នាយិកា​ឆ្នើម​ក្ដាប់​ក្រុមហ៊ុន​៤​ក្នុង​ដៃ​បង្ហើប​យុទ្ធសាស្ត្រ​៥​ចំណុច​ក្នុង​ការ​គ្រប់គ្រង​បុគ្គលិក​



ធនធាន​សំខាន់​ក្នុង​ការ​ជំរុញឲ្យ​ក្រុមហ៊ុន​រីក​ចម្រើន​ទៅ​មុខ​បាន​គឺ បុគ្គលិក​ល្អ ប៉ុន្តែ​ដូច​ដែល​បាន​ដឹង​ហើយ​ វា​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ឡើយ​ក្នុង​ការ​ធ្វើ​ការងារ​ឬ​គ្រប់គ្រង​មនុស្ស​ជា​ច្រើន​និង​គ្រប់ប្រភេទ​បែប​នេះ។ យ៉ាង​ណា​មិញ លោកស្រី គង់ សូរីតា សហគ្រិន​ស្ត្រី​ឆ្នើម​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​តែ​គ្រប់គ្រង​ក្រុមហ៊ុន​រហូត​ដល់​៤​នៅ​ក្នុង​ដៃ​ បាន​ចែក​រំលែក​នូវ​យុទ្ធសាស្ត្រ​៥​ចំណុច​ក្នុង​ការ​គ្រប់គ្រង​បុគ្គលិក​ប្រកប​ដោយ​ប្រសិទ្វភាពនិងប្រសិទ្ធផល។

យុទ្ធសាស្ត្រ​ទី​១​៖ លោក​ស្រី​រីតា ​ប្រាប់ថា ភាគ​ច្រើន​នៅ​ពេល​ដែល​ក្រុមហ៊ុន​ជ្រើសរើស​បុគ្គលិក​គឺ​លោក​ស្រី​ជា​អ្នក​ជ្រើស​ដោយ​ខ្លួន​ឯង​ផ្ទាល់​។ អ្នក​ស្រី​បន្ត​ថា​អ្នក​ស្រី​មិន​ចង់​បាន​បុគ្គលិក​ណា​ដែល​មាន​មហិច្ឆតា​ពេក​ទេ ព្រោះ​ជា​ទូទៅ​យើង​ដឹង​ថា​អ្នក​ណា​ក៏​មាន​មហិច្ឆតា​ដែរ​ប៉ុន្តែ​បើ​មាន​មហិច្ឆតា​ខ្លាំង​ពេក​ប្រហែល​ជា​ពួកគាត់​នៅ​ជា​មួយ​យើង​មិន​បាន​យូរ​នោះ​ទេ ព្រោះ​ពួកគាត់​តែង​តែ​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​រហូត ដូច្នេះ​សម្រាប់​លោកស្រី​គឺ​ចង់​បាន​បុគ្គលិក​ដែល​ចង់​អភិវឌ្ឍន៍​ខ្លួនឯង​ប៉ុន្តែ​មិនមែន​ជា​មនុស្ស​ដែល​មាន​មហិច្ឆតា​ខ្លាំង​ពេក​ទេ។

ចំណុច​សំខាន់​ទី២៖ ​ការ​បែងចែក​តួនាទី​ការងារ​ឲ្យ​បាន​ច្បាស់លាស់​៖ ជា​ទូទៅ​ការ​ផ្ដល់​ការ​ងារ​ដល់​អ្នក​ដែល​នៅ​ក្រោម​ឱវាទ​របស់​យើង​ បើ​យើង​មិន​ផ្តល់​ឲ្យ​ពួកគាត់​បាន​ច្បាស់​លាស់​ដល់​បុគ្គលិក​នោះ​ទេ ពួកគាត់​ពិត​ជា​ពិបាក​នៅ​ក្នុង​ការ​ធ្វើ​ការ​ហើយ​លទ្ធផល​ដែល​ទទួល​បាន​ក៏​អាច​នឹង​មាន​កម្រិត​ផងដែរ​ ព្រោះ​ពេល​ខ្លះ​គាត់​មិន​ដឹង​ថា​យើង​ចង់​បាន​អ្វី ដូច្នេះ​សម្រាប់​លោក​ស្រី​ផ្ទាល់​ ការ​បែងចែក​តួនាទី​នេះ​គឺ​សំខាន់​ខ្លាំង​ណាស់។

ចំណុច​សំខាន់​ទី៣​៖ ត្រូវ​រក​នរណា​ម្នាក់​ដែល​យើង​ទុកចិត្ត​ឲ្យ​ជួយ​មើល​ការងារ​បន្ត​ពី​យើង៖ គាត់​មិនមែន​ជា​មនុស្ស​មួយ​ដែល​ដូច​យើង​១០០%​នោះ​ទេ ប៉ុន្តែ​គាត់​គឺ​ជា​មនុស្ស​ម្នាក់​ដែល​ឈ្លាសវៃ​អាច​ធ្វើ​ការ​ជា​មួយ​យើង​បាន និង​អាច​មើល​ការ​ខុស​ត្រូវ​ជំនួស​យើង​បាន​ នោះ​ទើប​ធ្វើ​ឲ្យ​ការ​ងារ​របស់​យើង​ដើរ​លឿន​ទៅ​ដោយ​រលូន​បាន។

ចំណុច​សំខាន់​ទី៤​ គឺការបណ្ដុះ​បណ្ដាល​បុគ្គលិក៖ នាយិកា​រូប​នេះ​លើក​ឡើង​ថា អាជីវកម្ម​មួយ​អាច​រីក​ចម្រើន​ទៅ​បាន​គឺ​លុះត្រា​តែ​Team របស់​យើង​រីកចម្រើន ឬ​ប្រកប​ដោយ​វិជ្ជាជីវៈ ដូច្នេះ​យើង​ត្រូវ​តែ​បង្រៀន​ពួកគាត់​នឹង​បង្ហាត់​បង្ហាញ​ដល់​ពួកគាត់​ ឬ​ក៏​ឲ្យ​ពួកគាត់​ចូល​រួម​ជា​មួយ​សិក្ខាសាលា​ផ្សេងៗ​ផង ហើយ​អ្វី​ដែល​សំខាន់​គឺ​បុគ្គលិក​ខ្លួន​ឯង​ផ្ទាល់​ត្រូវ​បង្ហាញ​ពី​ភាព​វិជ្ជាជីវៈ​ទៅ​លើ​ការងារ​របស់​ខ្លួន។

ចំណុច​ទី​៥​៖ យើង​ជា​ម្ចាស់​អាជីវកម្ម​ត្រូវ​តែ​ជា​អ្នក​ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​នឹង​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក៖ ពេល​ខ្លះ​បុគ្គលិក​ពួកគាត់​ត្រូវ​ការ​អ្នក​ដែល​ចេះ​លើក​ទឹក​ចិត្ត​ និង​ជួយផ្ដល់​ជា​យោបល់​ដល់​គាត់​បាន​ ដូច្នេះ​ប្រសិន​បើ​យើង​ជា​ម្ចាស់​ក្រុមហ៊ុន​អង្គុយ​ចាំ​តែ​បន្ទោស​ពួកគាត់​ក៏​មិន​កើត​ដែរ ដូច្នេះ​យើង​អាច​ផ្ដល់​ជា​ដំបូន្មាន​ល្អៗ​ដល់​ពួកគាត់​ដើម្បី​ផ្ដល់​ជា​ឱកាស​ដល់​ពួកគាត់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង៕

ដោយ៖ ជួប ស្រីរ័ត្ន

X
5s