ឥណ្ឌានឹងវ៉ាដាច់ចិនក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេលើលោកក្នុងឆ្នាំ ២០៥០​



បច្ចុប្បន្នប្រជាជនសរុបរបស់ប្រទេសទាំងពីរប្រទេសឥណ្ឌានិងប្រទេសចិនមានទំហំជាង ៣៧ ភាគរយនៃចំនួនប្រជាជនសរុបលើពិភពលោកដែលលើពិភពលោកសព្វថ្ងៃមានចំនួនប្រជាជនជាង ៧.៧ ពាន់លាននាក់។ ប្រទេសចិនមានចំនួនប្រជាជនសរុបជាង ១.៤ ពាន់លាននាក់រីឯប្រទេសឥណ្ឌាមានចំនួនប្រជាជនជាង ១.៣ ពាន់លាននាក់។

ប៉ុន្តែតាមរយៈរបាយការណ៍របស់ការព្យាករណ៍ចំនួនប្រជាជនពិភពលោក ២០១៩ (World Population Prospects 2019) របស់ UN បានឲ្យដឹងថាក្នុងពេលឆ្នាំ ២០២៧ ខាងមុខប្រទេសឥណ្ឌានឹងវ៉ាដាច់ចំនួនប្រជាជនសរុបរបស់ប្រទេសចិនហើយបន្តរហូតទៅដល់ឆ្នាំ ២០៥០ ទៀតនោះប្រទេសឥណ្ឌានឹងមានចំនួនប្រជាជនច្រើនជាងប្រទេសចិនកាន់តែឆ្ងាយខ្លាំងទៀត។

របាយការណ៍ World Population Prospects ក៍បានបញ្ជាក់ផងដែរថាក្នុងចន្លោះឆ្នាំ ២០១៩ ដល់ ២០៥០ គឺនឹងមានប្រទេសជាង ៥៥ ប្រទេសដែលនឹងមានការធ្លាក់ចុះចំនួនប្រជាជនសរុបជាង ១ ភាគរយដោយសារតែបញ្ហាបង្កកំណើតនិងការធ្វើចំណាកស្រុក។ ហើយក្នុងចំណោមប្រទេសទាំងនេះគឺប្រទេសចិនមានចំនួនប្រជាជនសរុបធ្លាក់ចុះច្រើនជាងគេជាង ៣១.៤ លាននាក់ឬ ២.២ ភាគរយ។ ការធ្លាក់ចុះនៃចំនួនប្រជាជនចិននេះនឹងធ្វើអោយប្រទេសចិនមានចំនួនប្រជាជនតិចជាងប្រទេសឥណ្ឌាជាង ១.១ ពាន់លាននាក់ក្នុងឆ្នាំ ២០៥០ នេះបើតាមការព្យាករណ៍របស់ World Population Prospects ។

ជាពិសេសនោះក្នុងឆ្នាំ ២០៥០ ចំនួនប្រជាជនសរុបលើពិភពលោកនឹងមានជាង ៩.៧ ពាន់លាននាក់ដែលនេះគឺជាសន្ទុះកំណើនប្រជាជនដ៏លឿនគួរឲ្យកោតសម្គាល់ក្នុងរយៈពេលមួយសតវត្សរ៍នេះ។ កាលពីមុន លើពិភពលោកមានចំនួនប្រជាជនសរុបត្រឹមតែ ២.៦ ពាន់លាននាក់បន្ទាប់ពីអង្គការ UN ត្រូវបានស្ថាបនាឡើងបាន ៥ ឆ្នាំក្នុងឆ្នាំ ១៩៥០។

ចំពោះប្រទេសចិន កន្លងមកប្រទេសមួយនេះបានសង្កេតឃើញពីការធ្លាក់ចុះនៃកំណកំណើតប្រជាជនរបស់ខ្លួនហើយបានលុបចោលនូវច្បាប់ដែលតម្រូវឲ្យប្ដីប្រពន្ធមានកូនតែមួយប៉ុណ្ណោះហើយងាកមកជំរុញលើកទឹកចិត្តប្រជាជនខ្លួនឲ្យយកកូនលើសពីពីរ។ ប៉ុន្តែដោយសារតែចំនួនប្រជាជនក្នុងតំបន់ទីក្រុងមានសន្ទុះកើនឡើងដែលធ្វើឲ្យការចំណាយក្នុងការរស់នៅមានការកើនឡើងទើបធ្វើឲ្យការប្រឹងប្រែងរបស់រដ្ឋាភិបាលចិនក្នុងការជំរុញប្រជាជនខ្លួនឲ្យមានកូនច្រើនទទួលបរាជ័យទៅវិញ។

ដូចនេះប្រទេសឥណ្ឌានឹងដណ្ដើមតំណែងពីចិនបានក្នុងការទទួលបានលេខ ១ ដែលមានប្រជាជនច្រើនជាងគេបំផុតក្នុងឆ្នាំ ២០៥០ ហើយប្រទេសនីហ្សេរីយ៉ា (Nigeria) នឹងទម្លាក់ប្រទេសអាមេរិកចេញពីតំណែងលេខ ៣ ដែលនឹងមានចំនួនប្រជាជនជាង ៧៣៣ លាននាក់លើសពីអាមេរិកដែលនឹងមានចំនួនប្រជាជនជាង ៤៣៤ លាននាក់ក្នុងឆ្នាំ ២០៥០ នេះ។ ហើយប្រទេសប៉ាគីស្ថាននឹងបន្តរក្សាតំណែងរបស់ខ្លួនក្នុងតំណែងជាប្រទេសលេខ ៥ បន្ទាប់ពីប្រទេសអាមេរិកដែលមានប្រជាជនច្រើន៕

ដោយ៖ នឿន វណ្ណៈ

X
5s