រកឃើញក្រុមហ៊ុនដែលមានម៉ាក (Brand) ថ្លៃជាងគេបំផុតក្នុងលោកប្រចាំឆ្នាំ ២០១៩នេះ!
បើទោះបីជាប្រាក់ចំណូលហូរចូលដូចទឹក មានផលិតផលប្រកបដោយគុណភាព និងមានភាពច្នៃប្រឌិតខ្ពស់យ៉ាងណាក៏ដោយ ក៏មិនប្រាកដថា ម៉ាក ឬ ប្រ៊ែន (Brand) ក្រុមហ៊ុនរបស់អ្នកល្បីល្បាញ ព្រមទាំងឲ្យតម្លៃខ្ពស់ពីសាធារណជនត្រឹមរយៈពេលខ្លីនោះដែរ។
ក្រុមហ៊ុនល្បីៗក្នុងលោកភាគច្រើនបានប្រើពេលរាប់ទសវត្សរ៍ទម្រាំទទួលបានចំណាប់អារម្មណ៍ពីអ្នកប្រើប្រាស់ និងទទួលស្គាល់ជាអន្តរជាតិដូចសព្វថ្ងៃនេះ។ ពួកគេបានឆ្លងកាត់ឧបសគ្គជាច្រើនមានដូចជា ការប្រកួតប្រជែង ការឡើងចុះសេដ្ឋកិច្ចពិភពលោក ការផ្លាស់ប្ដូរថ្មីៗ ឬអភិវឌ្ឍកែប្រែឲ្យស្របទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជនជាដើម។ សូមចុចទីនេះដើម្បីមើលព័ត៌មានលម្អិត។
ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យស្គាល់កាន់តែច្បាស់ថា តើក្រុមហ៊ុនណាជាក្រុមហ៊ុនដែលមានម៉ាកល្បីជាងគេបំផុតក្នុងលោកប្រចាំឆ្នាំ ២០១៩នេះ៖
១.ក្រុមហ៊ុន Apple តម្លៃម៉ាក ២០៥,៥ ពាន់លានដុល្លារ
២.ក្រុមហ៊ុន Google តម្លៃម៉ាក ១៦៧,៧ ពាន់លានដុល្លារ
៣.ក្រុមហ៊ុន Microsoft តម្លៃម៉ាក ១២៥,៣ ពាន់លានដុល្លារ
៤.ក្រុមហ៊ុន Amazon តម្លៃម៉ាក ៩៧,០ ពាន់លានដុល្លារ
៥.ក្រុមហ៊ុន Facebook តម្លៃម៉ាក ៨៨,៩ ពាន់លានដុល្លារ
៦.ក្រុមហ៊ុន Coca-Cola តម្លៃម៉ាក ៥៩,២ ពាន់លានដុល្លារ
៧.ក្រុមហ៊ុន Samsung តម្លៃម៉ាក ៥៣,១ ពាន់លានដុល្លារ
៨.ក្រុមហ៊ុន Disney តម្លៃម៉ាក ៥២,២ ពាន់លានដុល្លារ
៩.ក្រុមហ៊ុន Toyota តម្លៃម៉ាក ៤៤,៦ ពាន់លានដុល្លារ
១០.ក្រុមហ៊ុន MacDonald's តម្លៃម៉ាក ៤៣,៨ ពាន់លានដុល្លារ។
ក្រុមហ៊ុនបច្ចេកវិទ្យាបានគ្រងតំណែងជាក្រុមហ៊ុនមានម៉ាកថ្លៃជាងគេបំផុតក្នុងចំណោមក្រុមហ៊ុនមកពីវិស័យនានា
សម្រាប់ឆ្នាំនេះ គេសង្កេតឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យានៅតែឈានមុខគេជាក្រុមហ៊ុនមានតម្លៃម៉ាកថ្លៃជាងគេបំផុតបើធៀបទៅនឹងតម្លៃម៉ាករបស់ក្រុមហ៊ុនមកពីវិស័យផ្សេងៗទៀត។ គ្រាន់តែបញ្ជីឈ្មោះក្រុមហ៊ុនដែលមានតម្លៃម៉ាកថ្លៃជាងគេបំផុតក្នុងលោកទាំង៧ គឺមានរហូតដល់ទៅ ៦ ទៅហើយដែលមកពីក្រុមហ៊ុនបច្ចេកវិទ្យា។
ក្នុងចំណោមក្រុមហ៊ុនដែលមានតម្លៃម៉ាកថ្លៃជាងគេបំផុតទាំង ១០០ គឺមាន ២០ ក្រុមហ៊ុនមកពីក្រុមហ៊ុនបច្ចេកវិទ្យា ហើយបានក្តោបក្តាប់តម្លៃម៉ាកសរុបដល់ទៅ ៤៣% ឬស្មើនឹង ៩៥៧,៦ ពាន់លានដុល្លារ៕
ប្រភព៖ visualcapitalist