ដំណឹងល្អ! ខែក្រោយអាចជិះរថភ្លើងពីកម្ពុជាទៅក្រុងបាងកកបានហើយ
តាមការចុះផ្សាយរបស់កាសែត Bangkok Post នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ថាក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ប្រទេសថៃ (SRT) បានប្រកាសថា សេវារថភ្លើងប្រចាំថ្ងៃថ្មីរវាងក្រុងបាងកកនិងស្ថានីយបានក្លងលឹក ក្នុងខេត្តស្រះកែវ (ជាប់ព្រំដែនកម្ពុជា) នឹងបើកដំណើរការនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ។
លោក Worawut Mala ប្រធានស្តីទីក្រុមហ៊ុន SRT បានថ្លែងឱ្យដឹងថា សេវារថភ្លើងនេះ គឺរត់ ៤ជើងក្នុង១ថ្ងៃ (២ទៅ ២មក)។ ក្នុងនោះ៖ -រថភ្លើងដឹកអ្នកដំណើរ១គ្រឿងលេខ២៧៥ នឹងចេញដំណើរពីក្រុងបាងកក នៅម៉ោង ៥:៥៥នាទីព្រឹក ហើយមកដល់ស្ថានីយបានក្លងលឹក នៅម៉ោង ១១:១៧នាទីព្រឹក។ -ចំណែករថភ្លើង១គ្រឿងទៀតលេខ២៧៩ នឹងចេញពីក្រុងបាងកកនៅម៉ោង ១:០៥ថ្ងៃត្រង់ ហើយមកដល់ស្ថានីយបានក្លងលឹកនៅម៉ោង ៥:២៧ល្ងាច។
រថភ្លើងលេខ២៨០ នឹងចាកចេញពីស្ថានីយបានក្លងលឹក នៅម៉ោង ៦:៥៨នាទីព្រឹក ហើយទៅដល់ក្រុងបាងកកនៅម៉ោង ១២:០៥នាទី។ -រថភ្លើងលេខ ២៧៦ នឹងចាកចេញពីស្ថានីយបានក្លងលឹក នៅម៉ោង ១:៥៣ថ្ងៃត្រង់ ហើយទៅដល់ បាងកកនៅម៉ោង ៧:៤០នាទីយប់។
លោក Worawut បន្តថា ថៃនិងកម្ពុជា បានចុះកិច្ចព្រមព្រៀងរួចមកហើយក្នុងការភ្ជាប់ប្រតិបត្តិការផ្លូវដែករវាងប្រទេសទាំង២។ លោកបានព្យាករថា សេវារថភ្លើងថ្មីនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវថៃ និងបរទេស ដែលចង់ឆ្លងកាត់ព្រំដែន៕
ប្រភព៖ CPP.Org