០ ពាន់លានដុល្លារ។ លោក Jeff Ferry ដែលជាប្រធានសេដ្ឋវិទូនៃសម្ព័ន្ធដើម្បីភាពរីកចម្រើនអាមេរិក (Coalition for a Prosperous America) បាននិយាយថាលិខិតទាំងនេះគឺធ្វើឡើងដើម្បីរុញច្រានចោលនូវលិខិតរបស់ក្រុមហ៊ុនធំមួយចំនួនកាលពីសប្ដាហ៍មុនដែលស្នើរសុំរដ្ឋាភិបាលអាមេរិកអោយបញ្ឈប់ការដាក់ពន្ធលើទំនិញចិនព្រោះឥទ្ធិពលពន្ធនោះកំពុងតែធ្វើទុក្ខបុកម្នេញក្រុមហ៊ុនទាំងនោះ។

បើសិនជាអាមេរិកសម្រេចចិត្តដាក់ពន្ធបន្ថែមទៀតលើផលិតផលចិនគឺក្រុមហ៊ុនទាំងនេះដែលប្រឆាំងនឹងគម្រោងលោក ដូណាលត្រាំ នឹងត្រូវរងសម្ពាធទ្វេដងថែមទៀតដោយផលិតផលរបស់ខ្លួននឹងឡើងថ្លៃដែលបណ្ដាលឲ្យការក្រកួតប្រជែងរបស់ខ្លួនធ្លាក់ចុះចាញ់ក្រុមហ៊ុនដៃគូប្រកួតប្រជែង។ ក្រុមហ៊ុនទាំងនោះគឺសុទ្ធតែមានក្រុមហ៊ុនដែលផលិតផ្នែកផលិតផលរបស់ខ្លួនក្នុងប្រទេសចិនដែលមានក្រុមហ៊ុនដូចជា ក្រុមហ៊ុន Apple ក្រុមហ៊ុន Microsoft ក្រុមហ៊ុន Dell ក្រុមហ៊ុន HP  និងក្រុមហ៊ុន Intel ជាដើម។

លិខិតទាំងអស់នេះសុទ្ធតែបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិកលោកដូណលត្រាំបានប្រកាស់ថាលោកនឹងតម្លើងពន្ធបន្ថែមលើផលិតផលចិនបើសិនជាលោកប្រធានាធិបតីចិន ស៊ីជីនពិង មិនព្រមទៅចូលរួមក្នុងព្រឹត្តិការណ៍កិច្ចប្រជុំធំ G-20 ចុងខែមិថុនានេះ។ ប៉ុន្តែដោយសារតែមានការគំរាមកំហែងនេះហើយទើបលោក Xi សម្រេចចិត្តណាត់ជួបលោក Trump លើកិច្ចចរចារក្នុងសង្គ្រាមពាណិជ្ជកម្មខាងមុខនេះដើម្បីរកកិច្ចព្រមព្រៀងនិងនិងដំណោះស្រាយល្អប្រសើរជាងមុនលើជម្លោះសង្គ្រាមពាណិជ្ជកម្មនេះរវាងប្រទេសទាំងពីរ៕

ដោយ៖ នឿន វណ្ណៈ

X
5s