អ្នក​ជំនាញ​បង្ហាញ​​ពី​គន្លឹះ​ចរចា​​ដែល​អ្នក​គួរ​រៀនសូត្រ​ពី​​​​​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិកនិង​ចិន​



នៅ​ក្នុង​បរិបទ​នយោបាយ​សាកលលោក សង្គ្រាម​ពាណិជ្ជកម្ម​ចិននិង​អាមេរិក​បាន​បង្ក​ក្តី​បារម្ភ​ជា​ច្រើន​ដល់​​សេដ្ឋកិច្ច​​សាកល។ ក្តី​បារម្ភ​​ដោយសារតែ​បណ្តា​មេដឹកនាំ​របស់​ប្រទេស​ទាំងពីរ​​នៅ​តែ​បន្ត​កសាង​ភាពមិនចុះសម្រុងជាមួយ​គ្នា​កាន់តែខ្លាំង​ឡើងៗ​ និង​បាន​ដាក់​គំនាប​ទៅ​ភាគី​ម្ខាងៗ​ដើម្បី​ទាញ​ផលប្រយោជន៍​​ពី​គ្នា​ទៅ​វិញ​ទៅមក​ មិន​ព្រម​បញ្ចប់​សង្គ្រាម​នេះ​ត្រឹមហ្នឹង​ឡើយ​ បើ​ទោះបី​ជា​មាន​ការ​ចរចា​ច្រើន​លើក​ច្រើន​សារ​​ពី​ភាគី​តំណាង​របស់​មហាអំណាច​ទាំងពីរ​នៅ​ពេល​កន្លង​មក​​រួច​មក​ហើយ​ក្តី​។

ការ​បរាជ័យ​ក្នុង​ការ​ចរចា​នេះ​បាន​ធ្វើ​ឲ្យ​លោក​សាស្ត្រាចារ្យ Maurice Schweitzer មក​ពី​សាកលវិទ្យាល័យ Pennsylvania សហរដ្ឋអាមេរិក​ ចូលខ្លួន​មក​​ផ្តល់​គោលគំនិត​ដ៏​មាន​តម្លៃ​មួយ​​ទាញ​ចេញ​ពី​សង្គ្រាម​ពាណិជ្ជកម្ម​នេះ ​ស្តី​ពី​ "យុទ្ធសាស្ត្រ​នៅ​ក្នុង​ការ​ចរចា​ឲ្យ​មាន​ប្រសិទ្ធភាព"។ ទោះបី​ជា​អ្នក​​ជា​អ្នក​ជំនួញ​ក្តី ធ្វើ​ការ​ឲ្យ​គេ​ក្តី ឬ​មក​ពី​ស្ថាប័ន​ណា​ក៏ដោយ Bizkhmerសង្ឃឹម​ថា គន្លឹះ​ចរចា​របស់​លោក​ Maurice Schweitzer នឹង​រួម​ចំណែក​ផ្តល់​ជា​ទុន​មួយ​យ៉ាង​សំខាន់​សម្រាប់​អ្នក​យក​ទៅ​អនុវត្ត​គ្រប់​ស្ថានភាព។ ​​​​

១.នៅ​ក្នុង​ការ​ចរចា​ មិនមែន​​គិតតែ​ពី​ការ​ឈ្នះ​មួយ​មុខ​ទេ
លោក Trump ធ្លាប់​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា គោលដៅ​របស់​លោកក្នុង​ការ​ធ្វើ​សង្គ្រាម​​​ពាណិជ្ជកម្ម​​ប្រឆាំង​នឹង​​ចិនគឺ​ការ​នាំ​ “ជ័យជំនះ​​” ​មក​វិញ​ឲ្យ​អាមេរិក។ យ៉ាងណាមិញ លោក​សាស្ត្រាចារ្យ  Schweitzer បាន​និយាយ​ថា គោលដៅ​នៃ​ការ​ចរចា​ដ៏​ល្អ​​មួយ អ្នក​មិន​​គួរ​គិតគូរ​ច្រើន​ពេក​លើ​ការ​​​យក​​ឈ្នះ​​ ឬ​គិត​តែ​​ពី​ការ​យក​ប្រៀប​​​លើ​ភាគី​ម្ខាង​ទៀត​​ក្នុង​រយៈពេល​ខ្លី​​នោះ​ទេ ហើយ​គួរ​ផ្ដោត​​លើ​​ការ​ស្វែងយល់​ពី​​វត្ថុ​បំណង​នៃ​ការ​ចរចា​សម្រាប់​រយៈពេល​វែង​ឲ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​។

លោក​បាន​បញ្ជាក់​ដូច្នេះ​​ថា៖​ «ភាគី​ទាំង​ពីរ​គួរ​តែ​មាន​អារម្មណ៍​ល្អ​ ឬ​មាន​ភាព​កក់ក្តៅ​ពី​លទ្ធផល​​នៃ​ការ​ចរចា​នោះ​។ ការ​ធ្វើ​​ឲ្យ​​​ភាគី​ម្ខាង​មាន​ប្រៀប​ជាង​​លើ​ភាគី​ម្ខាងទៀត​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​លទ្ធផល​ដែល​អ្នក​ចង់​បាន​​នោះ​ទេ។ អ្នក​ចរចា​ដ៏​ពូកែ​បំផុត​ម្នាក់​មិន​ដែល​និយាយ​ពី​ការ​យក​ឈ្នះ​​នៅ​​ពេល​ចរចា​នោះ​ទេ។ គោលដៅ​នៃ​ការ​ចរចា​ដូចនេះ​ គឺ​ត្រូវ​គិត​​បែប​យុទ្ធសាស្ត្រ​អំពី​គោលបំណង​មួយ​សម្រាប់​ផលប្រយោជន៍​នៅ​ក្នុង​រយៈពេល​វែង​»

បញ្ហា​ប្រឈម៖ អ្នក​ចរចា​ដែល​ផ្ដោត​​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​​ឈ្នះ​លើ​​ភាគី​ម្ខាងទៀត ​ គឺ​កំពុង​​ធ្វើ​ឲ្យ​ការ​ចរចា​នោះ​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់​ ជាប់​គាំង ឬ​មិន​អាច​ឈាន​​ទៅ​ដល់​កិច្ច​ព្រមព្រៀង​មួយ​​បាន​ទេ​។ នេះ​អាច​នាំ​ឲ្យ​ភាគី​មួយ  ឬ​​ភាគី​ទាំងពីរ​បោះបង់​ចោល​កិច្ចព្រមព្រៀង​នោះ​។ លើស​ពី​នេះ​​ទៅ​ទៀត ប្រសិនបើ​ អ្នក​ចរចា​​របស់​ភាគី​មួយ​ចង់​​យក​ប្រៀប​លើ​ភាគី​ផ្សេង​ទៀត​ ​ភាគី​ម្ខាង​នោះ​នឹង​ចាប់​ផ្តើម​ការពារ​ខ្លួន ហើយ​ជ្រើសរើស​​ការ​ដើរ​ចេញ​មក​ជំនួស​វិញ។

លោក​​សាស្ត្រាចារ្យ Schweitzer ​បន្ត​ថា ការ​ចរចា​​ដូច​ជា​ជម្លោះ​នៅ​ក្នុង​ពាណិជ្ជកម្ម​នេះ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​ណាស់​  ​និង​ពិបាក​ដោះស្រាយ​ ហើយ​វា​ទាមទារ​ឲ្យ​មាន​ការ​រៀបចំ​ត្រៀម​ខ្លួន​ទុកជាមុន​ និង​​ផ្ដោត​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់​​បំផុត។  ​ការ​រៀបចំ​ត្រៀម​ខ្លួន​ជាមុន​បាន​ត្រឹមត្រូវ​ ជា​ធម្មតា​​កើត​ចេញ​ពី​ក្រុមការងារ​ដែល​មាន​បទពិសោធន៍​​ចាស់​វង្សា​ពោល​គឺ​ក្រុម​ការងារ​ដែល​បាន​ចំណាយពេល​យ៉ាង​ច្រើន​ក្នុង​ការ​ស្រាវជ្រាវ​លើ​​សេណារីយោ​​ផ្សេងៗ​គ្នា។ ​​

ទោះ​យ៉ាងណា​ក៏ដោយ​ លោក​​សាស្ត្រាចារ្យ Schweitzer យល់​ថា ក្រុម​ចរចា​របស់​លោក​ Trump នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​​ជា​ពិសេស​គឺ​បទពិសោធន៍​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​​រដ្ឋាភិបាល​ចិន​ទទួល​បាន​សារ​ចម្រុះ​ជា​ច្រើន​ពី​​លោក Trump និង​ក្រុម​​ការងារ​របស់​លោក​ដែល​បាន​​ជួយ​បន្ថែម​ល្បោយ​ឲ្យ​ស្ថានការណ៍​កាន់តែ​មាន​ភាព​តានតឹង​ខ្លាំង​ឡើងៗ។

២.ការ​កសាង​ទំនាក់ទំនង​ជា​​​​ដង្ហើម​នៃ​ការ​ធ្វើ​ឲ្យ​​ការ​ចរចា​ទទួល​បាន​ជោគជ័យ
ទោះបី​ជា​អ្នក​ធ្វើការ​​នៅ​ក្នុង​វិស័យ​ណា​ក៏ដោយ អ្នក​នឹង​ត្រូវ​ជួប​​ក្រុម​​ដែល​មាន​​ចំណាប់អារម្មណ៍ ឬ​ជំនាញ​ដូច​អ្នក​​​ម្ដង​ហើយ​ម្ដងទៀត។​ ​ក្រុម​មេធាវី​នឹង​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​ច្បាប់ និង​អ្នក​រកស៊ី​រត់​ការ​ខាង​វិស័យ​ច្បាប់។  អ្នក​នយោបាយ​​មាន​​ទំនោរ​ស្និទ្ធស្នាល​ជាមួយ​អ្នក​នយោបាយ​ដូចគ្នា។ រីឯ​​ក្រុម​កីឡាករ​ល្បីៗ​ក៏​ចូលចិត្ត​ក្រុម​កីឡា​​​​មក​ពី​គ្រប់​ទិសទី​ផង​ដែរ។ 

នៅ​ក្នុង​បរិបទ​នេះ​លោក​សាស្ត្រាចារ្យ Schweitzer ​និយាយ​ថា ផ្អែក​លើ​ហេតុ​ផល​ទាំង​នេះ ​អ្នក​ក៏​មិន​ខុសគ្នា​ពី​ក្រុម​មនុស្ស​ទាំង​នោះ​ដែរ។ អ្នក​នឹង​​ធ្វើ​ការ​ជាមួយ​ក្រុម​មនុស្ស​ទាំង​នោះ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ ឬ​រហូត​ដល់​ទសវត្ស​ទៀត​ក៏​មាន​ដែរ។ ហេតុដូច្នេះ​ហើយ​​នេះ​ ទាមទារ​ឲ្យ​អ្នក​បណ្ដុះ​គ្រាប់ពូជ​ទំនាក់ទំនង​ឡើង។ 

ដោយសារតែ​អ្នក​​នឹង​ជួប​មនុស្ស​​ទាំង​នោះ​ដដែលៗ​ម្តង​ហើយ​ម្តង​ទៀត​​ ហេតុដូច្នេះ ការ​ចរចា ឬ​បង្កើត​កិច្ចព្រមព្រៀង​​​អ្វី​មួយ​វា​កាន់តែ​ងាយស្រួល​ប្រសិនបើ​អ្នក​ចាត់ទុក​ភាគី​ផ្សេងទៀត​ជា​មិត្ត​របស់​អ្នក​។ ត្រង់​នេះ​លោក​សាស្ត្រាចារ្យ Schweitzer បាន​រក​ឃើញ​ថា ជា​ទូទៅ​មនុស្ស​ចូលចិត្ត​ប្រាស្រ័យ​ទំនាក់ទំនង ឬ​ចរចា​ជាមួយ​មនុស្ស​ដែល​ពួកគេ​បាន​ស្គាល់ និង​​មនុស្ស​ដែល​ពួកគេ​ចូលចិត្ត។

ប៉ុន្តែ​លោក​សាស្ត្រាចារ្យ Schweitzer បាន​កាត់​សម្គាល់​ឃើញ​ថា លោក Trump បាន​បង្កើត​សត្រូវ​​កាន់តែច្រើន​ឡើង មិនមែន​មិត្តភាព​ទេ។ លោក​បាន​កសាង​សត្រូវ​នៅ​ក្នុង​ជូរ​បក្សនិង​ក្រៅ​បក្ស​របស់​លោក។  ​យ៉ាងណាមិញ នេះ​មិន​​ទាន់​មាន​​ភាព​ស្មុគស្មាញ​ខ្លាំង​ដូច​ការ​​បង្កើត​សត្រូវ​ប្រឈមមុខ​ជា​មួយ​មហាយក្ស​ចិន​​នៅ​ពេល​បច្ចុប្បន្ន​នេះ​ឡើយ។ 

«វិធី​ដ៏​ល្អ​មួយ​គឺ​ត្រូវ​ផ្ដោត​លើ​ការ​កសាង​ទំនាក់ទំនង​​ ស្វែង​រក​ពី​គោល​បំណង​រួមគ្នា​មួយ និង​​សម្លឹង​មើល​ពី​​​ផលប្រយោជន៍​នៅ​ក្នុង​​រយៈពេល​វែង។ បញ្ហា​​គឺ​ថា នៅ​ពេល​អ្នក​ដុត​​បំផ្លាញ​ទំនាក់ទំនង​របស់​អ្នក អ្នក​នឹង​បន្សល់ទុក​ជម្រើស​ដែល​ត្រូវ​ធ្វើ​​​​បន្ទាប់ដ៏​តិចតួច​បំផុត​​​នៅ​ដំណាក់កាល​ចុងក្រោយ។ បើ​អ្នក​ចង់​ឈ្នះ​លើ​ការ​ចរចា អ្នក​ត្រូវ​កសាង​ស្ពាន​មិត្តភាព​ មិនមែន​ដុត​វា​​ចោល​ទេ»។ លោក​សាស្ត្រាចារ្យ Schweitzer បាន​បញ្ជាក់៕

ប្រភព៖ Businessinsider ​​​

 

 

 

 

X
5s