ដំណឹងល្អ! ក្រសួងគ្រោងចំណាយថវិកាប្រមាណ៤៥លានដុល្លារស្ថាបនាផ្លូវជាតិលេខ២និងលេខ២២
ថ្លែងនៅក្នុងពិធីចុះហត្ថលេខាផ្លូវជាតិលេខ២ និង២២ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ រដ្ឋមន្ត្រីក្រសួងសាធារណៈការនឹងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងគ្រោងនឹងចំណាយថវិកាប្រមាណ ៤៥លានដុល្លារអាមេរិក លើគម្រោងស្ថាបនាផ្លូវជាតិលេខ២ និងលេខ២២ ដែលមានប្រវែងសរុប៧២គីឡូម៉ែត្រ ក្រោមការសហការសាងសង់ជាមួយក្រុមហ៊ុន Hanshin Engineering and Construction Co.,Ltd។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងបន្តថា គម្រោងផ្លូវជាតិលេខ២ នឹងលេខ២២នេះ គ្រោងនឹងបើកការដ្ឋានសាងសង់កំឡុងខែ១១ ឬខែ១២ខាងមុខនេះ ដោយអាចចំណាយរយៈពេលប្រមាណ៣០ខែ ឬស្មើរនឹង ២ឆ្នាំកន្លះ ដូច្នេះឯកឧត្តមសូមការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះ ចំពោះការកកស្ទះ នឹងបញ្ហាហុយដីប៉ះពាល់ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ។
លោករដ្ឋមន្ត្រីថា ផ្លូវនេះចាប់ពីរង្វង់មូលតាខ្មៅ ដល់រង្វង់មូលគួរស្រូវប្រវែងជាង៨គីឡូម៉ែត្រ ដែលក្នុងនោះត្រូវបែងចែកជាពីរទៀតគឺ ទីប្រជុំជនធ្វើ៤គន្លង ទទឹង១៥ម៉ែត្រ នឹង៤គន្លងទៀតទទឹង២០ម៉ែត្រ សម្រាប់តំបន់ក្រៅទីប្រជុំជន។ មួយទៀតពីរង្វង់មូលគួរស្រូវដល់រង្វង់មូលអូរចំបក់ ប្រវែងប្រហែល៥៣គីឡូម៉ែត្រ ទទឹង១៣ម៉ែត្រ ហើយពីរង្វង់មូលអូចំបក់បំបែកចេញពីផ្លូវជាតិលេខ២ទៅកាន់ផ្លូវជាតិលេខ៣ ប្រវែងប្រហែល៩គីឡូម៉ែត្រ៕
អត្ថបទ៖ ជួប ស្រីរ័ត្ន