អាមេរិកអាចនឹងពន្យារដាក់យកពន្ធគយចិនបន្ថែមទៀតខណៈជំនួបរវាងលោកស៊ីនិងលោកត្រាំខាងមុខ​



សហរដ្ឋអាមេរិកមានឆន្ទៈផ្អាកបណ្តោះអាសន្នចំពោះការដាក់ពន្ធបន្ថែមចំនួន ៣០០ ប៊ីលានដុល្លារលើការនាំចូលទំនិញពីប្រទេសចិន ខណៈពេលដែលទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនដើម្បីបន្តការចរចាពាណិជ្ជកម្ម។ នេះបើតាមការឲ្យដឹងពីសារព័ត៌មាន Bloomberg ចុះផ្សាយនៅថ្ងៃពុធទី ២៦ មិថុនា ២០១៩នេះ។  

ការសម្រេចចិត្តនេះស្ថិតនៅក្នុងការពិចារណានៅឡើយ តែវានឹងត្រូវប្រកាសបន្ទាប់ពីជំនួបរវាងប្រធានាធិបតីមហាអំណាចទាំងពីរ គឺលោកស៊ី និងលោកត្រាំដែលនឹងធ្វើទៅនៅថ្ងៃសៅរ៍ទី ២៨ មិថុនា ២០១៩ ខាងមុខនេះ ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងអូសាកា ប្រទេសជប៉ុន។ របៀបវារៈនៃកិច្ចជំនួបនោះត្រូវបានពិភាក្សាគ្នាតាមទូរស័ព្ទរវាងអ្នកតំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer និងឧបនាយករដ្ឋមន្រ្តីចិន Lui He។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបបាននិយាយកាលពីថ្ងៃអង្គារថា  សហរដ្ឋអាមេរិកនឹងមិនទទួលយកលក្ខខណ្ឌបន្ថែមទៀតលើពន្ធគយដែលជាផ្នែកមួយនៃការចរចាឡើងវិញ ហើយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្មលម្អិតណាមួយត្រូវបានរំពឹងទុកពីកិច្ចប្រជុំកំពូលរបស់មេដឹកនាំនោះដែរ។ រដ្ឋបាលលោកដូណាល់ត្រាំបាននិយាយដែរថា គោលដៅនៃកិច្ចប្រជុំនេះគឺដើម្បីបង្កើតផ្លូវឆ្ពោះទៅមុខ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីបរាជ័យនៃចរចាកាលពីខែមុន។ ទោះបីជាភាគីនីមួយៗនៅតែចង់ទទួលបានសម្បទានសំខាន់ៗពីគ្នាទៅវិញទៅមកក៏ដោយ គេអាចមើលឃើញថាពួកគេនៅតែព្យាយាមស្វែងរកផ្លូវដោះស្រាយមួយ ដែលអាចធ្វើឱ្យទីផ្សារហិរញ្ញវត្ថុមានភាពធូរស្រាលជាងមុនឡើងវិញបន្ទាប់ពីមានជំនួបចរចារវាងភាគីទាំងពីរ។ វាមិនទាន់ច្បាស់នៅឡើយទេថា ពួកគេនឹងបញ្ឈប់នៅពេលណាលើការដាក់ពន្ធសេដ្ឋកិច្ចចំពោះគ្នាទៅវិញទៅមកបែបនេះ។ 

សហរដ្ឋអាមេរិកត្រៀមចំពោះការពន្យារពេលដាក់ពន្ធថ្មីបន្ថែមប្រមាណ ៣០០ ប៊ីលានដុល្លារនេះ ខណៈលោក ដូណាលត្រាំ កំពុងធ្វើឲ្យសេដ្ឋកិច្ចប្រទេសខ្លួនមានសន្ទុះ រួមទាំងទីផ្សារភាគហ៊ុនក៏កំពុងផ្ទុះឡើងស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិថ្មីរបស់ខ្លួន។ ជាមួយគ្នានេះផងដែរគេសង្កេតឃើញថា សេដ្ឋកិច្ចប្រទេសចិនកំពុងមានកំណើនយឺតពេលនេះ ព្រោះការដាក់ពន្ធរបស់អាមេរិកបានលើកទឹកចិត្តក្រុមហ៊ុនបរទេសមួយចំនួន ផ្លាស់ប្តូរទីតាំងរោងចក្រផលិត ឬ ផែនការវិនិយោគចេញពីប្រទេសចិនទៅកាន់ប្រទេសផ្សេងវិញក្នុងគោលបំណងចៀសវាងការទទួលរងហានិភ័យនានា។ 

ចំពោះលទ្ធផលជាក់ស្តែងយ៉ាងណាយើងមានតែចាំមើលទាំងអស់គ្នាថា បន្ទាប់ពីជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសមហាអំណាចទាំងពីរនៅថ្ងៃសៅរិ៍ខាងមុខនេះ សង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកអាចបញ្ចប់ ឬបន្តអូសបន្លាយយ៉ាងណាទៀត៕

ដោយ៖ យ៉ាយ៉ា