ក្រុមហ៊ុនអាមេរិកមួយចំនួនកំពុងតែឈឺក្បាលវិលមុខជាមួយនឹងឥទ្ធិពលសង្គ្រាមពាណិជ្ជកម្ម​



សង្គ្រាមពាណិជ្ជកម្មរវាងមហាសេដ្ឋកិច្ចទាំងពីរអាមេរិក-ចិនកំពុងតែជះឥទ្ធិពលយ៉ាងខ្លាំងលើប្រទេសជាច្រើនជុំវិញពិភពលោក។ អាមេរិកបានប្រកាសដាក់គំនាបពន្ធលើសេដ្ឋកិច្ចចិនហើយសាធារណជនជាច្រើនគិតថាចិននឹងរងសម្ពាធយ៉ាងខ្លាំងពីឥទ្ធិពលគំនាបពន្ធនេះ។ ប៉ុន្តែសកម្មភាពនៃឧស្សហកម្មក្នុងប្រទេសអាមេរិកមានការធ្លាក់ចុះដែលនេះបានបង្ហាញយ៉ាងច្បាស់ថាក្រុមហ៊ុនរបស់អាមេរិកជាច្រើនកំពុងតែរងសម្ពាធសង្គ្រាមពាណិជ្ជកម្មមិនចាញ់ប្រទេសចិនប៉ុន្មានទេ។

ប្រភពរូប៖ knowledge.wharton.upenn.edu 

យោងតាម RBC Economic ក្រុមហ៊ុនឧស្សាហកម្មអាមេរិកជាច្រើនកំពុងប្រឈមនឹងការស្វែងរកប្រភពផ្ដល់នូវទំនិញនិងផលិតផលផ្សេងៗក្រៅពីចិនមិនបានដើម្បីគេចផុតពីឥទ្ធិពលពន្ធអាមេរិកដែលបានដាក់លើផលិតផលចិនទាំងឡាយ។ ហើយម្យ៉ាងទៀតពួកគេមិនអាចបញ្ចុះបញ្ចូលក្រុមហ៊ុននាំចូលកំពុងតែទទួលរងសម្ពាធពន្ធអាមេរិកនោះឲ្យបញ្ចុះតម្លៃលើផលិតផលនាំចូលចិនទាំងនោះបានដូចចិត្តពួកគេបានទេ។ ហេតុនេះហើយបានក្រុមហ៊ុនអាមេរិកដែលពឹងផ្អែកលើផលិតផលនាំចូលរបស់ចិនមិនមានជម្រើសល្អផ្សេងឡើយក្រៅពីសម្រេចចិត្តទិញផលិតផលចិនទាំងនោះក្នុងចំនួនតិចជាងមុនឬទិញផលិតផលទាំងនោះក្នុងតម្លៃថ្លៃជាងមុន។

តាមរយៈទន្និន័យបានឲ្យដឹងថាការនាំចូលរបស់អាមេរិកមានការធ្លាក់ចុះជាង ៣ ភាគរយចាប់ពីខែកញ្ញាក្នុងឆ្នាំ ២០១៨ មកទល់ខែកក្កដាឆ្នាំ ២០១៩ ចាប់តាំងពីលោកដូណាលត្រាំ បានសម្រេចចិត្តដាក់គំនាបពន្ធ ១០ ភាគរយលើផលិតផលចិនដែលមានតម្លៃទឹកប្រាក់សរុបជាង ២០០ ពាន់លានដុល្លារ។ ប៉ុន្តែឥទ្ធិពលគំនាបពន្ធនេះមិនទាន់បានធ្វើឲ្យផលិតផលនាំចូលចិនទាំងអស់ឡើងថ្លៃទេ។ ជាក់ស្ដែងមានតែផលិតផលមួយចំនួនដូចជាឧបករណ៍ប្រើប្រាស់មួយចំនួនបានស្ទុះឡើងថ្លៃជាខ្លាំង។

តាមរយៈសម្ដីយ៉ាងជឿជាក់របស់លោក ដូណាលត្រាំ បានបោះសម្ដីថាឥទ្ធិពលគំនាបពន្ធដែលអាមេរិកបានដាក់លើផលិតផលចិនគឺកំពុងតែវាយប្រហារសេដ្ឋកិច្ចចិនខ្លាំងជាងផលប៉ះពាល់នៃឥទ្ធិពលពន្ធនេះលើសេដ្ឋកិច្ចអាមេរិក។ លោក ដូណាលត្រាំ ហ៊ាននិយាយបែបនេះដោយលើកហេតុផលថាចិននាំចេញផលិតផលរបស់ខ្លួនមកអាមេរិកដែលមានទឹកប្រាក់សរុប (៥៦០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨) ច្រើនជាងផលិតផលអាមេរិកដែលនាំចេញទៅចិន (១៨០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៨) ។

ប៉ុន្តែបញ្ហាមួយដែលអាមេរិកកំពុងប្រឈមគឺក្រុមហ៊ុនអាមេរិកជាច្រើនកំពុងពឹងផ្អែកលើផ្នែកផលិតផលចិនដើម្បីយកមកផលិតទំនិញរបស់ខ្លួនហើយក្រុមហ៊ុនទាំងនេះកំពុងពិបាកនឹងរកបានប្រភពដែលអាចផ្ដល់នូវផ្នែកផលិតផលទាំងនោះជំនួសផលិតផលចិន។

មិនត្រឹមតែប៉ុណ្ណោះទេ លោកដូណាលត្រាំក៍ធ្លាប់បានបញ្ចេញសម្ដីថាគំនាបពន្ធនេះលើប្រទេសចិននឹងធ្វើឲ្យក្រុមហ៊ុនឧស្សាហកម្មអាមេរិកដូចជាក្រុមហ៊ុនដែលផលិតដែកជាដើមនឹងមានការកើនឡើង។ ប៉ុន្តែផ្ទុយពីសម្ដីរបស់លោកត្រាំ ផលិតកម្មឧស្សាហកម្មនេះមានការធ្លាក់ចុះជាខ្លាំងតាំងពីគំនាបពន្ធអាមេរិកនេះត្រូវបានដាក់អនុម័តមក។ ហេតុនេះបើតាមការឃើញជាក់ស្ដែងបានឲ្យដឹងថាក្រុមហ៊ុនអាមេរិកមួយចំនួនកំពុងតែទទួលរងសម្ពាធនៃការដាក់គំនាបពន្ធលើផលិតផលចិននេះដែលហានិភ័យនេះអាចនឹងធ្វើទុក្ខបុកម្នេញក្រុមហ៊ុនទាំងនេះឲ្យកាន់តែយ៉ាប់យ៉ឺនទៅមុខបើភាគីទាំងសងខាងមិនអាចរកដំណោះស្រាយក្នុងសង្គ្រាមពាណិជ្ជកម្មនេះបានក្នុងពេលឆាប់ខាងមុខ៕

ដោយ៖ នឿន វណ្ណៈ

X
5s